ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ក្រោម​កិច្ចសហការ​ពី​ស្ថានទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) នឹង​អភិវឌ្ឍ​ «​ប្រព័ន្ធ​អេកូស៊ីស្ដែម​ឌីជីថល​» ដើម្បី​គាំទ្រ​វិស័យ​ធុរកិច្ច​អនឡាញ​ដែលមាន​និន្នាការ​ពេញនិយម​ទាំង​នៅ​កម្ពុជា​ និង​នៅ​ពិភពលោក ដែល​គេ​រំពឹងថា វា​នឹង​រួមចំណែក​ដល់​ការកសាង​សេដ្ឋកិច្ច​ដ៏រឹងមាំ​ក្នុងអំឡុងពេល និង​ក្រោយពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោកស្រី Sonali Dayaratne មន្ដ្រី​ទទួលបន្ទុក UNDP Cambodia បានឱ្យដឹងថា ប្រព័ន្ធ​អេកូស៊ីស្ដែម​ឌីជីថល មាន​គោលបំណង​សំខាន់ៗ​ដូចជា បង្កើន​ការយល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការទទួល​យក​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ការបង្កើន និង​ការកែលម្អ​សមត្ថភាព​របស់​មីក្រូ​សហគ្រាស​ធុន​តូច និង​មធ្យម (MSMEs) លើ​មធ្យោបាយ​នៃ​ការធ្វើ​អាជីវកម្ម​តាមបែប​ឌីជីថល​។

លោកស្រី​កត់សម្គាល់ថា ទិសដៅ​នៃ​គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម​អេឡិចត្រូនិក ក្នុងចំណោម​សហគ្រាស និង​អតិថិជន​។

លោកស្រី​ថ្លែងថា​៖ «​គំនិត​ផ្តួចផ្ដើម​នេះ ត្រូវបាន​បង្កើតឡើង​កាលពី​ខែមេសា​ឆ្នាំនេះ ហើយនឹង​បញ្ចប់​នៅ​ខែវិច្ឆិកា​ឆ្នាំនេះ​។ ហេតុនេះ យើង​សង្ឃឹមថា សហគ្រាស និង​អតិថិជន​កាន់តែច្រើន​នឹងចូលរួម​ជាមួយ​ពួកយើង​ដើម្បី​សម្រេចបាន​គោលបំណង​ប្រកបដោយ​មហិច្ឆតា​នៃ​ការរួមបញ្ចូល​មួយ​នេះ​»​។

លោក Pablo KANG ឯកអគ្គរាជទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា​បញ្ជាក់ថា អាជីវកម្ម​ធុន​តូច គឺជា​កតា្ត​ជំរុញ​ដ៏សំខាន់​មួយ​នៃ​សេដ្ឋកិច្ចកម្ពុជា និង​មាន​សារៈសំខាន់​ចំពោះ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​ចំពោះ​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩​។

លោក​លើកឡើងថា​៖ «​ជា​ការឆ្លើយតប​នឹង​ការរីករាលដាល​ជំងឺ​នេះ ប្រទេស​អូស្ដ្រាលី និង UNDP Cambodia បាន​គាំទ្រ MSME ដើម្បី​ដំណើរការ​យ៉ាងរហ័ស​នូវ​អាជីវកម្ម​អនឡាញ​របស់​ពួកគេ​ដូច្នេះ​ពួកគេ​អាច​បន្ត​ប្រតិបត្តិការ​នៅក្នុង​បរិយាកាស​ដែល​រឹតបន្តឹង​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​នេះ​»​។

លោក​បញ្ជាក់ថា​៖ «​គំនិត​ផ្តួចផ្ដើម​ដែល​បាន​ដឹកនាំ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ជាមួយ​សមាគម​ពាណិជ្ជកម្ម​កម្ពុជា គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​អាជីវកម្ម​ឌីជីថល នឹងធ្វើ​ការងារ​ឆ្ពោះទៅរក​អនាគត​ឌីជីថល​រួមបញ្ចូល​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​មិនខាន​»​។

លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់ថា សម្ព័ន្ធ​ឌីជីថល​កាន់តែ​រឹងមាំ នឹង​ជំរុញ​និរន្តរភាព​អាជីវកម្ម ជាមួយនឹង​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​គាំទ្រ​ដល់ MSME​។

លោក វ៉ាន់ដេត បញ្ជាក់​៖ «​កម្មវិធី​នេះ​យើង​ទទួលបាន​ការសហការ​រៀបចំ​ពី​ទីភ្នាក់ងារ​អូស្ត្រាលី​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (AusAID) និង​ UNDP ​នៅ​កម្ពុជា រួមជាមួយ​សមាគម​ពាណិជ្ជកម្ម​នៃ​ស្ថាប័នហិរញ្ញវត្ថុ និង​អាជីវកម្ម​ឌីជីថល​នៅ​កម្ពុជា ដើម្បី​គាំទ្រ​ការចាប់យក និង​ការបន្ត​សកម្មភាព​អាជីវកម្ម​អនឡាញ​ក្នុង​បរិការណ៍​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​ជំរុញ​ឆ្ពោះទៅរក​អនាគត​ឌីជីថល​កាន់តែ​មាន​សុវត្ថិភាព​នៅ​កម្ពុជា​»​។

ដោយ​ការទទួលស្គាល់​នូវ​គម្លាត និង​បញ្ហា​ប្រឈម​សំខាន់ៗ​ទាំងនេះ UNDP ដែល​បាន​គាំទ្រ​ដោយ​ជំនួយ​អូស្ដ្រាលី និង​បាន​ជួយ​សម្រួល​ដោយ Idea Consultancy បាន​ផ្ដួចផ្ដើម​ការរួមបញ្ចូល​ឌីជីថល​នេះ ដើម្បី​គាំទ្រ​សកម្មភាព​សំខាន់ៗ​ដូចជា ទី​ ១ យុទ្ធនាការ​យល់ដឹង​ជា​សាធារណៈ​ស្ដីពី​អត្ថប្រយោជន៍​នៃ​ការទទួលយក​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ទី​ ២ ការកសាង​សមត្ថភាព​របស់ SME លើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។ នេះ​បើ​យោងតាម​លោកស្រី Dayaratne​។

លោកស្រី​បន្ថែមថា ដើម្បី​ធ្វើឱ្យមាន​ភាពជាក់លាក់ នៅពេល​នេះ​យើង​មាន SME ​ជាង​ ៥០០ ដែល​ចូលរួម​ដោយផ្ទាល់​នៅក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​លើ​ជំនាញ​ឌីជីថល ហើយ​ SME និង​អតិថិជន​ជាង ៥០០ ០០០ បាន​ចូលរួម​ក្នុង​យុទ្ធនា​ការយល់ដឹង​ពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក លើ​អត្ថប្រយោជន៍​នៃ​ដំណោះស្រាយ​ឌីជីថល និង​ប្រព័ន្ធ​ទូទាត់​ឌីជីថល​។

លោកស្រី​លើកឡើង​ថា​៖ «​យើង​សូម​កោតសរសើរ​យ៉ាងខ្លាំង​ដែល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​គាំទ្រ​ការដាក់បញ្ចូល​នេះ​តាំងពី​ដំណាក់កាល​ចាប់​ផ្ដើមដំបូង​របស់ខ្លួន និង​បាន​យល់ព្រម​ក្នុង​ការបន្ត​គាំទ្រ​តម្រូវការ​ព័ត៌មាន និង​ទ្រព្យ​ធានា​របស់​ MSME សម្រាប់​ការធ្វើ​ឌីជីថលូបនីយកម្ម ព្រមទាំង​ការលក់​តាម​ប្រព័ន្ធ​អនឡាញ​ដែល​ទទួលបាន​ប្រាក់ចំណេញ និង​ស្របតាម​ក្របខ័ណ្ឌ​ច្បាប់​»៕LA