ចាប់តាំងពី​ការបង្កើត​ឱ្យ​មាន​ទីផ្សារ​មូលបត្រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មក យើង​សង្កេតឃើញថា​ទីផ្សារ​មួយ​នេះ​បាននិង​កំពុង​បោះជំហាន​ទៅមុខ​គួរឱ្យ​កត់សម្គាល់ ដែល​អាច​និយាយ​បាន​ថា វិនិយោគិន និង​ក្រុមហ៊ុន​ចាប់ផ្តើម​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ ក៏ដូចជា​កៀរគរ​មូលនិធិ​តាមរយៈ​ទីផ្សារ​មូលបត្រ​នេះ​។ និយតករ​មូលបត្រ​កម្ពុជា (​ន.ម.ក.) ដែល​ជា​អាណាព្យាបាល​នៅក្នុង​វិស័យនេះ​តែងតែ​បំពេញ​ការងារ​យ៉ាងសកម្ម និង​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ធានាបាន​ថា ទីផ្សារ​នេះ​ដំណើរការ​ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព និង​សណ្តាប់ធ្នាប់​ល្អ​។

ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​នេះ ន.ម.ក. តែងតែ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការពង្រឹង និង​ពង្រីក​បន្ថែម​នូវ​វិជ្ជាជីវៈ​ជំនាញ​របស់​អ្នក​ចូលរួម​ក្នុង​ទីផ្សារ ជាពិសេស​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ ការអនុញ្ញាត និង​/​ឬ ការទទួលស្គាល់ ពី ន.ម.ក. ដើម្បី​ធ្វើ​អាជីវកម្ម​មូលបត្រ អាជីវកម្ម​គម្រោង​វិនិយោគ​រួម អាជីវកម្ម​ឧបករណ៍​និស្សន្ទ និង​អាជីវកម្ម​ទាំងឡាយណា​ដែល​ផ្តល់​សេវា​ក្នុង​វិស័យ​មូលបត្រ​ផ្សេងៗ​ទៀត តាមរយៈ​ការតម្រូវ​ឱ្យ​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង​ការប្រឡង​សម្រាប់​បុគ្គល​ត្រូវ​ទទួលស្គាល់​គុណវុឌ្ឍិ និង​កម្មវិធី​អប់រំ​វិជ្ជាជីវៈ​បន្ត​។

តើ​អ្វី​ទៅជា​វគ្គ​បណ្តុះបណ្តាល និង​ការប្រឡង​សម្រាប់​បុគ្គល​ត្រូវ​ទទួលស្គាល់​គុណវុឌ្ឍិ​? កម្មវិធី​អប់រំ​វិជ្ជាជីវៈ​បន្ត​? នរណា​ខ្លះ​ដែល​អាច​ចូលរៀន​វគ្គ​ទាំងនេះ​បាន​?

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​និយតករ​មូលបត្រ​កម្ពុជា​។

វគ្គ​បណ្តុះបណ្តាល និង​ការប្រឡង​សម្រាប់​បុគ្គល​ត្រូវ​ទទួលស្គាល់​គុណវុឌ្ឍិ សំដៅ​ដល់​វគ្គបណ្តុះបណ្តាល និង​ការប្រឡង​ដែល​រៀបចំ​ឡើង​ដោយ ន.ម.ក. សម្រាប់​រាល់​រូបវន្តបុគ្គល​ទាំងឡាយ​ណា​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម និង​ផ្តល់​សេវាកម្ម​នៅក្នុង​វិស័យ​មូលបត្រ ដូចជា​បុគ្គលិក​ជាន់ខ្ពស់ បុគ្គលិក​ផ្នែក​បច្ចេកទេស និង​បុគ្គលិក​សំខាន់ៗ​ដទៃទៀត​របស់​ក្រុមហ៊ុន​ទាំងនោះ​ដែល​វគ្គ​បណ្តុះបណ្តាល​នេះ ផ្តោត​ជា​សំខាន់​ទៅលើ​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ និង​ផ្នែក​បច្ចេកទេស​ក្នុង​វិស័យ​មូលបត្រ​។

បន្ទាប់ពី​ការចូលរួម​វគ្គបណ្តុះបណា្តល​នេះហើយ រូបវន្តបុគ្គល​ទាំងនោះ​ត្រូវ​ចូលរួម​ការប្រឡង​ដែល​រៀបចំ​ឡើង​ដោយ ន.ម.ក.។ ហេតុអ្វី​បានជា​ចាំបាច់​ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ និង​ត្រូវ​ប្រឡង​ឱ្យ​ជាប់​? ដើម្បី​ទទួលបាន​អាជ្ញាប័ណ្ណ ការអនុញ្ញាត និង​/​ឬ ការទទួលស្គាល់​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​នៅក្នុង វិស័យ​មូលបត្រ ក្រុមហ៊ុន​ចាំបាច់​ត្រូវបំពេញ​នូវ​លក្ខខណ្ឌ​ធនធាន​មនុស្ស​ដែល​ជា​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ផ្សេងៗ​ទៀត ហើយ​មានតែ​ការចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ និង​ប្រឡង​ជាប់​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​តែប៉ុណ្ណោះ ទើប​អាច​ទទួលបាន​នូវ​ការទទួលស្គាល់ និង​បំពេញ​លក្ខខណ្ឌ​នេះ​បាន​។

