ទីក្រុង​ហូជីមិញៈ ​វៀតណាម​​​នាំចេញ​​ត្រីប្រា ​មាន​កំណើន​​​​គួរឲ្យ​កត់សម្គាល់​​ក្នុងរយៈពេល ​​៧ ​ខែ​​ដើម​ឆ្នាំ​នេះ ប៉ុន្តែ​ទស្សនវិស័យ​បែជា​ស្រអាប់​ទៅវិញ​នៅរយៈពេល​ដែល​នៅសេសសល់​​ដោយសារ​​ការរីករាល​ដាល​កូវីដ ១៩​​​ មិនត្រូវបាន​គ្រប់​គ្រង​​ល្អ​​នោះទេ។

​​យោង​តាម​​សមាគ​​ម​នាំ​ចេញ​​​ និង​ផលិត​​​​អាហារ​សមុទ្រ​​​របស់​វៀតណាម (VASEP) ​ការ​នាំ​ចេញ​ត្រី​ប្រា​ (pangasius) ​បាន​កើន​​ឡើង​​ហួស​សេចក្តីរំពឹង​ទុក​ ដោយ​មាន​កំណើន​រហូត​ដល់​ ១៨​ ភាគរយដែល​​​​មាន​តម្លៃ​ដល់​ទៅ​ ៩៣១​ លាន​ដុល្លារ ធៀប​នឹង​​​រយៈ​ពេលដូច​គ្នា​នៃ​ឆ្នាំ​មុន។​

​ទីផ្សារ​សំខាន់ៗ​ដែលស្រូប​យក​​ផលិត​ផល​ត្រីប្រា​​ពីប្រទេស​វៀតណាម មាន​ទីផ្សារ​ចិន ​អាមេរិក ប្រេស៊ីល ​និង​ថៃ​។

យោង​តាម​ VASEP ​ការ​នាំ​ចេញ​​កើន​ឡើង​នេះ​​ដោយសារ​​ទីផ្សារ​អាមេរិក​ ដែល​​បង្កើន​ការ​ទិញ​របស់​ខ្លួន​ដោយសារ​​កំណើន​នៃ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩​​​ នៅអាមេរិក ដែល​ធ្វើ​ឲ្យ​មាន​តម្រូវ​ការ​ប្រើប្រាស់​ច្រើន​​សម្រាប់​ផលិតផល​ម្ហូបអាហារ​។

​​ការ​រីក​រាលដាល​កូវីដ ​១៩ ​បង្ក​ឲ្យ​មាន​​ផល​ប៉ះពាល់​​​ចំបង​​ដោយ​កាត់​បន្ថយ​​ពាណិជ្ជកម្ម ​ដោយសារ​ការ​តម្រូវ​​​ឲ្យ​រក្សា​គម្លាតសង្គម​​ក្នុង​ប្រទេស​ជាច្រើន ​រួម​ទាំង​បារាំង​ អ៊ីតាលី ​និង អាល្លឺម៉ង់ ​ខណៈពេលដែល​​តម្លៃ​​ដឹកជញ្ជូន​វិញ​​បានហក់​ឡើង​យ៉ាង​ខ្លាំង និង​​ការ​ស្តុក​​តួកុងតឺន័រ​ក៏មានផល​ប៉ះពាល់​​​ខ្លាំត​ដល់​ការ​នាំ​ចេញ​របស់​វៀតណាម​ផងដែរ។​

​​លោក To Thi Tuong Lan អគ្គ​លេខាធិការ​រង​នៃ​សមាគម​ VASEP បាន​លើក​ឡើង​ថា ទន្ទឹម​នឹ​ង​នេះ​ដែរ ​តម្លៃ​វត្ថុធាតុដើម​បាន​ហក់​ឡើង​​ពី​ ៤ ​ទៅ​ ៥​ ដង​ ​ចាប់​តាំង​ពី​ពាក់កណ្តាល​នៃ​ឆ្នាំ​នេះ។

តម្លៃ​ចំណី​ត្រី​វិញ​​ កើន​ឡើង ​​១៥​ ទៅ​ ២០​ ភាគរយ​ និងការ​បញ្ជូន​ទំនិញ​បាន​កើន​ឡើង​​ពី ​៥​ ទៅ ​១០ ​​ដង​ ដែល​បង្ក​​បញ្ហា​ប្រឈម​​​សម្រាប់​ពេលវេលា​ដែល​នៅសេសសល់​​នៃ​ឆ្នាំនេះ៕ VNS-ANN/RR