ភ្នំពេញៈ កម្ពុជា​រំពឹងថា ថៃ​នឹង​អនុញ្ញាត​ឱ្យ​នាំ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ខ្លួន​ជាធម្មតា​ឡើងវិញ ខណៈ​ប្រទេស​ចិន​ បាន​អនុញ្ញាតឱ្យ​ថៃ​បន្ត​នាំចេញ​ផ្លែ​មៀន​ទៅកាន់​ទីផ្សារ​របស់ខ្លួន​វិញ បន្ទាប់ពី​បាន​ហាមឃាត់​កាលពី​ថ្ងៃទី​ ១៣ ខែសីហា កន្លងមក​។

ប្រទេស​ចិន បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​វេចខ្ចប់​មៀន នៅ​ប្រទេស​ថៃ​ចំនួន​ ៥៦ ធ្វើការ​នាំចេញ​ផ្លែ​មៀន ទៅ​ទីផ្សារ​របស់ខ្លួន​ឡើងវិញ កាលពី​ថ្ងៃទី​ ១៧ ខែសីហា​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Bangkok Post​។

លោកស្រី Mallika Boonmeetrakook ទីប្រឹក្សា​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​ចិន​បានផ្តល់​ភ្លើង​បៃតង​ដល់​ក្រុមហ៊ុន​វេច​ខ្ចប់​មៀន​ថៃ ចំនួន ៥៦ ដែលមាន​កត់ត្រា​នៃ​ការឆ្លង​សត្វល្អិត​កម្រិត​ទាប​។

ក្រុមហ៊ុន​ទាំងនោះ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​វេចខ្ចប់​ចំនួន ៧៥ ដែល​ត្រូវបាន​ហាមឃាត់​កាលពី​ពេលមុន​។ ក្រុមហ៊ុន​ចំនួន ៩ ត្រូវបាន​ហាមឃាត់​ចាប់តាំងពី​ខែមីនា​មក​។

ការហាមឃាត់​ចុងក្រោយ​នេះ​ត្រូវបាន​ដាក់ចេញ​បន្ទាប់ពី​មៀន​ថៃ​ត្រូវបាន​គេ​រកឃើញថា​មាន​ចៃម្សៅ​ (​ក្រាម្សៅ​)​។

បើតាម Bangkok Post ក្រុមហ៊ុន​ដែល​នៅ​សេសសល់​នឹង​អាច​បន្ត​ការនាំចេញ​មៀន​ទៅ​ប្រទេស​ចិន​នាពេល​អនាគត បើ​ពួកគេ​បង្ហាញថា បាន​អនុវត្ត​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការកម្ចាត់​សត្វល្អិត​។

លោក សួន ជុំ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មៀន​ប៉ៃលិន ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​បាន​ទទួលបាន​ព័ត៌មាន​ថា ចិន​បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ថៃ​មួយចំនួន​អាច​នាំ​ចេញទៅ​ចិន​បានជា​ធម្មតា​វិញ​ហើយ ប៉ុន្តែ​លោក​នៅ​មិនទាន់​ទទួលបាន​ការបញ្ជាទិញ​ពី​ក្រុមហ៊ុន​ចិន​នៅក្នុង​ប្រទេស​ថៃ ដែលជា​ដៃគូ​សហការ​នៅឡើយ​ទេ​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​នៅពេល​ចិន​បើក​ឱ្យ​ថៃ​អាច​នាំចេញ​មៀន​ឡើងវិញ​។ បើ​ភាគី​ថៃ​មានការ​យោគយល់​ជាមួយ​កម្ពុជា យើង​នឹងមាន​ដង្ហើម​ដក​ខ្លះ ស្របពេល​ចលនា​ជួយ​ទិញ​មៀន​ពី​អ្នក​ក្នុងស្រុក​អាចជួយ​សម្រាល​បន្ទុក​បាន​ ១ ​ផ្នែក​»​។

លោក​សង្ឃឹមថា ថៃ​ក៏​នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​អាច​នាំ​ចូលទៅ​ថៃ​ឡើងវិញ ព្រោះ​ទីផ្សារ​ក្នុងស្រុក​នឹង​ចាល់​នៅពេល​មៀន​ផ្តល់​ផល​ព្រម​គ្នា​នៅ​ខែវិច្ឆិកា ខាងមុខ ដែល​ប្រមូលផល​ម្តង​មាន​រាប់រយ​តោន​។

លោក​បន្តថា​៖ «​ខ្ញុំ​មានការ​ព្រួយបារម្ភ​ថា ប្រសិនបើ​ថៃ​នៅតែ​បន្ត​ហាមឃាត់​រហូតដល់​ខែវិច្ឆិកា ដែលជា​រដូវ​ប្រមូលផល​ពេញ​នោះ វា​នឹង​ប្រឈម​ទីផ្សារ​ម្តងទៀត​។ ដល់​ពេលនោះ​រដ្ឋាភិបាល​ជួយ​ទិញ​យកទៅ​ញ៉ាំ​ក៏​អត់​អស់​ដែរ ព្រោះ​បេះ​ ១ ​ថ្ងៃ​រាប់រយ​តោន​។ ដូចនេះ​បើ​ថៃ​បើក​ឱ្យ​នាំចេញ​ខ្លះ យើង​ក៏​ធូរស្រាល​បន្ទុក​ខ្លះ​ដែរ​»​។

សមាជិកសមាគម​នេះ​មាន​ដី​ដាំដុះ​មៀន​ប៉ៃលិន ២ ៩០០ ​ហិកតា ដែល​បាន​ដាំ​នៅ​ខេត្ត​ប៉ៃលិន បាត់ដំបង និង​បន្ទាយមានជ័យ ហើយ​ប្រមូលផល​ចាប់ពី​ខែសីហា ដល់​ចុងខែ​ធ្នូ ដោយ​រំពឹងថា ប្រមូល​បាន ៥ ​ម៉ឺន​តោន​ឆ្នាំនេះ​៕ LA