ភ្នំពេញ៖ Smile Shop ដែលជា​ផ្សារ​អនឡាញ​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង ក្រុមហ៊ុន ជីន សា គ្រុប ដែល​ជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​បាន​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ការពង្រីក​អាជីវកម្ម​ក្នុង​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​តាម​អនឡាញ​; និង លើកស្ទួយ​ការលក់​ផលិតផល​កម្ពុជា​នៅលើ​ទីផ្សារ​អន្តរជាតិ​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​ត្រូវ​បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២០ ខែសីហា​នេះ ត្រូវបាន​ចុះហត្ថលេខា​តាម​ប្រព័ន្ធ​អនឡាញ​រវាង​លោក Jack Lee អគ្គនាយក​ក្រុមហ៊ុន Smile Shop App និង​លោក Liu Yang ប្រធាន​ក្រុមហ៊ុន Jin Sha Group​។

លោក Jack Lee អគ្គនាយក​ក្រុមហ៊ុន Smile Shop App បាន​ថ្លែងថា ដើមទុន​នេះ​នឹង​ជួយ​ជំរុញ​ការពង្រីក​ក្រុមហ៊ុន​ឱ្យក្លាយ​ជា Platform ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដ៏ទំនើប​មួយ​។

លោក​បាន​ថ្លែងថា​៖ «​យើង​នឹង​វិនិយោគ​បន្ថែម​ទៅលើ​វិស័យ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ខ្សែសង្វាក់​ផ្គត់ផ្គង់​ទំនិញ ការដឹកជញ្ជូន និង​ការគាំទ្រ​ផលិតផល​ក្នុងស្រុក​របស់​ខ្មែរ ដើម្បី​លក់​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស និង​សេវាកម្ម​បម្រើ​អតិថិជន ដើម្បី​ប្រែក្លាយ Smile Shop ទៅជា Platform មួយ​ដែល​ផ្តោត​សំខាន់​លើ​តម្រូវការ​របស់​អតិថិជន​។

លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​៖ « យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បានទទួល​សា្វគមន៍ ក្រុមហ៊ុន ជីន សា គ្រុប ដែល​ជឿជាក់​លើ​ចក្ខុវិស័យ​របស់​យើង ហើយ​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​ការវិវត្ត​មួយ​នេះ​»​។

លោក Liu Yang ប្រធាន​ក្រុមហ៊ុន ជិន សា គ្រុប បាន​មានប្រសាសន៍​ថា​ “Smile Shop បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង នៅក្នុង​អំឡុងពេល​ដែល​មាន​ជំងឺ​រាតត្បាត ហើយ​ក្រុមហ៊ុន​មើលឃើញ​នូវ​សក្តានុពល​ដ៏អស្ចារ្យ​នៅក្នុង​វិស័យ​អាជីវកម្ម​អនឡាញ​មួយ​នេះ​។

លោក Liu Yang បាន​ថ្លែងថា​៖ «​ការចែករំលែក​បន្ទុក​ជាមួយ​ប្រទេសជាតិ និង​ការខិតខំ​ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាជន ​”​គឺជា​បេសកកម្ម​របស់​ក្រុមហ៊ុន ជិន សា គ្រុប​។ យើង​មាន​គោលដៅ​វិនិយោគ​ជា​ចម្បង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ការអប់រំ​វិជ្ជាជីវៈ ការថែទាំ​សុខភាព ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី បច្ចេកវិទ្យា​កសិកម្ម​។ ល​។​»

យោងតាម​របាយការណ៍ Google-Temasek ឆ្នាំ ២០២០ បាន​បង្ហាញថា ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​អាស៊ីអាគ្នេយ៍​បាន​កើនឡើង​ដល់ ៦២ ពាន់​លាន កំណើន ៦៣% ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៩ ហើយ​មាន​ការប៉ាន់​ស្មាន​ថា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​អាស៊ីអាគ្នេយ៍​នឹង​កើនឡើង​ដល់ ១៧២ ពាន់​លាន នៅ​ឆ្នាំ ២០២៥ ខាងមុខនេះ​។

ទំហំ​នៃ​ការដោះដូរ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​អនឡាញ​របស់​ប្រទេស​កម្ពុជា ត្រូវបាន​គេ​គិតថា​នឹង​ឈានដល់ ២៥១ ​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២១ ហើយ​គេ​រំពឹងថា​នឹងមាន​កំណើន ៨.៩៤% ទៀត​ចន្លោះ​ឆ្នាំ ២០២១ - ២០២៥ ដែល​នឹង​មានន័យថា​ទំហំ​នៃ​ការដោះដូរ​នេះ​នឹង​កើនឡើង​រហូត​ដល់​ទឹកប្រាក់ ៣៥៤ ​លាន​ដុល្លារ នៅ​ឆ្នាំ ២០២៥ ខាងមុខ​៕