ទីក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​អូស្ត្រាលី Qantas នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​ការខាត​ប្រចាំឆ្នាំ​លើសពី​ ១ ​ពាន់​លាន​ដុល្លារ​អាមេរិក និង​បាន​អធិប្បាយ​ថា «​ជា​ឆ្នាំ​គួរ​ឲ្យ​ខ្លាច​» ​បណ្តាល​មកពី​ការរឹតត្បិត​ការធ្វើដំណើរ​ ដោយសារ​ការរីករាលដាល​។

ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​អូស្ត្រាលី​នេះ​បាន​រាយការណ៍​ខាតបង់​មុន​ការបង់ពន្ធ​ចំនួន ១,៨៣ ​ពាន់​លាន​អូស្ត្រាលី (១,៣៣ ​ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុង​រយៈពេល​ ១២ ​ខែ​ដល់​ដំណាច់ខែ​មិថុនា កើនឡើង​ដល់​ ២,៣៥ ​ពាន់​លាន​ដុល្លារ​អូស្ត្រាលី (១,៧ ​ពាន់​លាន​ដុល្លារ​អាមេរិក​) ពេលដែល​រួមបញ្ចូល​ការចំណាយ​ផ្សេងទៀត មានដូចជា ការចំណាយ​លើ​ការកាត់​បុគ្គលិក​ជាដើម​។

ក្រុមហ៊ុន​នេះ​ខាតបង់​ជិត ២ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ការខាតបង់​មុន​ពន្ធ​តាមច្បាប់​ដែល​បាន​រាយការណ៍​នៅក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​មុន​ នៅពេល​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ទូទាំង​ពិភពលោក​ត្រូវបាន​រង​ផលប៉ះពាល់​ពី​ផលប៉ះពាល់​ដំបូង​នៃ​ការរីករាលដាល​នៃ​មេរោគ​ឆ្លង​។

លោក Alan Joyce នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Qantas បាន​ព្យាករ​ថា ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​នឹង​ធ្លាក់ចុះ​ច្រើនជាង​ ២០ ​ពាន់​លាន​ដុល្លារ​អូស្ត្រាលី (១៤,៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​) គិត​ត្រឹម​ចុះ​ឆ្នាំ​ ២០២១ ជា​លទ្ធផល​នៃ​កូវីដ​ ១៩​។

លោក​បាន​ឲ្យ​ដឹង​តាម​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖ «​ការខាតបង់​នេះ​បង្ហាញ​ពី​ផលប៉ះពាល់​ពេញ​មួយឆ្នាំ​នៃ​ការបិទ​ព្រំដែន​អន្តរជាតិ ហើយ​ច្រើន​ជាង ​៣៣០ ​ថ្ងៃ​នៃ​ការរឹតត្បិត​ការធ្វើដំណើរ​ក្នុងស្រុក​មកលើ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​នេះ​»​។

លោក​បន្ថែមថា​៖ «​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ច្បាស់​ណាស់​គឺ​គួរ​ឲ្យ​ខ្លាច​ណាស់​»​។

ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​និយាយថា​រយៈពេល​នៃ​ការបើក​ព្រំដែន​នៅក្នុង​ប្រទេស​អូស្ត្រាលី​នៅ​ដើមឆ្នាំ ២០២១ បាន​បង្កើន​ប្រាក់ចំណូល​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ការវិលត្រឡប់​ទៅ​រក​ការរឹតត្បិត​ផ្ទៃក្នុង​វិញ បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​វីរុស​បំប្លែង​ថ្មី Delta ដែល​អូស​បន្លាយពេល​យូរ​នៅ​ស៊ីដនី​បាន​បង្ខំ​ឱ្យមាន​ការលុបចោល​ជើងហោះហើរ​ជាច្រើន​។

ប្រទេស​អូស្ត្រាលី​ដែល​បាន​កត់ត្រា​ករណី​ឆ្លង​ស្ទើរតែ​ ៤៧ ០០០ និង ស្លាប់​ ៩៨៦ ​នាក់​រហូតមក​ដល់ពេលនេះ កំពុង​តតាំង​នឹង​ការងើបឡើង​នៃ​វីរុស​កូរ៉ូណា ដែល​ធ្វើឲ្យ​ប្រជាជន​ជាង​កន្លះ​ប្រទេស​ជាប់​នៅក្នុង​តំបន់​បិទខ្ទប់​៕ RR