ភ្នំពេញៈ ចំណុច​សំខាន់ៗ​ចំនួន ៦ ត្រូវ​បាន​កម្ពុជា​ស្នើឱ្យ​ភាគី​ថៃ ដែល​មាន​ព្រំដែន​ជាប់​គ្នា​ជួយ​សហការ និង​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ ខណៈ​ប្រទេស​កម្ពុជា​មាន​ផែនការ​បើកទ្វារ​ទទួល​ភ្ញៀវទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​រួចរាល់ ចាប់ពី​ត្រីមាស​ទី​ ៤ ខាងមុខ​តទៅ​។

សំណើ​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​ប្រជុំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​ ១៩ ខែសីហា រវាង​លោក​ សុខ សុក្រឹត្យា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ជាមួយ​លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​កីឡា​ប្រទេស​ថៃ ដើម្បី​ពិភាក្សា និង​ពង្រឹង​ទំនាក់ទំនង​វិស័យ​ទេសចរណ៍​កម្ពុជា-ថៃ ទាំង​ក្នុង និង​ក្រោយ​ដំណាក់កាល​ជំងឺ​កូវីដ​ ១៩​។

លោក សុក្រឹត្យា បាន​លើកឡើង​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងទេសចរណ៍​កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឱ្យមាន​ដំណើរការ​ល្អ​ឡើងវិញ​។ កម្ពុជា​ជា​ប្រទេស​មាន​តំបន់​ទេសចរណ៍​ដ៏សម្បូរបែប​ទាំង​លក្ខណៈ​ធម្មជាតិ អេកូទេសចរណ៍ តំបន់ឆ្នេរ និង​តំបន់​ប្រាសាទបុរាណ​ផងដែរ​។ លោក​បន្តថា កម្ពុជា​កំពុង​ត្រៀម​ទទួល​ភ្ញៀវទេសចរ​គ្រប់​ជាតិសាសន៍​ឱ្យ​ចូលមក​ទស្សនា​ក្នុង​ពេល​ដ៏ខ្លី​ខាងមុខ ជាពិសេស​បន្ទាប់ពី​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ស្រាកស្រាន្ត​។

សំណើ​ទាំងនោះ​រួមមាន ការបង្កើន​ការផ្តល់​អាហារូបករណ៍​ទេសចរណ៍​ដល់​មន្ត្រី​ទេសចរណ៍​កម្ពុជា​, ការជំរុញ​ផ្នែក​ឯកជន​ថៃ​ចូលរួម​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន ATF 2022 នៅ​ខេត្ត​ព្រះសីហនុ​, ការបង្កើន​កិច្ចសហការ​ក្នុង​ការរៀបចំ​កញ្ចប់​ទស្សនកិច្ច​រួមគ្នា​សម្រាប់​ទេសចរ​បរទេស​, ការជំរុញ​ចលនា​ទេសចរណ៍​បើកបរ​ឆ្លងដែន​, ការជំរុញ​ការអនុវត្ត​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ACMEC លើ​ការប្រើប្រាស់​ទិដ្ឋាការ​ទោល​សម្រាប់​ទេសចរ​បរទេស​នៃ​ប្រទេស​ទី​ ៣ មក​ទស្សនា​កម្ពុជា-ថៃ​,​និង​ការបង្កើន​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ព្រះរាជាណាចក្រ​ពីរ​គោលដៅ​តែមួយ​។

ជា​ការឆ្លើយតប លោក Phiphat Ratchakitprakarn បាន​សន្យា​នឹង​ខិតខំ​បង្កើន​ការផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​ទេសចរណ៍​កម្ពុជា ចំណែក​សំណើ​ផ្សេងទៀត​លោក​នឹង​យកទៅ​ពិនិត្យ ព្រមទាំង​បាន​សន្យា​បន្ត​ផ្តល់​កិច្ចសហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​ទូលំទូលាយ​ជាមួយ​ភាគី​កម្ពុជា​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា លោក ថោង ខុន ក្នុងជំនួប​ជាមួយ​នឹង​លោកស្រី Maria Amerita C. Aqui-no ឯកអគ្គរដ្ឋទូត​ប្រទេស​ហ្វីលីពីន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី ៩ ខែមិថុនា បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ហើយ​រដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការត្រៀម​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ​ផងដែរ​។

លោក​ឱ្យដឹងថា​៖ «​បច្ចុប្បន្ន​ក្រសួង​ទេសចរណ៍​កំពុង​សិក្សា និង​រៀបចំ​ឯកសារ​ទស្សនទាន​ស្តីពី​កញ្ចប់​ទេសចរណ៍​ចាក់​វ៉ាក់សាំង​នៅក្នុង​គោលដៅ​ពិនិត្យ​លទ្ធភាព​សម្រាប់​ប្រទេស​ដែលមាន​ហានិភ័យ​ទាប​បានមក​ទស្សនា​នៅ​កម្ពុជា ក្នុង​តំបន់​ដែលមាន​សុវត្ថិភាព ដោយ​គោរព​តាម​វិធាន​សុវត្ថិភាព​របស់​ប្រទេស​កម្ពុជា គឺ​ធ្វើយ៉ាងណា​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩»​។

កម្ពុជា​ត្រូវបាន​គេ​ទទួលស្គាល់​ថា ជា​ប្រទេស​ដែល​ទទួលបាន​ជោគជ័យ​ខ្លាំង​លើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ឱ្យដល់​ប្រជាជន​របស់ខ្លួន​។

យោងតាម​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ២១ ខែសីហា ប្រទេស​កម្ពុជា​សម្រេចបាន​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដល់​ប្រជាជន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង បាន​ចំនួន ៨៦,៩៧ ​ភាគរយ និង​ក្មេង​អាយុ​ចន្លោះ​ពី​ ១២-១៨ ​ឆ្នាំ បាន ៤៧,១៧ ​ភាគរយ​។

របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​ ១០២ ៥៦០ ​នាក់ ធ្លាក់ចុះ ៩១,៣ ​ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០​។ ដោយឡែក​សម្រាប់​ភ្ញៀវទេសចរ​ជនជាតិ​ថៃ នៅក្នុង​អំឡុងពេល​នេះ​មាន ចំនួន ៥១ ២៩០ ​នាក់​ធ្លាក់ចុះ ៦៧,៥ ​ភាគរយ​៕ LA