ភ្នំពេញៈ SINET ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត និង​ទូរគមនាគមន៍​នៅ​កម្ពុជា​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ២៣ ខែសីហា នូវ​ភាពជា​ដៃគូ​រយៈពេល​វែង​ជាមួយ​ក្រុមហ៊ុន Juniper Network ដែលជា​បណ្ដាញ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) ឈានមុខ​លំដាប់​ពិភពលោក ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​របស់ខ្លួន ការបង្កើន​ល្បឿន និង​ការប្រើប្រាស់​ដំណោះស្រាយ​ទំនើបៗ​ឆ្លើយតប​នឹង​កំណើន​រហ័ស​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា​។

ជាមួយ​នឹង​វត្តមាន​ជិត ២០ ​ឆ្នាំ​នៅ​កម្ពុជា SINET បានបង្ហាញ​ដំណោះស្រាយ​បណ្តាញ​ថ្មី​ជា​បន្តបន្ទាប់​ ដើម្បី​ធ្វើឱ្យ​មាន​ភាពងាយស្រួល​ក្នុង​ការតភ្ជាប់ និង​ផ្តល់​ភាពងាយស្រួល​ដល់​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ប្រតិបត្តិការ​បណ្ដាញ​តភ្ជាប់​ដ៏សកម្ម​ជាង ២០០ ដែល​ផ្ដល់​ការតភ្ជាប់​អ៊ីនធឺណិត​រហ័ស និង​អាច​ទុកចិត្តបាន​ដល់​ក្រុង​សំខាន់ៗ និង​ខេត្ត​ក្រុង​ជាច្រើន ព្រមទាំង​ភូមិ​ស្រុក​ឆ្ងាយ​ដាច់ស្រយាល​ផងដែរ​។

លោក ដៀប គង់ ប្រធាន​ផ្នែក​បច្ចេកទេស​ក្រុមហ៊ុន SINET បាន​ប្រាប់ថា បទពិសោធ​ខ្ពស់​របស់ Juniper នឹង​រួមចំណែក​សម្រាប់​ការធ្វើ​ឱ្យ​ប្រសើរឡើង​បណ្ដាញ​ក្រុមហ៊ុន​របស់លោក ហើយ​ក៏​ដើម្បី​ឆ្លើយតប​តម្រូវការ​កើនឡើង​នៅ​កម្ពុជា​ដែរ​។

លោក​បាន​ថ្លែងថា​៖ «​យើង​រីករាយ​ក្នុង​ការពង្រឹង​ភាព​ជា​ដៃគូ​យូរអង្វែង​ជាមួយ Juniper Networks​។ ការធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ទាំងនេះ​បាន​រៀបចំ​សម្រាប់​ការទទួល​ជោគជ័យ​»​។

លោក​បន្ថែមថា​៖ «​ជាមួយ​បណ្តាញ​ដែលមាន​ស្ថិរភាព​ និង​សុវត្ថិភាព ដែល​បាន​ដាក់ឱ្យ​ដំណើរការ​ដោយ​ដំណោះស្រាយ​ដ៏ទំនើប យើង​នឹង​បន្ត​ផ្ដល់​ការសន្យា​ក្នុង​ការផ្ដល់​អំណាច​ដល់​អាជីវកម្ម និង​គាំទ្រ​ដំណើរ​ផ្លូវ​របស់​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​គំរូ​ថ្មី​នៃ​កំណើនសេដ្ឋកិច្ច ដែល​បាន​បង្កើតឡើង​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​សេដ្ឋកិច្ច​ឌីជីថល​ដែល​កំពុង​រីកចម្រើន​»​។

លោក Perry Sui នាយក​ជាន់ខ្ពស់​ក្រុមហ៊ុន Juniper Networks ទទួលបន្ទុក​តំបន់​អាស៊ី និង​កោះ​តៃវ៉ាន់​ឱ្យដឹងថា តាមរយៈ​ការផ្ដល់​នូវ​ដំណោះស្រាយ​បណ្ដាញ​ដែល​អាច​បត់បែន​បាន និង​ងាយស្រួល​ផ្លាស់ប្តូរ លោក​ជឿថា​នឹង​អាច​គាំទ្រ​កំណើន​ជា​បន្ត​របស់​ក្រុមហ៊ុន SINET និង​ដើម្បី​ជួយផ្ដល់​ការតភ្ជាប់​ប្រតិបត្តិការ​ខ្ពស់​ដល់​សហគមន៍​ឌីជីថល​ដ៏សកម្ម​នៅ​តំបន់​ទីក្រុង និង​ជនបទ​។

លោក Perry លើកឡើងថា​៖ «​វា​ជា​កិត្តិយស​មួយ​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផ្តល់​សេវា​បណ្តាញ​អ៊ីនធឺណិត​ធំជាងគេ​ជាច្រើន​របស់​កម្ពុជា ហើយ​យើង​មាន​ក្តី​រីករាយ​ក្នុង​ការផ្តល់​អំណាច​ដល់ SINET ក្នុង​ការតភ្ជាប់​អ្នកប្រើប្រាស់​រាប់លាន​នាក់​តាមរយៈ​បណ្តាញ​សាមញ្ញ​រហ័ស និង​អាច​ទុកចិត្តបាន​»​។

ទិន្នន័យ​ចុងក្រោយ​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (TRC) បង្ហាញថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​ ២០២០ ចំនួន​ការ​ជាវ​ទូរស័ព្ទ​ចល័ត​ដ៏សកម្ម​ពី​ប្រតិបត្តិករ​ទាំង ៦ ​របស់​កម្ពុជា​មាន ២០ ៤៨១ ០៥១ ធ្លាក់ចុះ ០,០៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ តួលេខ​នេះ​គឺ​ស្មើនឹង ១២៤,០៩ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​៕ LA