ភ្នំពេញៈ KB Financial Group (KB) ​ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​សេអ៊ូល​ (​ប្រទេស​កូរ៉េខាងត្បូង​) បាន​ទិញ​ភាគហ៊ុន​ប្រកប​ដោយ​ជោគជ័យ​ចំនួន ១០០ ​ភាគរយ​របស់​ប្រាសាក់ ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដោយ​ចំណាយ​ប្រាក់​សម្រាប់​ភាគហ៊ុន​ដែល​នៅសល់ ៣០ ​ភាគរយ ក្នុងតម្លៃ ៣២២ ​លាន​ដុល្លារ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​គ្រប់គ្រង ៧០ ​ភាគរយ​នៃ​តម្លៃ ៦០៣,៤ ​លាន​ដុល្លារ​រួចហើយ ​ចាប់តាំងពី​ខែមេសា ឆ្នាំ​ ២០២០ ពី LOLC Holdings ដែលជា​ក្រុមហ៊ុន​ផ្ដល់​កម្ចី​មិនមែន​ធនាគារ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្រីលង្កា​។

យោងតាម​ឯកសារ​ក្រុមហ៊ុន ដែល​ផ្ញើ​ទៅ​គណៈកម្មការ​មូលបត្រ​ (​កូរ៉េ​) នៅពេលនេះ ក្រុមហ៊ុន KB គ្រប់គ្រង​ភាគហ៊ុន​ចំនួន ២៩៩ ៩៩៩ ៩៩៩ ដែល​តំណាងឱ្យ ៩៩,៩៩ ​ភាគរយ​នៃ​ចំនួន​ភាគហ៊ុន​ដែល​បានចេញ​សរុប​របស់​ប្រាសាក់​។ (​ធនាគារ Kookmin Bank បាន​ចាត់តាំង Kookmin Bank Cambodia PLC ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​លំដាប់​ទី​១ របស់ខ្លួន​ឱ្យ​ទិញ​ភាគហ៊ុន​នៅសល់​របស់​ប្រាសាក់​)​។

ឯកសារ​បានឱ្យ​ដឹងថា​៖ «​ទោះបី​មាន​កិច្ចព្រមព្រៀង​ជា​ជម្រើស​មួយ​ដែល​អនុលោម​តាម​ភាគទុនិក​របស់​ប្រាសាក់​ក៏ដោយ ក៏​ប្រាសាក់​អាច​លក់​ភាគហ៊ុន​នៅសល់​របស់ខ្លួន​បានដែរ ហើយ​ធនាគារ Kookmin Bank អាច​ទិញ​ភាគហ៊ុន​បែប​នោះបាន​។

ធនាគារ Kookmin Bank និង​ភាគទុនិក​បាន​យល់ព្រម​ថា ធនាគារ Kookmin Bank នឹង​ទិញ​ភាគហ៊ុន​ដែល​នៅសល់ មុន​កាលបរិច្ឆេទ​អនុវត្ត​ជម្រើស​បែប​នោះ​។ ទោះយ៉ាងណា ការទិញ​ភាគហ៊ុន​នេះ​ត្រូវបាន​រំពឹងថា​នឹង​ត្រូវ​អនុវត្តតាម​គោលការណ៍​ជា​មូលដ្ឋាន ដែល​បានកំណត់​ក្នុង​កិច្ចព្រមព្រៀង​នេះ ដូចជា​របៀប​សម្រាប់​ការបង្កើត​តម្លៃ​ទិញ​ជាដើម​»​។

Prasac Microfinance Institution Ltd (Prasac) ទទួលបាន​ការយល់ព្រម​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដើម្បី​លក់​ភាគហ៊ុន ៧០ ​ភាគរយ​ឱ្យ​ធនាគារ KB ដែលមាន​ការិយាល័យ​កណ្ដាល​នៅក្នុង​ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃទី​ ២៩ ខែមករា ឆ្នាំ​ ២០២០​។

លោក ស៊ឹម សេនាជាតិ ប្រធាន​នាយក​ប្រតិបត្តិ​ប្រាសាក់​បាន​ឱ្យដឹងថា ការវិនិយោគ​របស់​ធនាគារ KB លើ​ប្រាសាក់​ឆ្លុះបញ្ចាំង​ការកើនឡើង​ទំនុកចិត្ត​ក្នុងចំណោម​ក្រុម​វិនិយោគិន​បរទេស​នៅ​កម្ពុជា និង​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ (MDI)​។

លោក សេនាជាតិ បាន​ថ្លែងថា​៖ «​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​របស់​ប្រាសាក់ សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ KB Koo-kmin Bank ដែលជា​ភាគទុនិក​ថ្មី​របស់​យើង ដើម្បី​ជំរុញ​ប្រាសាក់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ស័ក្តិសិទិ្ធភាព​ក្នុង​ការពង្រីក​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​»​។

លោក​បានឱ្យដឹងថា ប្រាសាក់ ឈរ​ជា​អ្នក​នាំមុខ​ទីផ្សារ​ជាមួយ​បណ្ដាញ​ប្រតិបត្តិការ​ឈានមុខ​គេ​ក្នុងចំណោម​គ្រឹះស្ថាន​ទទួល​ប្រាក់បញ្ញើ​ (MDI) ប្រាក់​ចំណេញ​ដ៏រឹងមាំ និង​កំណត់ត្រា​ដែល​បង្ហាញ​ពី​កំណើន​ប្រកបដោយ​និរន្តរភាព​ក្នុង​ផលបត្រ​ប្រាក់កម្ចី និង​សមតុល្យ​ប្រាក់​បញ្ញើ​របស់ខ្លួន​។

ថ្មីៗ​នេះ​ប្រា​សាក់ បាន​រាយការណ៍​ថា ខ្លួន​ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ ៦៨,៤៧ ​លាន​ដុល្លារ ក្នុងអំឡុង​ខែមករា ដល់​ខែមិថុនា ធៀប​នឹង ៣៧,៣៧ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

ដោយឡែក​កាលពី​ថ្ងៃទី​ ៥ ខែឧសភា ឆ្នាំមុន ប្រាសាក់ ​បាន​ចុះបញ្ជី​សញ្ញា​បណ្ណ​បំណុល​នៅ​ CSX ដែល​បម្រុង​ទុក​ភាគហ៊ុន​ចំនួន ១ ២៧២ ០០០ ក្នុង​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​ដោយមាន​ចំនួន​ចេញលក់​សរុប ១២៧,២ ​ពាន់​លាន​រៀល​ (​ប្រមាណ ៣១ ​លាន​ដុល្លារ​)​។

គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែមិថុនា ទ្រព្យសកម្ម​សរុប​របស់​ប្រាសាក់ ផលបត្រ​កម្ចីដុល សមតុល្យ​ប្រាក់​បញ្ញើ និង​ភាគហ៊ុន​របស់​ភាគទុនិក​មាន​ចំនួន ៣,៨៣ ​ពាន់​លាន​ដុល្លារ (​កើនឡើង​ ១៤,២៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​) ដែលមាន​ផលបត្រ​កម្ចី​ដុល ៣,៣៥ ​ពាន់​លាន​ដុល្លារ សមតុល្យ​ប្រាក់​បញ្ញើ ២,៣២ ​ពាន់​លាន​ដុល្លារ និង​ភាគហ៊ុន​របស់​ភាគទុនិក ៥៨៧ ​លាន​ដុល្លារ​៕ LA