ភ្នំពេញៈ និយ័តករ​មូលបត្រ​កម្ពុជា (ន.ម.ក.) បាន​ឱ្យ​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​នីតិវិធី​ច្បាប់​ជាមួយ​ស្ថាប័ន​អយ្យការ ដោយ​ស្នើ​សុំ​ឱ្យ​មាន​ការ​ស៊ើបអង្កេតប​ន្ថែម​លើ​ប្រតិបត្តិការ​សង្ស័យ​របស់​ក្រុមហ៊ុន GoldFX Investment និង​បញ្ចូល​ការ​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​ទាំង​អស់​ដែល​ប្តឹងជាមួយ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ដែល​មាន​ការ​ពាក់​ព័ន្ធ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ន.ម.ក.។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ន.ម.ក. លេខ ០១៨/២១ ន.ម.ក./ស.ប្រ.ព. ចុះ​ថ្ងៃ​ទី​២០ ខែ​សីហា បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី ន.ម.ក ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២១ ឱ្យ​អតិថិជន​ក្រុមហ៊ុន GoldFX Investment អាច​ដាក់​ពាក្យ​បណ្តឹង​នៅ ន.ម.ក. តាម​នីតិវិធី​ច្បាប់​ជា​ធរមាន និង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ ២០២១ អំពី​ការ​អនុវត្ត​ទាំង​ឡាយ​ដែល ន. ម.ក. បាន​ធ្វើ ហើយ​រហូត​មក​ដល់​ពេល​នេះ ន.ម.ក. នៅតែ​បន្ត​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​អតិថិជន​ក្រុមហ៊ុន GoldFX Investment ជា​បន្តបន្ទាប់​ទៀត។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា៖ «ករណី​នាំ​ឱ្យ​មាន​បណ្តឹង​ជាច្រើន​ពី​អតិថិជន GoldFX Investment នេះ បាន​នាំ​ឱ្យ ន.ម.ក. ធ្វើ​នីតិវិធីច្បាប់​លើ​ការងារ​នេះ​ជាមួយ​ស្ថាប័ន​អយ្យការ ដោយ​ស្នើ​សុំ​​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​លើ​ប្រតិបត្តិការ​សង្ស័យ​របស់​ក្រុមហ៊ុន GoldFX Investment និង​បញ្ចូល​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​ទាំង​អស់​ដែល​ប្តឹង​ក្រុមហ៊ុន GoldFX Investment ជាមួយ​សំណុំ​រឿង​ព្រហ្មទណ្ឌដែល​មាន​ការ​ពាក់​ព័ន្ធ​គ្នា​នេះ»។

ជាមួយ​គ្នា​នេះ ដើម្បី​ឱ្យ​ដំណើរការ​នីតិវិធី​មាន​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស ន.ម.ក. ​ក៏​បាន​ស្នើ​ឱ្យ​សាធារណជន អតិថិជន ព្រម​ទាំងបុគ្គល​ពាក់​ព័ន្ធ​ទាំងអស់​ចូលរួម​សហការ​តាម​នីតិវិធី​ជា​ធរមាន​ផងដែរ។

មាត្រា ១០ នៃ​ច្បាប់​ស្តីពី​ការ​បោះផ្សាយ និង​ការ​ជួញ​ដូរ​មូលបត្រ​មហាជន និង​មាត្រា ១៦ នៃ​អនុក្រឹត្យ​ស្តី​ពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃនិយ័តករ​មូលបត្រ​កម្ពុជា មន្ត្រី​របស់ គ.ម.ក. ទទួល​នីតិសម្បទា​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ មាន​មុខងារ​ដូច​មាន​ចែង​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​ចាត់​តាំង​ពី​អយ្យការអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​តាម​លិខិត​លេខ ៦៣៧ អ.យ.ក ចុះ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ ២០២១ ស.ម.ក. ត្រូវ​បន្ត​ស៊ើប​អង្កេត​លើ​ប្រតិបត្តិការ​សង្ស័យ និង​ពាក្យ​បណ្តឹង​របស់​អតិថិជន​ក្រុមហ៊ុន GoldFX Investment Co., Ltd.) និង​ក្រុមហ៊ុន ជីអេហ្វអិកស៍ អ៊ិនធើណេសិនណល ឯ.ក. (GFX International Co., Ltd.) ដោយ​មន្ត្រីនគរបាល​យុត្តិធម៌​របស់ ន.ម.ក. ដែល​មាន​សិទ្ធិ​អំណាច​តាម​បញ្ញត្តិ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ នេះ​បើ​តាម ន.ម.ក.៕