ភ្នំពេញៈ ប្រទេស​កម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​ (LDC) ​ទាំង ២៩ ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពី​កញ្ចប់​មូលនិធិ ៦៥០ ​ពាន់​លាន​ដុល្លារ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ​សម្រាប់​ធ្វើឱ្យ​សេដ្ឋកិច្ច​ស្ទុះ​ងើបឡើង​វិញ ដែល​បណ្តាលមកពី​ការ​ញាំញី​ដោយ​ការរីករាលដាល​កូវីដ-១៩ ជាពិសេស​វីរុស​វ៉ារ្យង់​ថ្មី​។

លោកស្រី Kristalina Georgieva នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ​កាលពី​ថ្ងៃ​ទី​ ២៣ ខែសីហា បាន​ចាប់ផ្តើម​ការបែងចែក​ចំនួន​ច្រើន​បំផុត​នៃ​សិទ្ធិ​ដក​ប្រាក់​ជាពិសេស​ (SDRs) នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រហែល ៦៥០ ​ពាន់​លាន​ដុល្លារ​អាមេរិក​។ ការបែងចែក​ទុក​នេះ គឺជា​ការលើកទឹកចិត្ត​ដ៏សំខាន់​មួយ​សម្រាប់​ពិភពលោក ហើយ​វា​ជា​ឱកាស​ពិសេស​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​ដែល​មិន​ធ្លាប់មាន​ពីមុន​។

លោកស្រី​បានលើកឡើង​ថា SDRs កំពុង​ត្រូវបាន​ចែកចាយ​ទៅឱ្យ​ប្រទេស​ជាច្រើន​នៅក្នុង​សមាមាត្រ​ទៅនឹង​ចំណែក​កូតា​របស់​ពួកគេ​ក្នុង IMF​។ មានន័យថា ប្រហែល ២៧៥ ​ពាន់​លាន​ដុល្លារ​នឹងត្រូវ​ផ្ដល់ឱ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដោយ​ក្នុង​ចំណោម​នោះ​បណ្ដា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​នឹង​បាន​ទទួល​ប្រហែល ២១ ​ពាន់​លាន​ដុល្លារ​ស្មើនឹង ៦ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) ​ក្នុងករណី​មួយចំនួន​។

លោកស្រី​ថ្លែងថា​៖ «​ការបែងចែក SDR នឹង​ផ្ដល់​សន្ទនីយភាព​បន្ថែម​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ពិភពលោក ដែល​បន្ថែម​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ប្រទេស​នានា និង​កាត់បន្ថយ​ការពឹងផ្អែក​របស់​ពួកគេ​ទៅលើ​បំណុល​ក្នុងស្រុក ឬ​ក្រៅប្រទេស​ដែលមាន​តម្លៃ​កាន់តែ​ខ្ពស់​។ បណ្ដា​ប្រទេស​ទាំងនោះ​អាច​ប្រើប្រាស់​លម្ហ​ដែល​បានផ្ដល់​ដោយ​ការបែងចែក SDR ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​របស់​ពួកគេ និង​បង្កើនល្បឿន​ការប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​របស់​ពួកគេ​»​។

លោកស្រី​អះអាងថា​៖ «​ការបែងចែក SDR គឺជា​សមាសធាតុ​ដ៏សំខាន់​នៃ​កិច្ចខំប្រឹងប្រែង​ទូលំទូលាយ​របស់ IMF ដើម្បី​គាំទ្រ​ដល់​ប្រទេស​ជាច្រើន តាមរយៈ​ការរីករាលដាល​ជំងឺ​ដែល​រួមមាន ១១៧ ​ពាន់​លាន​ដុល្លារ​ជា​ហិរញ្ញប្បទាន​ថ្មី​សម្រាប់​ប្រទេស​ចំនួន ៨៥ បន្ធូរបន្ថយ​សេវា​បំណុល​សម្រាប់​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​ចំនួន​ ២៩ (​រួមទាំង​កម្ពុជា​) និង​ដំបូន្មាន​គោលនយោបាយ និង​ការគាំទ្រ​ការអភិវឌ្ឍ​សមត្ថភាព​ដល់​ប្រទេស​ជាង​ ១៧៥ ដើម្បី​ជួយ​ធានា​នូវ​ការស្ទុះ​ងើបឡើង​វិញ​ដ៏រឹងមាំ និង​មាន​ស្ថិរភាព​»​។

កាលពី​ថ្ងៃទី​ ២ សីហា IMF បានអនុម័ត​ជំនួយ​ឥតសំណង ២៤០ ​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​ផលប៉ះពាល់​ដែល​បណ្តា​លពី​ការរីករាលដាល​កូវីដ​ ១៩​។

លោកស្រី Lim Solinn នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ Oxfam Cambodia បានឱ្យដឹង​កាលពី​ថ្ងៃទី​ ១១ ខែសីហា​ថា​៖ «SDR ថ្មី​នឹង​ជួយ​ដល់​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​រួមទាំង​កម្ពុជា ដើម្បី​ជម្នះ​នឹង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​ ១៩ និង​ស្ដារ​សេដ្ឋកិច្ច​ខ្លួន​ឡើងវិញ​»​។

លោកស្រី​លើកឡើងថា រដ្ឋាភិបាល​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស និង​គាំទ្រ​ដល់​ប្រជាជន​ដែល​ងាយ​ទទួលរង​គ្រោះ ព្រមទាំង​ជម្នះ​នឹង​ការខាតបង់​ជីវភាព​រស់នៅ​របស់​ពួកគេ​ជាមួយនឹង​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​ជា​ប្រវត្តិសាស្ដ្រ​របស់ខ្លួន​។

លោកស្រី​បន្តថា រដ្ឋាភិបាល​បន្ត​ធ្វើ​ការងារ​ប្រកប​ដោយ​តម្លាភាព ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ធានា​ថា​ហិរញ្ញប្បទាន​ដែល​មិនមាន​បំណុល​នេះ​ត្រូវបាន​ប្រើប្រាស់​ ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ​ ១៩​។

SDR គឺជា​ទ្រព្យសកម្ម​ទុនបម្រុង​អន្តរជាតិ​មួយ​ដែល​បាន​បង្កើតឡើង​ដោយ IMF ដើម្បី​បំពេញបន្ថែម​ទុនបម្រុង​ផ្លូវការ​របស់​ប្រទេស​ជា​សមាជិក​ខ្លួន​។ SDR មិនមែនជា​រូបិយប័ណ្ណ​ទេ ប៉ុន្តែ​វា​គឺជា​ប្រាក់​សំណង​ដ៏មាន​សក្តានុពល​លើ​រូបិយប័ណ្ណ​ដែល​អាច​ប្រើ​បាន​ដោយ​សេរី​របស់​សមាជិក IMF​។ ក្រុម​រូបិយប័ណ្ណ​កំណត់ SDR គឺជា​ប្រាក់​ដុល្លារ​អាមេរិក អឺរ៉ូ ប្រាក់​យន់​ចិន ប្រាក់​យ៉េន​ជប៉ុន និង​ប្រាក់​ផោន របស់​អង់គ្លេស​៕ LA