ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េខាងត្បូង​រយៈពេល ៧ ​ខែ​ដើមឆ្នាំ​ ២០២១ មានតម្លៃ​ជាង ១៨៨ ​លាន​ដុល្លារ កើនឡើង​តិចតួច​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​តម្លៃ​សរុប ៥៥២,១ ​លាន​ដុល្លារ កើនឡើង​ ១០,៦ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (Kita)​។

ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែកក្កដា ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​កូរ៉េ​មាន​តម្លៃ ១៨៨,២ ​លាន​ដុល្លារ កើនឡើង ០,២ ​ភាគរយ​ពី​ចំនួន ១៨៧,៨ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ចំណែក​ការនាំចូល​ទំនិញ​ពី​ប្រទេស​កូរ៉េ​មាន​តម្លៃ ៣៦៤ ​លាន​ដុល្លារ កើន ១៧,២ ​ភាគរយ​ពី​ចំនួន ៣១០,៩៤ ​លាន​ដុល្លារ​។

សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុងអំឡុង​ខាងលើ​មាន​តម្លៃ ៥៥២,១ ​លាន​ដុល្លារ កើន​ពី ៤៩៨,៧៥ ​លាន​ដុល្លារ ឬ​ស្មើនឹង ១០,៦ ​ភាគរយ​។

ដោយឡែក​ក្នុង​ខែកក្កដា ឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ភាគី​ទាំង ២ មានតម្លៃ​សរុប ១០០,៧២ ​លាន​ដុល្លារ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មាន​តម្លៃ ២៨,៨២ ​លាន​ដុល្លារ កើនឡើង ១១,៩ ​ភាគរយ​ធៀប​ខែកក្កដា ឆ្នាំ​ ២០២០ និង​នាំចូល​មានតម្លៃ ៧២ ​លាន​ដុល្លារ កើន ៤៥,៥ ​ភាគរយ​។

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​កូរ៉េខាងត្បូង ភាគច្រើន​ជា​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ ភេសជ្ជៈ គ្រឿង​អេឡិចត្រូនិក គ្រឿងបន្លាស់ កៅស៊ូ ថ្នាំពេទ្យ និង​ផលិតផល​កសិកម្ម ហើយ​កម្ពុជា​នាំចូល​មកវិញ​រួមមាន យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារ​ផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ ផលិតផល​វត្ថុធាតុដើម និង​ផលិតផល​ប្លាស្ទិក ជាដើម​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២៤ ខែសីហា ថា​ការកើនឡើង​ព្រម​គ្នា​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​របស់​ភាគី​ទាំង ២ គឺជា​សញ្ញា​ល្អ ខណៈ​កំណើន​នេះ​ត្រូវ​រំពឹងថា​នឹងមាន​សម្ទុះ​ខ្លាំង​នៅពេល​ប្រទេស​ទាំង ២ ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA) ដែល​ភាគី​ទាំង ២ បានបញ្ចប់​ការចរចា​កាលពី​ដើមឆ្នាំ​ ២០២១ នេះ​។

លោក​បន្តថា ដោយឡែក​សម្រាប់​ចំនួន​ទឹកប្រាក់​ដែល​កូរ៉េ នាំ​ចូលមក​កម្ពុជា​ច្រើន​ជាង​កម្ពុជា​នាំចេញ​នោះ វា​មិនមែន​ជា​រឿង​បារម្ភ​ទេ ព្រោះ​ផលិតផល​នាំចូល​ពី​ប្រទេស​កូរ៉េ​ភាគច្រើន​ជា​វត្ថុធាតុដើម ឬ​ជា​គ្រឿង​បង្គុំ​សម្រាប់​ចូលរួម​ក្នុង​ចង្វាក់​ផលិតកម្ម ដើម្បី​ផលិត ឬ​កែច្នៃ​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​នានា​លើ​ពិភពលោក​។

លោក​ថ្លែងថា​៖ «​អ្វី​ដែលជា​ក្តីបារម្ភ​នោះ គឺ​យើង​មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​នាំចូល​វត្ថុ​សំខាន់ៗ​សម្រាប់​ទ្រទ្រង់​ដល់​ការផលិត និង​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​»​។

ជាមួយ​គ្នា​នេះ លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​បណ្ឌិត្យសភា​កម្ពុជា​) បាន​និយាយថា ទំហំ​ពាណិជ្ជកម្ម​របស់​ភាគី​ទាំង ២ កើន​ដូចគ្នា គ្រាន់តែ​ចំនួន​ទឹកប្រាក់ និង​អត្រាកំណើន​គិត​ជា​ភាគរយ​របស់​ភាគី​កូរ៉េ មាន​សញ្ញា​ល្អ​ជាង​។ លោក​បន្ថែមថា តាមរយៈ​ទិន្នន័យ​ខាងលើ​ទឹកប្រាក់​ដែល​កម្ពុជា​នាំចេញ​ធៀប​នឹង​ភាគី​កូរ៉េ គឺមាន​អតុល្យភាព​ប្រមាណ​ជិត ៥០ ​ភាគរយ ដែល​ទាមទារ​ឱ្យ​កម្ពុជា​ត្រូវខិតខំ​បន្ថែមទៀត​ក្នុង​ការធ្វើ​ពិពិធកម្ម​ផលិតផល​នាំចេញ​របស់ខ្លួន ជាពិសេស​ដើម្បី​ត្រៀម​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ចូល​ជា​ធរមាន​។

លោក​លើកឡើង​ថា​៖ «​ដើម្បី​កាត់បន្ថយ​គម្លាត​ចំនួន​ទឹកប្រាក់​នាំចេញ​នេះ កម្ពុជា​គួរ​ពិចារណា​បន្ថែមទៀត​ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​ក្នុងស្រុក និង​នៅ​ប្រទេស​កូរ៉េ ដើម្បី​សិក្សា​ពី​លទ្ធភាព​របស់​ផលិតផល​កម្ពុជា​ដែល​អាច​នាំចេញ​ទៅ​ប្រទេស​កូរ៉េ​»​។

យោងតាម Kita ក្នុង​ឆ្នាំ​ ២០២០ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​សម្រេចបាន​ក្នុង​ទឹកប្រាក់ ៨៨៤,៨៨ ​លាន​ដុល្លារ ធ្លាក់ ១៧,៧៧ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩ ដែលមាន ១ ០៣២ លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​កូរ៉េ​តម្លៃ​ជាង ៣១៧ ​លាន​ដុល្លារ​ធ្លាក់ចុះ ៥,៤ ​ភាគរយ ចំណែក​ការនាំចូល​មាន​ជាង ៥៦៧ ​លាន​ដុល្លារ​ធ្លាក់ចុះ ១៨,៦ ​ភាគរយ​៕ LA