ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុម​អ្នកបង្កើត​យូធូប​ត្រូវ​ផលិត​មាតិកា​វីដេអូ​ឱ្យ​កាន់តែ​មាន​ប្រយោជន៍​បន្ថែមទៀត​សម្រាប់​អ្នក​ចូល​ទស្សនា ដើម្បី​លើកកម្ពស់​ការផលិត​មាតិកា​វីដេអូ​ប្រកបដោយ​ភាពច្នៃប្រឌិត និង​មិន​ចម្លង​ពី​គេ​។

ការលើកឡើង​នេះ​បានធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​តាម​អនឡាញ​ស្ដីពី​ «​អ្នក​អាជីព​បង្កើត​វីដេអូ​នៅលើ​យូធូប​» កាលពី​ថ្ងៃទី​ ២០ ខែសីហា ដែលមាន​ការចូលរួម​ពី​វាគ្មិន​មកពី​ក្រុមហ៊ុន Google ក្រុមហ៊ុន YouTube និង​អ្នក​ផលិត​មាតិកា​យូធូប​ល្បីៗ​ទាំង​ក្នុងស្រុក និង​បរទេស​ប្រហែល ២ ១០០ ​នាក់​។ សិក្ខាសាលា​នេះ​ធ្វើឡើង​តាម​កម្មវិធី Google Meet និង​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​យូធូប​របស់​ក្រសួង​ប្រៃសណីយ៍​។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានឱ្យដឹងថា វាគ្មិន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​បាន​ចែករំលែក​គន្លឹះ និង​តិចនិក​ក្នុង​ការបង្កើត​មាតិកា​ទៅដល់​សហគមន៍ YouTube នៅ​កម្ពុជា​។ ការចែករំលែក​មាតិកា​តាម​អនឡាញ និង​វេទិកា​វីដេអូ គឺ​ទើប​តែមាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ជាមួយ​សិទ្ធិ​នៃ​ការតភ្ជាប់​ជាមួយ​ទូរស័ព្ទ​ស្មាតហ្វូន និង​ភាពងាយស្រួល វា​បាន​ធ្វើឱ្យ​ចំនួន​អ្នកប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​។

លោក​ថ្លែងថា​៖ «​បុគ្គល​វ័យក្មេង​មាន​ទេពកោសល្យ​នៅ​ប្រទេស​ជាច្រើន​ពេលនេះ​កំពុង​គ្របដណ្ដប់​ទៅដោយ​ជំនាញ​ឧស្សាហកម្ម តាមរយៈ​ការនាំ​មុខ ផ្នែក​យូធូប ដែល​នេះ​ជា​ការវិនិយោគ​មួយ​ឆ្ពោះទៅរក​អាជីព​ផ្ទាល់ខ្លួន​ពួកគេ​។ អាជីវកម្ម​កំពុង​រីកលូតលាស់​តាមរយៈ​ការធ្វើ​ទីផ្សារ និង​ការផ្សព្វផ្សាយ​តាម​វេទិកា​បង្កើត​វីដេអូ​»​។

លោក​រដ្ឋមន្ដ្រី​បាន​បន្ថែមទៀតថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កំពុង​ជំរុញ​ឱ្យ​អ្នក​ផលិត​មាតិកា​ឌីជីថល​នៅ​កម្ពុជា ត្រូវ​យល់ដឹង​ពី​គោលនយោបាយ​របស់ YouTube នៃ​ការផលិត​វីដេអូ​ដែល​ត្រូវ​នឹង​ស្ដង់ដា​កំណត់ដោយ​ក្រុមហ៊ុន ដើម្បីឱ្យ​កម្ពុជា​មានឱកាស និង​សិទ្ធិ​រកប្រាក់​តាមរយៈ​កម្មវិធី​ភាពជា​ដៃគូ​ (YouTube Partnership) ​ក្នុងពេល​ឆាប់ៗ​នេះ​។

លោក​ថ្លែងថា​៖ «Youtube គឺជា​កម្មវិធី​មួយ​ដែល​មិនមែនជា​វេទិកា​បង្កើត​វីដេអូ​ធំជាងគេ​ទេ ប៉ុន្តែ​វា​បាន​ត​ភ្ជាប់​ក្រុម​អ្នកបង្កើត​ដល់​អ្នក​ចូល​មើល​អាច​ទទួលបាន​មាតិកា​ដោយ​មិន​គិត​ប្រាក់​។ វា​មិន​ត្រឹមតែ​ផ្ដល់​ភាពច្នៃប្រឌិត​សម្រាប់​សិល្បករ និង​ក្រុម​អ្នកបង្កើត​នូវ​មូលដ្ឋាន និង​ឯកទេស​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​វេទិកា​យល់ដឹង​លើ​បញ្ហា​ផ្សេងៗ និង​ការផ្លាស់ប្តូរ​សង្គម​អាច​កើតឡើង​បាន​គ្រាន់តែ​វីដេអូ​មួយ​ប៉ុណ្ណោះ​»​។

លោកស្រី Jia Wen Chuah ប្រធាន​ឧស្សាហកម្ម​ផ្នែក​វេចខ្ចប់​ទំនិញប្រើប្រាស់ និង​លក់រាយ​របស់​ក្រុមហ៊ន Google ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ដែល​ចូលរួម​សិក្ខាសាលា​ខាងលើ​ឱ្យដឹងថា ប្រជាជន​ជាង ២ ​ពាន់​លាន​នាក់​ចូល​មើល YouTube ជា​រៀងរាល់ខែ​ដើម្បី​មើល​អ្វីដែល​ពួកគេ​ចូលចិត្ត និង​ចំណាយ​រយៈពេល ១ ​ពាន់​លាន​ម៉ោង​លើ​ការមើល YouTube ប្រចាំថ្ងៃ ជា​កន្លែង​ដែល​ប្រជាជន​មើល​អ្វីដែល​ពួកគេ​ចូលចិត្ត​។

លោកស្រី​បានលើកឡើង​ថា​៖ «YouTube គឺជា​កន្លែង​ដែល​ប្រជាជន​អាច​ស្វែង​រក​មធ្យោបាយ​ក្នុង​ការអនុវត្ត​ការថែទាំ​ខ្លួន​ (​លំហាត់​ប្រាណ​) ហើយក៏​ជា​កន្លែង​ដែល​ប្រជាជន​ស្វែងរក​មធ្យោបាយ​តភ្ជាប់​អត្ថប្រយោជន៍​រួម​ផងដែរ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ថ្ងៃទី​ ១៧ ខែឧសភា ឱ្យដឹងថា សេវាកម្ម​វីដេអូ​អនឡាញ​របស់ Google Inc ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​មាន​មូលដ្ឋាន​នៅ​អាមេរិក​ថ្មីៗ​នេះ​បាន​លុប​ចោលការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ប្រទេស​ជាង​ ៩០ រួមទាំង​កម្ពុជា ខណៈដែល​ក្រុមហ៊ុន​មួយ​នេះ​បានធ្វើការ​កែតម្រូវ​គោលនយោបាយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន និង​បង្ខំ​ឱ្យ​អ្នក​ផលិត​មាតិកា​ត្រូវ​ឆ្លើយតប​តាម​លក្ខខណ្ឌ​តម្រូវ​ «​កម្មវិធី​ដៃគូ​យូធូប​» ​របស់ខ្លួន​ដើម្បី​រកប្រាក់​ចំណូល​ពី​ការផ្សាយ​ពាណិជ្ជកម្ម​៕ LA