ភ្នំពេញៈ ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ កំពុង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សកម្មភាព​អាជីវកម្ម​នៅក្នុង​ឧស្សាហកម្ម​ភោជនីយដ្ឋាន​កម្ពុជា​។ តួលេខ​ចុង​ក្រោយពី​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​ (CRA) ​ឱ្យដឹងថា ការលក់​នៅក្នុង​ឧស្សាហកម្ម​នេះ​បាន​ធ្លាក់ចុះ ៥០ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០២០ ធៀប​ឆ្នាំ​ ២០១៩ ខណៈ​ឆ្នាំ​ ២០២១ កំពុង​បន្ត​ធ្លាក់ចុះ​ប្រហែល ៦០ ​ភាគរយ​ទៀត​ធៀប​នឹង​ឆ្នាំ​ ២០២០​។

លោក Arnaud Darc ប្រធាន CRA បានឱ្យដឹង​ក្នុង​សិក្ខាសាលា​អនឡាញ​លើកដំបូង​ស្ដីពី​ពន្ធ​សម្រាប់​ភោជនីយដ្ឋាន​កាលពី​ថ្ងៃទី​ ២៣ ខែសីហា​ថា ក្នុង​រយៈពេល ១៦ ​ខែ​ចុងក្រោយ​នេះ​ម្ចាស់​ភោជនីយដ្ឋាន​ជាច្រើន​និយាយថា កង្វះ​តម្រូវការ​ដែល​បណ្ដាលមកពី​ជំងឺ​កូវីដ​ ១៩ បាន​បង្ខំ ឬ​ជំរុញ​ឱ្យ​បិទ​ទីតាំង​បរិភោគ​អាហារ​នៅតាម​ភោជនីយដ្ឋាន​ក្នុង​ឧស្សាហកម្ម​នេះ ហើយ​បុគ្គល​ដែល​ធ្វើ​ការងារ​ពី​ផ្ទះ​បាន​លុប​ចោល​ការញ៉ាំ​អាហារ​ថ្ងៃត្រង់​នៅតាម​ភោជនីយដ្ឋាន​។

លោក​បន្តថា CRA ប៉ាន់ប្រមាណ​ថា ចំណែក​អតិថិជន​ដែល​ចូល​អង្គុយ​ញ៉ាំ​អាហារ​នៅតាម​ភោជនីយដ្ឋាន​បាន​ធ្លាក់ចុះ ៨៥ ​ភាគរយ​ ចាប់តាំងពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​យើង​កត់សម្គាល់ថា ការចរាចរ​មិន​គ្រាន់តែ​ផ្លាស់ប្តូរ​ទៅ​ជា​ការវេចខ្ចប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ថែមទាំង​ប៉ាន់ប្រមាណ​ថា មាន​ការបញ្ជា​ទិញ​តែ ១៦ ​ភាគរយ​ប៉ុណ្ណោះ ដើម្បី​ជំនួស​ឱ្យ​ការចូល​ញ៉ាំ​នៅក្នុង​ភោជនីយដ្ឋាន​ទូទៅ​»​។

លោក​បន្ថែមទៀតថា ផលប៉ះពាល់​នៅក្នុង​ឧស្សាហកម្ម​ភោជនីយដ្ឋាន​កំពុង​បំផ្លាញ​ទាំង​ម្ចាស់ និង​បុគ្គលិក​ភោជនីយដ្ឋាន​។ សំខាន់​ជាងនេះទៅទៀត ឧស្សាហកម្ម​នេះ​ថមថយ​ល្បឿន​បន្តិច​ម្ដងៗ ហើយ​ដំណាលគ្នា​នេះ​ក៏មាន​ការព្យាយាម​ផ្លាស់ប្តូរ​អាជីវកម្ម​ ដើម្បី​ស្វែងយល់​ពី​របៀប​ក្នុង​ការបន្ថែម​ការដឹក​ជញ្ជូន និង​ការចែកចាយ​។

លោក​លើកឡើងថា​៖ «​យើង​មិនអាច​ផ្លាស់ប្តូរ​វិបត្តិ​នេះ​បាន​ទេ ការបិទទ្វារ ឬ​ដំណើរការ​លើ​វិថី​នេះ​នឹង​កើតមាន​នៅពេល​ខាងមុខ ប៉ុន្តែ​ពួកគេ​អាច​នឹង​បាន​ផ្លាស់ប្តូរ​ប្រតិបត្តិការ​របស់​​ពួកគេ ហើយ​ទំនងជា​នឹងធ្វើ​ដូច្នេះ​រយៈពេល​យូរ បន្ទាប់ពី​ការរីករាលដាល​ជំងឺ​នេះ​បាន​កន្លងផុតទៅ​»​។

