ភ្នំពេញៈ កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​រួម​កម្ពុជា​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​ (​គ.ស.អ.អ) លើក​ទី​ ៣ នៅ​ថ្ងៃទី​ ៧-៨ ខែកញ្ញា ឆ្នាំ​ ២០២១ ដោយ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ​។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ក្នុង​សប្តាហ៍​មុន បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​រួម​កម្ពុជា ​គ.ស.អ.អ លើក​ទី​ ៣ នៅ​ខែក្រោយ​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ប្រមូលធាតុ​ចូល​លើ​សេចក្តីព្រាង​នៃ​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ លើក​ទី​ ៣ ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង គ.ស.អ.អ​។

លោកស្រី​បាន​ថ្លែងថា​៖ «​កិច្ចប្រជុំ​នេះ​នឹង​គ្របដណ្តប់​លើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ​, កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល និង​គយ ឧស្សាហកម្ម​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន ព្រមទាំង​បទប្បញ្ញត្តិ​បច្ចេកទេស និង​អនាម័យ និង​ភូតគាម​អនាម័យ និង​កម្មសិទ្ធិបញ្ញា កិច្ចការពារ​អ្នក​ប្រើប្រាស់ និង​ការប្រកួតប្រជែង​»​។

គ.ស.អ.អ ជា​តំណាងឱ្យ​សហព័ន្ធ​សេដ្ឋកិច្ច​ដែល​តំណាងឱ្យ​ប្លុក​ប្រទេស​ចំនួន​ ៥ រួមមាន រុស្ស៊ី កាហ្សាក់ស្ថាន​អាមេនី បេឡារុស និង​កៀហ្ស៊ីស៊ីស្ថាន ដែលមាន​ប្រជាជន​សរុប​ជាង ១៨៤ លាន​នាក់​ក្នុង​ឆ្នាំ​ ២០២០ និង​មាន​ផលិតផល​ក្នុងស្រុក GDP សរុប​រួមគ្នា ៤,៧៧ ពាន់​ពាន់​លាន​ដុល្លារ​។

កិច្ចប្រជុំ​នៃ​ក្រុមការងារ​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​កម្ពុជា គ.ស.អ.អ បានរៀបចំ ២ ​លើក​រួចមកហើយ​។ លើក​ទី ១ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៧ និង​លើក​ទី​ ២ នៅ​សហព័ន្ធរុស្ស៊ី ក្នុង​ឆ្នាំ​ ២០១៨​។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ​សរុប ៦៧,៣៧ លាន​ដុល្លារ កើន ១៨,២២ ភាគរយ​ធៀប​ឆ្នាំ​ ២០១៩ ដែលមាន ៥៦,៩៨ លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​តម្លៃ ៥២,១៩ ​លាន​ដុល្លារ កើន ០,៧៣ ​ភាគរយ និង​ការនាំ​ទំនិញ​ចូល​មានតម្លៃ ១៥,១៨ លាន​ដុល្លារ​កើនឡើង ១៩៣,៥៧ ភាគរយ​។

ទំនិញ​សក្តានុពល​របស់​កម្ពុជា​ដែល​នាំចេញ​ទៅកាន់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី រួមមាន​សម្លៀកបំពាក់ ស្បែកជើង អង្ករ កាហ្វេ តែ ផ្លែឈើ បន្លែ គ្រឿងទេស ថ្នាំជក់ សូត្រ កៅស៊ូ និង​គ្រឿងសង្ហារិម ជាដើម​៕ LA