ទីក្រុងសេអ៊ូលៈ ធនាគារកណ្តាល​កូរ៉េ​ខាងត្បូង​បាន​បង្កើន​អត្រា​ការប្រាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែល ជា​វិធានការ​លើកដំបូង​នៃ​ប្រទេស​សេដ្ឋកិច្ច​ធំ​ត្រូវធ្វើ ចាប់តាំងពី​ការចំណាយ​លើ​ប្រាក់កម្ចី​ត្រូវ​បាន​កាត់បន្ថយ​ដល់​កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​ក្នុង​បុព្វហេតុ​នៃ​ការរីករាលដាល​វីរុស​កូរ៉ូណា​។

ធនាគារ​កូរ៉េ​បាន​បង្កើន​អត្រា​គោល​ចំនួន​​ ២៥ ​ពិន្ទុ ដល់​ ០,៧៥ ​ភាគរយ បន្ទាប់ពី​កិច្ចប្រជុំ​ផ្នែក​គោលនយោបាយ​ពេលដែល​ប្រទេស​នេះ​ព្យាយាម​គ្រប់គ្រង​កំណើន​បំណុល​តាម​គ្រួសារ​កំពុង​កើនឡើង និង ទីផ្សារ​លំនៅឋាន​ដែល​គួរឱ្យ​ចាប់អារម្មណ៍​។

ប្រទេសមួយ​ចំនួន​តូច​បាន​ចាប់ផ្តើម​បង្កើន​អត្រា​ការប្រាក់​ឡើងវិញ​មានដូចជា ប្រទេស ប្រេស៊ីល រុស្ស៊ី ឈីលី និង ម៉ិចស៊ិក ហើយ អ្នកវិនិយោគ​នៅ​ជុំវិញ​ពិភពលោក​កំពុង​តាមដាន​យ៉ាង​ដិតដល់​សម្រាប់​ពេលវេលា​ដែល​ធនាគារកណ្តាល​អាមេរិក​នឹង​ចាប់ផ្តើម​កាត់បន្ថយ​កម្មវិធី​ជំនួយ​ជំរុញ​សេដ្ឋកិច្ច​ដ៏សម្បើម​។

កូរ៉េខាងត្បូង ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​ ១២ ក្នុង​ពិភពលោក​បាន​រក្សា​អត្រា​គោល​របស់ខ្លួន កម្រិត​ទាប​ក្នុង​កំណត់ត្រា ដល់​ ០,៥ ​ភាគរយ​ចាប់តាំងពី​ខែ​ឧសភា​ឆ្នាំ​ ២០២០​។

ការសម្រេច​នេះ​ជា​អត្រា​កើនឡើង​ដំបូង​បំផុត​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​ ២០១៨ និង កើតមានឡើង ពេល​ដែល​អាជ្ញាធរ​ហិរញ្ញវត្ថុ​ជម្នះ​ជាមួយ​បំណុល​តាម​គ្រួសារ​កើនឡើង ហើយ​ទីផ្សារ​លំនៅឋាន​កើនឡើង​ខ្លាំង ដែល​អ្នកវិភាគ​ព្រមាន​ថា អាច​គំរាមកំហែង​សេ្ថរភាព​សេដ្ឋកិច្ច​។

បំណុល​តាម​គ្រួសារ​របស់​កូរ៉េខាងត្បូង​បាន​កើនឡើង ៤១,២ ​ពាន់​ពាន់​លាន​វ៉ុន (៣៥៣ ពាន់​លាន​ដុល្លារ​) អំឡុងពេល​ខែមេសា ដល់​ខែមិថុនា ដល់​កម្រិត​ខ្ពស់បំផុត ១ ៨០៦ ពាន់​ពាន់​លានវ៉ុន ដែល​ស្ទើរ​សមមូល​ទៅ​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ទៅហើយ​។

ធនាគារ​កូរ៉េ​បាន​អះអាង​ថា​៖ «​កំណើន​កម្ចី​តាម​គ្រួសារ​មាន​ល្បឿន​លឿន ហើយ​តម្លៃ​លំនៅឋាន​បន្ត​ងើបឡើង​យ៉ាង​រហ័ស​ក្នុង​គ្រប់​តំបន់​ក្នុង​ប្រទេស​»៕ RR