ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​លើ​ការចិញ្ចឹម​បង្កង​ទឹកសាប​អូស្ត្រាលី ឬ​បង្កង​តង្កៀប​ក្រហម​នៅ​កម្ពុជា​ឱ្យបាន​កាន់តែ​ច្រើន​ ដើម្បី​រួមចំណែក​ធានា​បរិមាណ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ឈានទៅ​នាំចេញ​នាពេល​អនាគត ខណៈ​ក្រសួងកសិកម្ម​នឹង​សហការ សម្របសម្រួល ដើម្បី​ធ្វើឱ្យ​ការវិនិយោគ​នេះ​ទទួលបាន​ជោគជ័យ​។

ថ្លែង​ក្នុងពេល​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ទួលទន្លេជុំ ក្នុង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​ ២១ សីហា លោក វេង សាខុន ឱ្យដឹងថា បង្កង​ទឹកសាប​អូស្ត្រាលី ឬ​បង្កង​តង្កៀប​ក្រហម គឺជា​ប្រភេទ​បង្កង​ពូជ​ថ្មី​ដែល​ការចិញ្ចឹម​នៅ​កម្ពុជា​មិនទាន់​មាន​លក្ខណៈ​ទូលំទូលាយ ហេតុនេះ​លោក​លើកទឹកចិត្ត​ឱ្យ​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ទួល​ទន្លេជុំ ត្រូវខិតខំ​បន្ត​ផលិត​កូន​បង្កង និង​បង្កង​សាច់​ពូជ​ថ្មី​នេះ​ឱ្យបាន​កាន់តែ​ច្រើន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ក៏ដូចជា​បញ្ចេញ​លក់​កូន​ពូជ​ឱ្យ​កសិករ​យក​ចិញ្ចឹម​បន្ត​។

លោក​បន្តថា សកម្មភាព​នេះ​ដើរ​ស្របតាម​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម​របស់​រដ្ឋាភិបាល​ក្នុង​ការធានា​សុវត្ថិភាព​ស្បៀង បង្កើន​ប្រាក់ចំណូល ជំរុញ និង​បង្កើន​ផលិតកម្ម​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក ពិសេស​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូវីដ​ ១៩​។

លោក​បាន​ថ្លែងថា​៖ «​ជាមួយ​នឹង​សមិទ្ធផល​ដែល​កសិដ្ឋាន​សម្រេចបាន​ពេលនេះ ខ្ញុំ​សូម​ណែនាំ​ឱ្យ​កសិដ្ឋាន​ត្រូវ​ខំ​ពង្រីក​សក្តានុពល​ចិញ្ចឹម​បន្ថែមទៀត ដោយ​ត្រូវ​សហការ​ជាមួយ​នឹង​រដ្ឋបាល​ជលផល​ធ្វើការ​បង្កាត់​ពូជ និង​ពង្រីក​ដៃគូ​ចិញ្ចឹម​ជាមួយ​កសិករ បង្កើន​បរិមាណ​បង្កង​ក្នុងស្រុក ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​»​។

លោក​បន្ថែមថា​៖ «​ក្រសួង ក៏ដូចជា​រដ្ឋបាល​ជលផល​នឹង​រង់ចាំ​សហការ​សម្របសម្រួល​ដើម្បី​ធ្វើឱ្យ​ដំណើរការ​វិនិយោគ​ការចិញ្ចឹម​បង្កង​អូស្ត្រាលី​ទទួលបាន​ជោគជ័យ​»​។

ចាប់ផ្តើម​សាកល្បង​ចិញ្ចឹម​លើកដំបូង​ក្នុង​ឆ្នាំ ២០១៨ លើ​ផ្ទៃដី ១៨ ​ហិកតា បច្ចុប្បន្ន​កសិដ្ឋាន​បង្កង​ទួល​ទន្លេ​ជុំ មាន​អាង​សម្រាប់​បង្កាត់​ពូជ ចំនួន ៦២ និង​មាន​ស្រះ​ចំនួន ៦០ (​ទំហំ​តូច-ធំ​) ដោយមាន​បង្កង​ (​មេ​) ទឹកសាប​ពូជ​អូស្ត្រាលី​ចំនួន​ជាង ៦ ​ម៉ឺន​ក្បាល និង​អាច​ផលិត​កូន​បង្កង បាន​ចន្លោះ​ពី ៥-១០ ​ម៉ឺន​កូន​ក្នុង​ ១ ​ខែ​។