លោក​ថ្លែងថា​៖ «​ខណៈ​ឧស្សាហកម្ម​ភោជនីយដ្ឋាន​បាន​រង​ផលប៉ះពាល់​ដោយសារ​ការរីករាលដាល​ជំងឺ យើង​កត់សម្គាល់ថា ផលប៉ះពាល់​ពិត​អាច​ពិបាក​ក្នុង​ការវាស់វែង ព្រោះ​ផលប៉ះពាល់​ខ្លាំង​មិនអាច​វាស់វែង​បាន​ស្មើគ្នា​ទេ​»​។

លោក​បាន​បន្ថែមថា រទេះ​លក់​អាហារ​តាមផ្លូវ អាហារ​រហ័ស ឬ​សេវាកម្ម​ម្ហូបអាហារ​តាម​បញ្ជរ កំពុង​ជម្នះ​កាន់តែ​ប្រសើរ ដោយសារ​ផលិតផល​របស់​ពួកគេ​មាន​តម្លៃ​សមរម្យ និង​ងាយស្រួល​ក្នុង​ការវេចខ្ចប់ ដោយ​កាត់បន្ថយ​សេវាកម្ម​បម្រើ​ដោយ​មនុស្ស​។

លោក​បន្ថែមថា​៖ «​ចាប់តាំងពី​ការរីករាលដាល​កូវីដ​ ១៩ មក សហគ្រាស ធុន​តូច និង​មធ្យម​ពាក់កណ្ដាល​នៅក្នុង​ឧស្សាហកម្ម​នេះ​បាន​បាត់​មុខ ហើយ​យើង​រំពឹងថា នឹង​មើលឃើញ​ការបិទទ្វារ​កាន់តែច្រើន​ទៀត​នៅក្នុងពេល​ដ៏ខ្លី​ខាងមុខ​»​។

លោក អេង រតនា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​នៃ​អគ្គយកដ្ឋាន​ពន្ធដារ ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​បានឱ្យដឹងថា សកម្មភាព​សេដ្ឋកិច្ច បាន​ថយ​ល្បឿន ដែល​បង្កឡើង​ដោយ​ជំងឺ​កូវីដ​ ១៩ ខណៈ​ឧស្សាហកម្ម​ភោជនីយដ្ឋាន មិនអាច​គេចផុត​ពី​ផលប៉ះពាល់​នេះឡើយ​។

លោក​បញ្ជាក់ថា រដ្ឋាភិបាល​បានដាក់​ចេញ​វិធានការ​អន្តរាគមន៍​មួយចំនួន ដើម្បី​ជួយ​ដល់​ម្ចាស់​អាជីវកម្ម ក្នុង​អំឡុង​ពេលវេលា​ដ៏ពិបាក​នេះ​។ លោក​បន្តថា​៖ «​ស្ថានការណ៍​សេដ្ឋកិច្ច បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ដែល​បណ្តាលឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការប្រមូល​ចំណូល​ពន្ធ ទោះបីជា​យ៉ាងណា​យើង​កោតសរសើរ​វិស័យ​ឯកជន ដែល​នៅ​គោរព​ច្បាប់​ក្នុងការ​ចំណាយពេល​វេលា​ដោយ​ភាព​ទទួលខុសត្រូវ​»​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន CIM Holding បានឱ្យដឹងថា វិស័យ​បដិសណ្ឋារកិច្ច កំពុង​ធ្លាក់ចុះ​យ៉ាង​រហ័ស ទោះបី​មាន​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក៏ដោយ និង​ចាំបាច់​ត្រូវមាន​ផែនការ​ស្ទុះ​ងើបឡើង​វិញ ដែល​រួមបញ្ចូល​ទាំង​ការលើក​ទឹកចិត្ត​ពន្ធ​ដើម្បី​ជំរុញ​ការវិនិយោគ​រយៈពេល​វែង និង​មាន​និរន្តរភាព​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​គួរតែ​ពិចារណា​ចំពោះ​ការអនុញ្ញាត​ឱ្យ​ជនបរទេស​អនុវត្ត​នៅក្នុង​ឧស្សាហកម្ម​ប្រភេទ​នេះ ដែល​បង្កើន​ចំនួន​កំណត់​ប្រាក់ចំណូល​ដល់ ៥០០ ០០០ ​ដុល្លារ និង​ការអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ទទួលខុស​ត្រូវមាន​កម្រិត​ជា​មធ្យោបាយ​ស្តារ​ឧស្សាហកម្ម​ឡើងវិញ ជំរុញ​ការវិនិយោគ និង​លើកកម្ពស់​ភាពធន់​នៅក្នុង​ឧស្សាហកម្ម​មួយ ដែលមាន​អត្រា​ធ្លាក់ចុះ ៦០ ​ភាគរយ​ក្នុង​រយៈពេល​មួយ​ល្អ​បំផុត​»៕ LA

វីដេអូ៖