ភ្នំពេញៈ MCLS Synergy Co., Ltd. (THADA) ​ដែលជា​ក្រុមហ៊ុន​សំខាន់​មួយ​ក្នុង​ឧស្សាហកម្ម​យានយន្ត​អគ្គិសនី (EV) កំពុង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ដោយ​សហការ​ជាមួយ Datasonic Corporation Sdn. Bhd ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​សាធារណៈ​នៅ​ប្រទេស​ម៉ាឡេស៊ី​។

អនុលោម​តាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ដែល​បាន​ចុះហត្ថលេខា​រវាង​ភាគី​ទាំងពីរ គឺ​ក្រុមហ៊ុន THADA នឹង​ផ្ទេរ​ចំណេះដឹង​ផ្ដល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ផ្គត់ផ្គង់​គ្រឿងបន្លាស់​ម៉ូតូ​អគ្គិសនី​ព្រមទាំង​ឧបករណ៍​អេឡិចត្រូនិក​ដល់​ក្រុមហ៊ុន Datasonic ​ខណៈ​ក្រុមហ៊ុន​ Datasonic ​នឹង​ផ្តល់​បទពិសោធន៍​ដំឡើង​ទីផ្សារ និង​លក់​ម៉ូតូ​អគ្គិសនី​នៅក្នុង​ប្រទេស​កម្ពុជា​។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន THADA ​លោក Syaiful Hazreen Hasan Nodin ​បានឱ្យដឹង​ក្នុងអំឡុងពេល​ចុះហត្ថលេខា​តាម​អនឡាញ​កាលពី​ថ្ងៃទី ១៨ ខែសីហា​ថា ក្រុមហ៊ុន​លោក រួមជាមួយ​ក្រុមហ៊ុន Datasonic ​បានកំណត់​ទិសដៅ​ក្នុង​ការផលិត​ម៉ូតូ​អគ្គិសនី​ចំនួន ៥០០ ​គ្រឿង​ត្រឹម​ឆ្នាំ​ ២០២២​។

លោក​និយាយថា​៖ «​ក្រៅពី​ការផលិត​ម៉ូតូ​អគ្គិសនី យើង​ក៏​គ្រោង​នឹង​បង្កើត​ស្ថានីយ​សាក​ថ្ម និង​អាគុយ​អេឡិចត្រូនិក​ឱ្យបាន​គ្រប់គ្រាន់​នៅ​ទូទាំងប្រទេស​ម៉ាឡេស៊ី ដើម្បី​ដោះស្រាយ​បញ្ហា​កង្វល់​ជាច្រើន​របស់​អតិថិជន​។ ការណ៍​នេះ​នឹង​ជំរុញ​ឱ្យ​ប្រជាជន​ប្រើប្រាស់​បច្ចេកវិទ្យា​បៃតង​នៃ​ម៉ូតូ​អគ្គិសនី និង​ជួយសង្គ្រោះ​ប្រទេស​ពី​ការបំពុល​បរិស្ថាន ដោយ​មិន​មានការ​បំភាយឧស្ម័ន​ណាមួយ​នោះទេ​»​។

នៅក្នុង​ឱកាស​នោះ លោក Syaiful Hazreen Hasan Nodin ​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Datasonic សម្រាប់​ការជ្រើសរើស​យក​ក្រុមហ៊ុន THADA ជា​ដៃគូ​ដ៏​គួរឱ្យ​ទុកចិត្ត​របស់​ពួកគេ​នៅក្នុង​ទីផ្សារ​ថ្មី​នេះ​។

លោក Mr. B.C. Chuah នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Datasonic បានឱ្យដឹងថា ពួកគេ​ពិតជា​រីករាយ​ចំពោះ​ការពង្រីក​អាជីវកម្ម និង​វិនិយោគ​លើ​អាជីវកម្ម EV តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន THADA ដែលជា​ក្រុមហ៊ុន​បង្កើតឡើង និង​មានបទពិសោធន៍​នៅ​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ទន្ទឹងរង់ចាំ​ ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ម៉ូតូ​អគ្គិសនី​នៅ​ប្រទេស​ម៉ាឡេស៊ី ដែលជា​ប្រទេសមួយ​មិនទាន់​ទទួលយក​បច្ចេកវិទ្យា EV ទូលំទូលាយ​នៅឡើយ​»​។

តាម​ផែនការ ក្រុមហ៊ុន Datasonic នឹង​បង្កើត​រោងចក្រ​ដំឡើង​នៅ​ទីក្រុង Klang រដ្ឋ Selangor ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​កំណើន​នៃ​ម៉ូតូ​អគ្គិសនី នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។

គំនិត​ផ្តួចផ្ដើម​នេះ​នឹង​បម្រើ​ជា​ការជំរុញ​ប្រកបដោយ​ភាពវិជ្ជមាន​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​ការអភិវឌ្ឍ​ទេពកោសល្យ ឱកាស​ការងារ និង​ការផ្ទេរ​បច្ចេកវិទ្យា​។

របាយការណ៍​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ​ ២០១៩ នៅ​កម្ពុជា​មាន​យានយន្ត​ចុះបញ្ជី​ជាង ៥ លាន​គ្រឿង ដោយ​ក្នុងនោះ ៨៥ ​ភាគរយ​គឺជា​ម៉ូតូ ហើយ​ក្នុងចំណោម​នោះ​ម៉ូតូ​អគ្គិសនី​មាន​ចំនួន​តិចជាង ០,១ ភាគរយ​។ កាលពី​ឆ្នាំ​ ២០២០ យានយន្ត​ថ្មី​ចំនួន ៦៤០ ១៨៣ គ្រឿង​បាន​ចុះបញ្ជី​ក្នុងចំណោម​នោះ​ម៉ូតូ​មាន​ចំនួន ៥៣១ ២៦៩ គ្រឿង​៕