ភ្នំពេញ៖ ក្រសួង​កសិកម្ម​បាន​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ពិនិត្យ​លទ្ធភាព​លើ​ការ​វិនិយោគ​ក្នុង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ ឬ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ សម្រាប់​ការ​កែច្នៃ​នាំចេញ​ផ្លែ​មៀន​ទៅ​ទីផ្សារ​អន្តរជាតិ ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ធ្វើ​សំណើ​សុំ​ចរចា​បើក​ទីផ្សារ​ជាមួយ​សមត្ថកិច្ច​ភូតគាម​អនាម័យ​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន។

លិខិត​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើ​ឡើង​ក្នុង​ថ្ងៃទី ២០ ខែ​សីហា បាន​លើក​ឡើង​ថា ផ្លែ​មៀន​ប៉ៃលិន ជា​ប្រភេទ​ទំនិញ​ជាប់​កម្រិត​កំណត់ ឬ​ជាប់​របាំង​ភូតគាម​អនាម័យ ដែល​តម្រូវ​ឱ្យ​សមត្ថកិច្ច​ភូតគាម​អនាម័យ​កម្ពុជា ធ្វើ​សំណើ​សុំ​ចរចា​បើក​ទីផ្សារ​ជាមួយ​សមត្ថកិច្ច​ភូតគាម​អនាម័យ​នៃ​ប្រទេស​នាំចូល​ជា​មុន តាមរយៈ​ការ​ស្នើសុំ​វាយ​តម្លៃ​ហានិភ័យ​សមាស​ភាព​ចង្រៃ​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ផ្លែមៀន។

ក្នុង​បរិការណ៍​នេះ ការ​ត្រៀម​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ពាក់ព័ន្ធ​នឹង​ការ​លាង​សម្អាត រម្ងាប់​សមាស​ភាព​ចង្រៃ និង​ការ​វេចខ្ចប់ ដើម្បី​ធានា​អនុលោម​ភាព​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ដែល​បាន​ឯកភាព​គ្នា គឺ​ជា​ការងារ​បច្ចេកទេស​ដ៏​សំខាន់​មួយ​សម្រាប់​កំណត់​នូវ​ភាព​ជោគជ័យ​ទាំង​ក្នុង​ដំណាក់​កាល​ចរចា ដែល​រួម​មាន​ផង​ដែរ​នូវ​ការ​ចុះ​មក​ពិនិត្យ និង​វាយ​តម្លៃ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ដំណាក់កាល​នៃ​ការ​នាំចេញ​ជាក់​ស្តែង។

លិខិត​បាន​បញ្ជាក់​ថា៖ «ក្នុង​ន័យ​នេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ សូម​ធ្វើ​ការ​អំពាវនាវ​ចំពោះ​អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី វិស័យ​ឯកជន សហគមន៍​កសិកម្ម និង​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ចូលរួម​ជាមួយ​ក្រសួង​ក្នុង​ការ​ជំរុញ​ការ​នាំចេញ​ផលិតផល​ផ្លែមៀន​ស្រស់​ទៅ​កាន់​ទីផ្សារ​បរទេស ដោយ​ពិនិត្យ​លទ្ធភាព​ធ្វើ​ការ​វិនិយោគ​ក្នុង​ការ​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ ឬ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​ឱ្យ​បាន​ទាន់​ពេលវេលា និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ស្រូប​យក​ផលិតផល​មក​ធ្វើ​ការ​កែច្នៃ​នាំចេញ​ឱ្យ​បាន​ជា​អតិបរមា​ភ្លាមៗ​នៅ​ក្រោយ​ពេល​មាន​ការ​ឯកភាព​ជាមួយ​ប្រទេស​នាំចូល​លើ​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ»។

យោង​តាម​ក្រសួង​កសិកម្ម បច្ចុប្បន្ន​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​និង​កំពុង​សហការ​ស្នើសុំ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​ប្រទេស​ចិន និង​ប្រទេស​ថៃ ដើម្បី​ពន្លឿន​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការ​ចរចា ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំចេញ​ផ្លែ​មៀន​ទៅ​កាន់​ប្រទេស​ទាំង ២។

កាល​ពី​ចុង​សប្តាហ៍​មុន កសិករ​ដាំ​មៀន​ប៉ៃលិន (តាង៉ែន) និង​ឈ្មួញ​នាំចេញ​ទៅ​ប្រទេស​ថៃ បាន​ជួប​នឹង​បញ្ហា​ទីផ្សារ​យ៉ាង​ខ្លាំង ដែល​បណ្តាល​មក​ពី​ប្រទេស​ថៃ បាន​បញ្ឈប់​ការ​ទិញ​ផ្លែមៀន​ពី​កម្ពុជា​ទាំង​ស្រុង ក្រោយ​ពី​ប្រទេស​ចិន សម្រេច​ឈប់​ឱ្យ​ប្រទេស​ថៃ នាំចូល​ទៅ​ប្រទេស​ខ្លួន៕