ភ្នំពេញៈ ABA Bank ដែលជា​ធនាគារ​ចុះបញ្ជី​នៅលើ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) បាន​រាយការណ៍​ពី​កំណើន​ប្រតិបត្តិការ​រឹងមាំ​របស់ខ្លួន​ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំនេះ ទោះបី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ កំពុង​បន្ត​ការរំខាន​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក៏ដោយ​។

បើ​យោងតាម​របាយការណ៍​របស់​ធនាគារ ABA ដែល​ផ្ញើឱ្យ CSX កាលពី​ថ្ងៃទី​ ១៨ ខែសីហា សម្រាប់​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១ នេះ ធនាគារ​វឌ្ឍនៈ​អាស៊ី ចំកាត់​ (ABA) ទទួលបាន​ចំណូល​ពី​ការប្រាក់​សរុប ៤៤៣ ៩៣៨ ​លាន​រៀល កើនឡើង ២៩ ​ភាគរយ និង​ប្រាក់ចំណេញ​ចំនួន ១៩៥ ២៤៨ ​លាន​រៀល កើនឡើង ៤២ ​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០​។

ប្រាក់ចំណេញ​សុទ្ធ​របស់​ធនាគារ​នេះ​បន្ត​កើនឡើង​ជាប្រចាំ ដែល​កត់ត្រា​ប្រាក់ចំណូល​សរុប​ចំនួន ៩៣ ​លាន​ដុល្លារ​ចាប់​តាំងពីដើម​ឆ្នាំនេះ​។

លោក Yves Jacquot ប្រធាន​ធនាគារ ABA បានឱ្យដឹង​ក្នុង​របាយការណ៍​ថា នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១ ស្ថានការណ៍​រីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ដោយសារ​ព្រឹត្តិការណ៍ «​សហគមន៍ ២០ ​កុម្ភៈ​» បណ្ដាលឱ្យមាន​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ករណី​ឆ្លង​រីករាលដាល​។

លោក​ថ្លែងថា​៖ «​ព្រឹត្តិការណ៍​នេះ​បណ្ដាលឱ្យមាន​ការបិទខ្ទប់​តំបន់​នានា​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ក្នុង​រយៈពេល ៣ ​សប្ដាហ៍ ដែល​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​អាជីវកម្ម​។ កតា្ត​ទាំងនេះ​បាន​បន្ត​បង្ក​ផលប៉ះពាល់​ដល់​អាជីវកម្ម​ក្នុងស្រុក ជាពិសេស​វិស័យ​បដិសណ្ឋារកិច្ច ទេសចរណ៍ កាត់ដេរ និង​សំណង់​»​។

យោងតាម​លោក Jacquot គិត​ត្រឹម​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១ កម្ចី​ដែល​បានរៀបចំ​ឡើងវិញ​មាន​ចំនួន ១៣ ៨០៦ ស្មើនឹង​ទឹកប្រាក់​ចំនួន ៧០៤ ​លានដុល្លារ​។ ចំណែក​កម្ចី​ដែល​រៀបចំ​ឡើងវិញ​ក្នុង​ផលបត្រ​កម្ចី​សរុប​មាន ១៦ ​ភាគរយ​។ ទន្ទឹមនឹង​នេះដែរ​កម្ចី​ដែល​រៀបចំ​ឡើងវិញ គឺជា​កម្ចី​ដែលមាន​គុណភាព​ខ្ពស់ ដោយសារ ៧៥ ​ភាគរយ​ក្នុងចំណោម​នោះ​បាន​ស្នើសុំ​រយៈពេល​អនុគ្រោះ​សម្រាប់​ការបង់ប្រាក់​ដើម និង​បន្ត​បង់​តែ​ការប្រាក់​។

លោក​លើកឡើងថា​៖ «ABA នឹង​បន្ត​ជួយ​ដល់​អតិថិជន​កម្ចី​របស់​ខ្លួន នៅក្នុង​ការជម្នះ​ពេលវេលា​ដ៏លំបាក​នេះ​តាមរយៈ​គោលនយោបាយ​រៀបចំ​កម្ចី​ឡើងវិញ​។ បន្ថែម​លើ​ការរៀបចំ​កម្ចី​ឡើងវិញ ធនាគារ​ក៏បាន​បន្ត​ផ្ដល់​កម្ចី​ថ្មីៗ​ដល់​អតិថិជន​របស់​ខ្លួន ដោយសារ​ការទទួល​បាន​ដើមទុន​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ និង​អាជីវកម្ម​នានា មិន​ត្រឹមតែ​នៅក្នុងពេល​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នៅក្នុង​គ្រា​មាន​វិបត្តិ​ផងដែរ​»​។

លោក​បន្ថែមថា​៖ «​ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១ កម្ចី​មាន​ចំនួន ៧ ៨២៨ គិត​ជា​ទឹកប្រាក់​ចំនួន ២៧១,២ ​លាន​ដុល្លារ ត្រូវបាន​ផ្តល់ជូន​អតិថិជន​។ កម្ចី​នេះ​បាន​បង្កើន​ផលបត្រ​កម្ចី​ដុល​របស់​ធនាគារ​ប្រមាណ ៦ ​ភាគរយ គិត​ជា​ទឹកប្រាក់​សរុប​ចំនួន ៤,៥ ​ពាន់​លាន​ដុល្លារ​។

ធនាគារ ABA បន្ត​ចូលរួម​ក្នុង​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​ឆ្នាំ​ ២០២០ (SCFS) ដែលជា​គំនិត​ផ្តួចផ្ដើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​គោលបំណង​ផ្ដល់​កម្ចី​ដែលមាន​អត្រា​ការប្រាក់​សមរម្យ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​។

នៅក្រោម​គម្រោង​នេះ ABA បានផ្ដល់​កម្ចី​ជា​ទឹកប្រាក់​ចំនួន ២,៣ ​លាន​ដុល្លារ​សម្រាប់​ចំណាយ​ដើមទុន និង​ទុន​បង្វិល​ដែលមាន​អត្រា​ការប្រាក់​ពិសេស ៧ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ និង​មាន​រយៈពេល​រហូតដល់ ៧ ​ឆ្នាំ​។

ABA គឺជា​ធនាគារពាណិជ្ជ​ដំបូង​គេ​ដែល​ចេញ​សញ្ញាបណ្ណ​សាជីវកម្ម​ក្នុងតម្លៃ ៨៤,៨ ​ពាន់​លាន​រៀល ធនាគារ ABA ក៏បាន​ដើរតួនាទី​ក្នុង​ការអភិវឌ្ឍ​ផ្សារមូលបត្រ និង​លើកកម្ពស់​ប្រាក់រៀល​ផងដែរ​៕ LA