កម្មវិធី​អប់រំ​វិជ្ជាជីវៈ​បន្ត (Continuing Professional Education) គឺជា​កម្មវិធី​បំពេញបន្ថែម​នូវ​វិជ្ជាជីវៈ​ជំនាញ​ក៏ដូចជា​ចំណេះដឹង​ថ្មីៗ​រួមមាន​៖ បទប្បញ្ញត្តិ​ថ្មីៗ​ផ្នែក​បច្ចេកទេស និង​ករណី​សិក្សា​ជាដើម បន្ទាប់ពី​បាន​ការទទួល​ស្គាល់​គុណវុឌ្ឍិ​របស់ខ្លួន​លើកដំបូង តាមរយៈ​ការចូលរួម​វគ្គបណ្តុះបណ្តាល និង​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​។ ដើម្បី​បន្ត​សុពលភាព​គុណវុឌ្ឍិ​របស់ខ្លួន និង​អាច​បន្តធ្វើ​អាជីវកម្ម និង​ផ្តល់​សេវាកម្ម​ក្នុង​វិស័យ​មូលបត្រ បុគ្គល​ទទួល​បាន​គុណវុឌ្ឍិ​ត្រូវតែ​ចូលរួម​កម្មវិធី​អប់រំ​វិជ្ជាជីវៈ​បន្ត​រៀងរាល់ ២ ​ឆ្នាំ​ម្តង ឬ​តាម​ការកំណត់​របស់ ន.ម.ក.។ ចំពោះ​បុគ្គល​ដែល​តម្រូវឱ្យ​ចូលរួម​កម្មវិធី​អប់រំ​វិជ្ជាជីវៈ​បន្ត គឺ​ត្រូវបំពេញ​តាម​លក្ខខណ្ឌ​វត្តមាន និង​មិន​តម្រូវ​ឱ្យ​មាន​ការប្រឡង​ម្តង​ទៀតឡើយ​។

វគ្គ​បណ្តុះបណ្តាល និង​ការប្រឡង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ចាប់តាំងពី​ឆ្នាំ​ ២០១០ ដែល​រហូតមកដល់​ឆ្នាំ​ ២០២១ នេះ ន.ម.ក. បាន​រៀបចំ​ច្រើនជាង​ ២០ ​លើក​រួចមកហើយ ដែល​រាប់បញ្ចូល​ទាំង​ការរៀបចំ​តាម​អនឡាញ​ផងដែរ និង​មាន​អ្នកចូលរួម​សរុប ១៦៣៥ នាក់​។ ន.ម.ក. បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល និង​ការប្រឡង​សម្រាប់​បុគ្គល​ត្រូវ​ទទួលស្គាល់​គុណវុឌ្ឍិ​ជា​រៀងរាល់ឆ្នាំ យ៉ាងហោចណាស់ ២ ​ដង​ក្នុង ១ ​ឆ្នាំ​។ សម្រាប់​សាធារណជន​ទូទៅ​ដែលមាន​បំណង​ស្វែងយល់​ពី​វិស័យ​មូលបត្រ​ក៏​អាច​ចូលរួម​ក្នុង​វគ្គបណ្តុះបណ្តាល និង​ការប្រឡង​នេះ​បាន​ផងដែរ ព្រោះថា​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​គ្របដណ្តប់​នូវ​ប្រព័ន្ធ​ទីផ្សារ​មូលបត្រ​កម្ពុជា​ទាំងមូល​។

កម្មវិធី​ប្រឡង​ទទួលស្គាល់​គុណវុឌ្ឍិ​លើក​ទី​ ២០ ​តាម​ប្រព័ន្ធ​អនឡាញ​។ រូបថត supplied

វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើងជា​ភាសា​ខ្មែរ ដោយមាន​ការបកប្រែ​ជា​ភាសា​អង់គ្លេស និង​អាចមាន​ការបកប្រែ​ជា​ភាសា​ចិន​ផងដែរ​។

ចំពោះ​ការដាក់​ពាក្យ​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង​ការប្រឡង​សម្រាប់​បុគ្គល​ត្រូវ​ទទួលស្គាល់​គុណវុឌ្ឍិ​ និង​កម្មវិធី​អប់រំ​វិជ្ជាជីវៈ​បន្ត សាធារណជន អាច​ស្វែង​រកបាន​នៅក្នុង​គេហទំព័រ​របស់ ន.ម.ក. (www.secc.gov.kh) និង​ទំព័រ​ហ្វេកប៊ុក​ផ្លូវការ ន.ម.ក. (Facebook: និយតករ​មូលបត្រ​កម្ពុជា Securities and Exchange Regulator of Cambodia)៕

រៀបចំ​ដោយ៖ ​និយតករ​មូលបត្រ​កម្ពុជា​នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍​ទីផ្សារ​មូលបត្រ និង​ទំនាក់ទំនង​អន្តរជាតិ

អ៊ីមែល៖ ​edu@.secc.gov.kh

ទូរស័ព្ទ៖ ​០២៣ ៨៨៥ ៦១១