ភ្នំពេញៈ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​បាន​ប្រាប់​មេដឹកនាំ​ធុរកិច្ច​របស់​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និង​ថៃ​ (CLMVT) ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​នៅ​ចំពេល​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង​របស់​ខ្លួន​។

ការលើកឡើង​នេះ​បានធ្វើ​ក្នុង​វេទិកា CLMVT Forum 2021 ក្រោម​ប្រធានបទ​ «​ការបង្កើន​ល្បឿន​ការស្ទុះ​ងើបឡើង​វិញ​ដ៏រឹងមាំ​» ដែល​រៀបចំ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ប្រទេស​ថៃ កាលពី​ថ្ងៃទី​ ២៤ ខែសីហា​។

លោក​បានឱ្យដឹងថា កម្ពុជា​បានធ្វើ​កំណែទម្រង់ និង​វិធានការ​ផ្តោត​ការយកចិត្ត​ទុកដាក់​ជា​បន្តបន្ទាប់ ដែល​រួមមាន ការបង្ហាញ​ច្បាប់​វិនិយោគ​ថ្មី ការធានា​ឥណទាន​របស់​រដ្ឋាភិបាល ការអនុម័ត​ច្បាប់ពាណិជ្ជកម្ម​អេឡិចត្រូនិក សេចក្តី​ព្រាងច្បាប់​ស្តីពី​ភាពជា​ដៃគូ​សាធារណៈ​ឯកជន ការចុះឈ្មោះ​អាជីវកម្ម​អនឡាញ និង​គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​ឌីជីថល ជាដើម​។

បន្ថែម​ពីលើ​នេះ លោក​ក៏បាន​លើកឡើង​ថា រដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​ការទូត​សេដ្ឋកិច្ច ចាប់ពី​ឆ្នាំ ​២០១៨ ហើយ​បន្ទាប់មក​គឺ​ការអនុម័ត​ «​យុទ្ធសាស្ដ្រ​ការទូត​សេដ្ឋកិច្ច (EDS)» កាលពីដើម​ឆ្នាំនេះ ដែល​សំដៅ​ផ្លាស់ប្តូរ​ការទូត​ធម្មតា ទៅ​ជា​ការទូត​ប្រភេទ​ថ្មី និង​រឹងមាំ ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​អន្តរជាតិ ការវិនិយោគ​ផ្ទាល់​ពី​បរទេស ទេសចរណ៍ វប្បធម៌ និង​កីឡា តាមរយៈ​ការប្រែក្លាយ​បញ្ហា​ប្រឈម​ទៅជា​កាលានុវត្តភាព​។

លោក​ថ្លែងថា​៖ «​ទាំងនេះ​មាន​គោលបំណង ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង ជួយ​សម្រួល​បរិយាកាស​អំណោយផល​សម្រាប់​ធុរកិច្ច និង​ការវិនិយោគ​នៅក្នុង​ប្រទេស​»​។

លោក​បន្ថែមទៀត​ថា ពេលនេះ​រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​ត្រៀម​ដាក់ចេញ​ផែនការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ឆ្នាំ​ ២០២១-២០២៣ ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​ចេញផុត​ពី​វិបត្តិ​កូវីដ​ ១៩​។

លោក​បាន​អះអាង​ថា​៖ «​រដ្ឋាភិបាល​ប្ដេជ្ញា​ចិត្តនឹង​ប្រែក្លាយ​វិបត្តិ​នេះ​ទៅជា​កាលានុវត្តភាព​សម្រាប់​កំណើន​ក្នុងអំឡុង និង​ក្រោយ​ដំណាក់កាល​កូវីដ-១៩ ដើម្បី​បង្កើត​ប្រព័ន្ធ​សង្គម​សេដ្ឋកិច្ច​កាន់តែ​រឹងមាំ​មួយ​ដែល​ធន់​នឹង​វិបត្តិ​អាច​កើតឡើង​នៅពេល​អនាគត​»​។

កាលពី​សប្ដាហ៍​មុន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើងថា វិបត្តិ​ជំងឺ​កូវីដ​ ១៩ បាន​បំផ្លាញ​សេដ្ឋកិច្ច​នៅ​ជុំវិញ​ពិភពលោក​រួមទាំង​កម្ពុជា​។ ទោះយ៉ាងណា​កម្ពុជា​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​អាទិភាព​ចំនួន​ ៣ ដើម្បី​ប្រែក្លាយ​សេដ្ឋកិច្ច​ឆ្ពោះទៅ​កំណើន​ខ្ពស់​តាមរយៈ​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​, ការកែទម្រង់ និង​ការបង្កើត​ភាពធន់​។

លោក​ថ្លែងថា​៖ «​ទោះ​ស្ថានការណ៍​សង្គម​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​មាន​ភាពមិន​ច្បាស់លាស់​ដោយសារ​កូវីដ-១៩​បន្តពេល​កាន់តែ​យូរ កម្ពុជា​ក៏​អាច​មានឱកាស​មួយចំនួន​ផងដែរ​»​។

ការផ្ទុះ​ឡើង​ការឆ្លង​ក្នុង​សហគមន៍ ២០ ​កុម្ភៈ គួបផ្សំ​នឹង​ការមកដល់​របស់​វីរុស​វ៉ារ្យង់ Delta និង​ការកើនឡើង​ករណី​ឆ្លង​នាំចូល​នៅពេល​ថ្មីៗ​បាន​ជំរុញ​ឱ្យ​កម្ពុជា​កែតម្រូវ​ការព្យាករ​កំណើន​សេដ្ឋកិច្ច​ខ្លួន​ឆ្នាំ​ ២០២១ មក​នៅត្រឹម ២,៤ ​ភាគរយ​ធ្លាក់ចុះ​ពី ៤,០ ​ភាគរយ​កាលពីដើមឆ្នាំ​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច​៕ LA