ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​កំពុង​ប្រមូល​ធាតុ​ចូលសំខាន់ៗ​ពី​អន្តរក្រសួង​ពាក់ព័ន្ធ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី ៣ ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី (EEC: Eurasian Economic Commission) ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ៧-៨ ខែកញ្ញា ឆ្នាំ ២០២១។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ធ្លាប់​លើកឡើងថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី គឺជា​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​ភាគី​ទាំង ២ ដើម្បី​ឈានទៅ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​កម្ពុជា និង EAEU។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​លោកស្រី តឹករ៉េត កំរង ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង តាមរយៈ​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី ១៩ ខែសីហា ដើម្បី​ប្រមូល​ធាតុ​ចូល​សម្រាប់​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី ៣ រវាង​កម្ពុជា និង EEC បាន​លើកឡើងថា កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង​ក្រោម​ក្របខ័ណ្ឌ​នៃ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី ដែល​បាន​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេល​កន្លងមក។

យោងតាម​ក្រសួង​ពាណិជ្ជកម្ម កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពិនិត្យ ពិភាក្សា និង​ប្រមូល​ធាតុ​ចូល​លើ​សេចក្តីព្រាង​នៃ​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​លើក​ទី ៣ ស្តីពី​កិច្ចសហប្រតិបត្តិការ ដោយ​គ្របដណ្តប់​លើ​វិស័យ​សំខាន់ៗ​ចំនួន ៧ រួមមាន កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ, កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល និង​គយ, ឧស្សាហកម្ម​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន, បទប្បញ្ញត្តិ​បច្ចេកទេស និង​អនាម័យ​ និង​ភូតគាម​អនាម័យ, និង​កម្មសិទ្ធិបញ្ញា កិច្ចការពារ​អ្នកប្រើប្រាស់ និង​ការប្រកួតប្រជែង។

កិច្ចប្រជុំ​នៃ​ក្រុមការងារ​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​កម្ពុជា -EEC បានរៀបចំ​ចំនួន ០២ លើក​រួចមកហើយ ដោយ​លើក​ទី ១ ធ្វើ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៧ និង​លើក​ទី ២ នៅ​សហព័ន្ធរុស្ស៊ី ក្នុង​ឆ្នាំ ២០១៨។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី នៅ​ឆ្នាំ ២០២០ សម្រេចបាន ៦៧,៣៧ លាន​ដុល្លារ​កើនឡើង ១៨,២២ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩៕