ទីក្រុងហ្សាការតាៈ កងទ័ពជើងទឹក​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​រឹបអូស​នាវា​ដឹក​ប្រេង​ ១ ​គ្រឿង និង​ក្រុម​នាវិក ដែល​ត្រូវបាន​ស្វែងរក​ដោយ​ចោទប្រកាន់​ពី​បទ​លួច​ប្រេងឆៅ​ជិត​ ៣០ ​ម៉ឺន​បារ៉ែល​ពី​អណ្ដូងប្រេង​របស់​ប្រទេស​កម្ពុជា​។

ពួកគេ​បានឱ្យដឹងថា នាវា​ដឹក​ប្រេង MT Strovolos ដែលមាន​ទង់ជាតិ​ប្រទេស Bahamian ត្រូវ​ចាប់បាន​កាលពី​ថ្ងៃទី​ ២៧ កក្កដា នៅ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​កោះ​ស៊ូម៉ាត្រា រយៈពេល​ជាច្រើន​ថ្ងៃ​បន្ទាប់ពី​ទីក្រុង​ភ្នំពេញ​បាន​ចេញ​និវេទន៍​ក្រហម​ទៅ​នគរបាល​អន្តរជាតិ​ឱ្យ​រឹបអូស​នាវា​នេះ ដោយ​អះអាងថា នាវា​នេះ​បាន​លួច​ប្រេង​ឆៅ​របស់​ប្រទេស​កម្ពុជា​។

កងទ័ព​ជើងទឹក​ឥណ្ឌូនេស៊ី​ឱ្យ​ដឹងទៀតថា ខ្លួន​កំពុង​សួរចម្លើយ​ក្រុម​នាវិក​ជនជាតិ​ឥណ្ឌា ១៣ ​នាក់ បង់ក្លាដែស ៣ ​នាក់ និង​មីយ៉ាន់ម៉ា ៣ ​នាក់ នៅ​មូលដ្ឋាន​របស់ខ្លួន​ជិត​ប្រទេស​សិង្ហបុរី​។

ក្រុម​អាជ្ញាធរ​បានឱ្យដឹងថា នាវា​ដឹក​ប្រេង​ដែលមាន​ប្រវែង​ ១៨៣ ​ម៉ែត្រ នេះ​ចេញដំណើរ​មកពី​ប្រទេស​ថៃ​ទៅ​កោះ Batam ប្រទេស​ឥណ្ឌូនេស៊ី​បាន​បិទ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​របស់ខ្លួន និង​បាន​ចត​ដោយ​ខុសច្បាប់​នៅក្នុង​ដែនទឹក​នៃ​ប្រជុំ​កោះ​នេះ​។

មេបញ្ជាការ​កងនាវាចរ First Fleet លោក Arsyad Abdullah បានឱ្យដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា​៖ «​កងទ័ព​ឥណ្ឌូនេស៊ី​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការចាត់វិធានការ​ប្រឆាំង​នឹង​ប្រភេទ​ណាមួយ​នៃ​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​ឥណ្ឌូនេស៊ី​ឡើយ​»​។

អាជ្ញាធរ​ឱ្យដឹងថា នាវា​ដឹក​ប្រេង​នេះ​ត្រូវបាន​ជួល​ដោយ​ក្រុមហ៊ុន KrisEnergy របស់​ប្រទេស​សិង្ហបុរី ដើម្បី​ស្ដុក​ជា​ផ្នែក​មួយ​នៃ​ការដេញថ្លៃ​នៅពេល​ថ្មីៗ​របស់​កម្ពុជា​ក្នុង​ការទាញ​យក​ប្រេង​ផ្ទាល់ខ្លួន​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​ឱ្យ​ដឹងថា​៖ «​ក្រុមហ៊ុន​នេះ​បាន​រាយការណ៍​មក​រដ្ឋាភិបាល​របស់​យើង​ថា នាវា​ដឹក​ប្រេង​មួយ​នេះ​បាន​លួច​ប្រេង​។ មាន​ប្រេងឆៅ​ប្រហែល ២៩០ ០០០ ​បារ៉ែល​» ​នៅលើ​នាវា​។

លោក​លើកឡើងថា​៖ «​ប៉ុន្តែ​នាវា​ដឹក​ប្រេង​នេះ​បានឱ្យ​ដឹងថា ក្រុមហ៊ុន KrisEnergy ជំពាក់​ប្រាក់​»​។

លោក​បន្តថា ប្រទេស​ទាំង​ ២ ​កំពុង​ធ្វើការងារ​លើ​ផែនការ​ប្រគល់​ប្រេង​ឱ្យ​ប្រទេស​កម្ពុជា​វិញ​៕ LA