ម្ចាស់​កសិដ្ឋាន​បង្កង​ទួល​ទន្លេជុំ លោក តាន់ នរវិន្ទ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ក្នុង​ថ្ងៃទី​ ២៣ ខែសីហា​ថា បច្ចុប្បន្ន​ការចិញ្ចឹម​បង្កង​សាច់​ទឹកសាប​អូស្ត្រាលី នៅ​ប្រទេស​កម្ពុជា​ស្ទើរតែ​មិនទាន់មាន​នៅឡើយ​ទេ បើ​ទោះបី​ផលិតផល​នេះ​រំពឹង​នឹងមាន​ទីផ្សារ​ខ្ពស់​ក្នុងពេល​ឆាប់ៗ ជាពិសេស​នៅពេល​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ មាន​ភាព​ធូរស្រាល​។ លោក​បន្តថា បង្កង​ទឹកសាប​អូស្ត្រាលី​នៅពេល​នេះ​មានតម្លៃ​ចន្លោះ​ពី ១២-២៥ ​ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម ដោយ​អាស្រ័យទៅលើ​ទំហំ​បង្កង​។

លោក​ប្រាប់ថា​៖ «​ទោះ​តម្លៃ​អាច​ទទួលយកបាន​សម្រាប់​អ្នក​ចិញ្ចឹម ក៏​បរិមាណ​ការផ្គត់ផ្គង់​បង្កង​ប្រភេទ​នេះ​នៅ​ទីផ្សារ​កម្ពុជា​នៅមាន​តិចតួច​បំផុត ឬ​ពេលខ្លះ​មិនមាន​តែម្តង​»​។

លោក​លើកឡើង​ទៀតថា ជាមួយ​នឹង​ការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កសិដ្ឋាន​របស់លោក​នឹង​ខិតខំ​ពង្រីក​ការបង្កើត​ពូជ​កូន និង​ចិញ្ចឹម​បង្កង​យក​សាច់​ឱ្យបាន​កាន់តែ​ច្រើន ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការបង្កើន​សមត្ថភាព​ផលិត​ក្នុងស្រុក បង្កើត​ការងារ​ថ្មីៗ​។

ចាប់ពី​ខែកញ្ញា​ខាងមុខ កសិដ្ឋាន​បង្កង​ទួល​ទន្លេ​ជុំ គ្រោង​នឹង​បញ្ចេញ​លក់​បង្កង​ទឹកសាប​អូស្ត្រាលី​ឱ្យ​បាន ៣០០ ​គីឡូក្រាម​ក្នុង​ ១ ​ខែ ហើយ​ចំនួន​នេះ​នឹង​កើន​បន្ថែមទៀត​ចាប់ពី​ដើមឆ្នាំ​ ២០២២ តទៅ​។ ធម្មតា​គេ​ត្រូវ​ចំណាយពេល​ ៤ ​ខែ ដើម្បី​អាច​ចាប់​កូន​បង្កង​លក់បាន​។ នេះ​បើតាម​លោក នរវិន្ទ​។

បើ​យោងតាម លោក នរវិន្ទ ផែនការ​របស់​កសិដ្ឋាន​លោក​ក៏​នឹង​បង្កើន​ការផលិត​កូន​បង្កង​ពូជ ពី​ចំនួន ៥-១០ ​ម៉ឺន​ក្បាល​ក្នុង​ ១ ​ខែ​ឱ្យ​កើន​ដល់ ១-២ ​លាន នៅពេល​ឆាប់ៗ​។

ទាក់ទង​នឹង​បញ្ហា​ហិរញ្ញវត្ថុ លោក នរវិន្ទ បានឱ្យដឹងថា ទោះ​ពេលនេះ​កសិដ្ឋាន​លោក​បញ្ចេញ​ទុនវិនិយោគ​រហូតដល់​ប្រហែល ៥០ ​ម៉ឺន​ដុល្លារ​ហើយក៏​ដោយ ក៏​កសិដ្ឋាន​នៅតែមាន​បញ្ហា​ប្រឈម​កង្វះ​ទុនវិនិយោគ​បន្ថែម​ផងដែរ ដោយ​លោក​ស្នើឱ្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ពិនិត្យ​លទ្ធភាព​ក្នុង​ការទម្លាក់​កម្ចី​សម្រាប់​អាជីវកម្ម​នេះ​ផង​៕ LA