ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សមាគម​មៀន​ប៉ៃលិន បាននិង​កំពុង​ពន្លឿន​ការបើក​ទីផ្សារ​មៀន​ទៅកាន់​ប្រទេស​ចិន ដោយ​រំពឹងថា ​កិច្ចការ​នេះ​នឹង​ឆាប់​សម្រេចបាន​ ដើម្បី​ដោះស្រាយ​ទីផ្សារ​ផ្លែមៀន នា​រដូវ​ប្រមូលផល​ឆ្នាំនេះ​។

អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មៀន​ប៉ៃលិន លោក សួន ជុំ បានឱ្យដឹងថា ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម​បានដាក់​សំណើ​ចរចា​ជាមួយ​ភាគី​ចិន​រួចហើយ លើ​ពិធីសារ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​មៀន​ប៉ៃលិន​ (​តាង៉ែន​) ​ស្រស់ និង​ក្លាស្សេ​ទៅកាន់​ប្រទេស​ចិន​។

លោក​ឱ្យដឹងទៀតថា កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការផ្គត់ផ្គង់​មៀន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ខណៈ​រោងចក្រ​កែច្នៃ​មៀនបាន​កសាង​រួចរាល់​ហើយ​។ រោងចក្រ​នេះ វិនិយោគ​ដោយ​វិនិយោគិន​ចិន ដែលមាន​ទុនវិនិយោគ​ជិត ៥ ​លាន​ដុល្លារ​នៅក្នុង​ខេត្ត​ប៉ៃលិន​។

លោក​ប្រាប់ថា​៖ «​រោងចក្រ​នេះ​នៅ​មិនទាន់​ដំណើរការ​ទេ ព្រោះ​យើង​មិនទាន់​មានច្បាប់​អនុញ្ញាត​ឱ្យ​នាំចេញ​ត្រង់​ទៅ​ចិន ដោយ​ការចរចា​លក្ខខណ្ឌ​ភូតគាម​អនាម័យ​ជាមួយ​ចិន​កំពុង​ដំណើរការ​នៅឡើយ​»​។

លោក​បន្ថែមថា រោងចក្រ​នេះ​មាន​សមត្ថភាព​វេចខ្ចប់​បាន​ចំនួន​រាប់រយ​តោន​ក្នុង​ ១ ​ថ្ងៃៗ ហើយ​រោងចក្រ​នេះ​អាច​សម្ងួត​មៀនបាន​ប្រមាណ ៣០ ​តោន​ក្នុង​រយៈពេល ១ ​ម៉ោង​។

លោក​និយាយថា​៖ «​ក្រសួងកសិកម្ម​ពិតជា​បាន​ខំប្រឹងប្រែង​ណាស់​ក្នុង​ការបើក​ទីផ្សារ​មៀន​ប៉ៃលិន​នៅ​ប្រទេស​ចិន យើង​មើលទៅ​ការបើក​ទីផ្សារ​មៀន​ទៅ​ចិន​ជិត​នឹង​សម្រេចបាន​ហើយ បើ​យើង​ពិនិត្យ​មើលទៅ​វា​ដល់​ពេលវេលា​ហើយ​»​។

ទាក់ទង​នឹង​ការបើក​ទីផ្សារ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ចិន កាលពី​ថ្ងៃទី​ ១២ ខែ តុលា ឆ្នាំ​ ២០២០ ដែល​កិច្ចព្រមព្រៀង​នេះ​នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល ៣០ ​ថ្ងៃក្រោយ បន្ទាប់ពី​រដ្ឋសភា​នៃ​ប្រទេស​ទាំង ២ ​បាន​ផ្តល់​សច្ចាប័ន​។

ផលិតផល​ផ្លែ​មៀន និង​មុខទំនិញ​ជាច្រើន​ទៀត ត្រូវ​ភាគី​ចិន​លុបចោល​ពន្ធ​នាំចូល​ទាំងស្រុង​ (​ពន្ធគយ​សូន្យ​)​។

កាលពី​សប្តាហ៍​ទី​ ២ ខែសីហា កសិករ​ដាំ​ផ្លែមៀន​ប៉ៃលិន និង​ក្រុម​ឈ្មួញ​នាំ​ចេញទៅ​ប្រទេស​ថៃ​បាន​ជួបនឹង​បញ្ហា​ទីផ្សារ​យ៉ាងខ្លាំង ដែល​បណ្តាល​មកពី​ប្រទេស​ថៃ សម្រេច​បញ្ឈប់​ការទិញ​ផ្លែ​មៀន​ពី​កម្ពុជា​ទាំងស្រុង ក្រោយពី​ប្រទេស​ចិន សម្រេច​ឈប់​ឱ្យ​ប្រទេស​ថៃ​នាំ​ចូលទៅ​ប្រទេស​ខ្លួន​។

បើតាម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បច្ចុប្បន្ន​ការដាំ​មៀន​ប៉ៃលិន​កំពុង​កើនឡើង​គួរឱ្យ​កត់សម្គាល់​ដោយមាន​ផ្ទៃដី​ដាំ​ជាង ១៣ ៦០៨ ​ហិកតា​ នៅ​ទូទាំងប្រទេស ហើយ​ភាគច្រើន​ដាំ​នៅ​ខេត្ត​ប៉ៃលិន បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។ ក្នុងនោះ​ផ្ទៃដី​ជិត ៧ ​ពាន់ហិកតា​កំពុង​ប្រមូលផល​នៅ​ឆ្នាំនេះ ដែល​នឹង​ផ្តល់​ប្រមាណ ១១ ​ម៉ឺន​តោន​។

តាង៉ែន​ផ្តល់​ផល​ជា​មធ្យម​ពី ៧៣០ ​តោន ​ក្នុង​ ១ ​ហិកតា អាស្រ័យ​លើ​ការថែទាំ​៕ LA

វីដេអូ៖