ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ​យ៉ាងហោច ១២ ដែល​មាន​ទុនវិនិយោគ​សរុប ៨០ ​លាន​ដុល្លារ និង​អាចបង្កើត​ឱកាស​ការងារ​បាន​ជាង ៤ ០០០ ​កន្លែង​គិត​ត្រឹម​សប្តាហ៍​ទី​៣ នៃ​ខែសីហា​នេះ​។

គម្រោង​ទាំងនោះ​រួមមាន គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​អាលុយមីញ៉ូម ដែក និង​ទង់ដែង តម្លៃ ៣ ​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Ethan Metal Manufacture Co., Ltd នៅក្នុង​ស្រុក​អង្គស្នួល ខេត្តកណ្តាល​, គម្រោង​បង្កើត​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៥ ​មេហ្គាវ៉ាត់ តម្លៃ ៤,៧ ​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Soma Energy Co., Ltd ស្ថិតនៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​, គម្រោង​បង្កើត​រោងចក្រ​ថាមពល​អគ្គិសនី ដើរ​ដោយ​ប្រេងខ្មៅ អនុភាព​ ២៣ មេហ្គាវ៉ាត់​តម្លៃ ៨,៥ ​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Schneitec Alternative Co., Ltd នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ជីវគីមី​របស់​ក្រុមហ៊ុន Xin Chenhui (Cambodia) Chemical Industry Co., Ltd នៅ​ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោម​ទុន​វិនិយោគ ៩,១ ​លាន​ដុល្លារ​។

ចំណែក​គម្រោង​ផ្សេងទៀត​រួមមាន គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ (​មាន់​, ទា​, ជ្រូក​) ​របស់ Soma Farm (Cambodia) Co., Ltd ដែលមាន​ទុនវិនិយោគ ១១,១ ​លាន​ដុល្លារ នៅ​ស្រុក​បាទី ខេត្តតាកែវ​, គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ (​ដំណាប់​ម្នាស់​, ស្វាយ​, មៀន​, ខ្នុរ និង​ស្វាយចន្ទី​) របស់​ក្រុមហ៊ុន Cambodian Xing Can Shi Pin Co., Ltd. ទុន​វិនិយោគ ១១,២ ​លាន​ដុល្លារ​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ព្រមទាំង​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដែក​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន Cambodian A1 Steel Industry Co., Ltd. នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ ១៥,៩ ​លាន​ដុល្លារ​។

CDC ក៏បាន​អនុម័ត​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​សុវត្ថិភាព ផលិត​កាបូប និង​ឧបករណ៍​សម្ភារ​សម្រាប់​បោះជំរំ​គ្រប់​ប្រភេទ ចំនួន ២ មាន​ទុនវិនិយោគ​សរុប ៥,៧ ​លាន​ដុល្លារ ដែល​គម្រោង​ទី​ ១ វិនិយោគ​ដោយ​ក្រុមហ៊ុន Auspicious Bag & Shoes Accessories Co., Ltd នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​គម្រោង​ទី ២ របស់​ក្រុមហ៊ុន ChasefireOutdoors (Cambodia) Co., Ltd នៅ​ស្រុក​សំរោង ខេត្តតាកែវ​។

ដោយឡែក CDC ក៏បាន​អនុម័ត​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ គ្រឿង​ផ្គុំ​កាបូប និង​គ្រឿង​ផ្គុំ​ស្បែកជើង ចំនួន​ ៣ ដែលមាន​ទុនវិនិយោគ​សរុប ១៣,៩ ​លាន​ដុល្លារ​។ ក្នុងនោះ រោងចក្រ​ចំនួន​ ២ ស្ថិតនៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល និង​ ១ ​ទៀត នៅ​ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ​។ ក្រុមហ៊ុន​ទាំងនោះ រួមមាន Collaboration Packaging Material Products Co., Ltd, ក្រុមហ៊ុន Sen Wang Ying New Material Co., Ltd និង​ក្រុមហ៊ុន Gianni Vince Bags(Cambodia)​។

លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈកម្មការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ទី​ ៣ រដ្ឋសភា កាល​សប្តាហ៍​មុន​ថា ប្រទេស​កម្ពុជា​នឹង​ក្លាយជា​គោលដៅ​វិនិយោគ​កាន់តែ​ទាក់ទាញ​នៅពេល​ច្បាប់​វិនិយោគ​របស់​កម្ពុជា​ចូល​ជា​ធរមាន​។

លោក​បាន​ថ្លែងថា​៖ «​ការចូល​ជា​ធរមាន​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិតជា​នឹង​ជួយ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​មក​កម្ពុជា​»​។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ខែកុម្ភៈ ​បាន​ឱ្យដឹង​ក្នុង​ឆ្នាំ​ ២០២០ CDC បានអនុម័ត​លើ​គម្រោង​វិនិយោគ​ចំនួន​ ២៣៨ ដែលមាន​ទុនវិនិយោគ​សរុប ៨,២ ​ពាន់​លាន​ដុល្លារ ថយចុះ ១២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បង្ហាញថា ការនាំចេញ​ផលិតផល​កាត់ដេរ​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់ ៤ ៧២១,៤ លាន​ដុល្លារ កើន ៤០,១ លាន​ដុល្លារ ស្មើនឹង ០,៩ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​៕ LA