ភ្នំពេញៈ បណ្ដាញ​ទូរទស្សន៍​ធំៗ​ ៣ ​ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​រួមមួយ ដើម្បី​បង្កើត​ថ្នាល​ទូរទស្សន៍​ឌីជីថល តែ​ ១ ​គត់​ជ្រក​ក្រោម​ក្រុមហ៊ុន​រួមមួយ​ដែលមាន​ឈ្មោះថា​ «​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា (Cambodia TV Alliance Co., Ltd)»​។

ពិធី​ចុះហត្ថលេខា​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ២៦ ខែសីហា ដោយ​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប របស់​លោកស្រី ហ៊ុន ម៉ាណា និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​មាន​ទូរទស្សន៍​ CBS និង Digital Sky របស់​លោក គិត ម៉េង និង​ក្រុមហ៊ុន​ទូរទស្សន៍​ហង្សមាស​គ្រុប​របស់លោក អ៊ឹង ឆៃងួន ដែល​កិច្ចព្រមព្រៀង​នេះ​គឺជា​ការបន្ថែម​ទៅលើ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ​កន្លងមកនេះ​។

យោងតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ «​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា​» បង្កើតឡើង​ក្នុង​គោលបំណង​បង្កើត​ក្រុមហ៊ុនចម្រុះ​រវាង​រដ្ឋ និង​ឯកជន​សម្រាប់​គ្រប់គ្រង​ «​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ​» ដើម្បី​ធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ឈានទៅ​សម្រេច​ឱ្យបាន​តាម​ផែនការ​របស់​អាស៊ាន និយាយ​ជារួម និង​និយាយ​ដោយឡែក​ស្របតាម​យុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានកំណត់​យក​ឆ្នាំ​ ២០២៣ ជា​កាលបរិច្ឆេទ​នៃ​ការដាក់ឱ្យ​ដំណើរការ​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទូរទស្សន៍​អាណាឡូក​ឯកជន​ទាំងអស់​មក​ប្រើប្រាស់​សេវា​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ និង​បន្ត​ការផ្សាយ​ព្រម​គ្នា​ជា​ប្រព័ន្ធ​អាណាឡូក និង​ប្រព័ន្ធ​ឌីជីថល​ស្របគ្នា​មុននឹង​ដល់​ដំណាច់ឆ្នាំ​ ២០២៥ ដែលជា​កាលបរិច្ឆេទ​សម្រាប់​បិទ​ការផ្សាយ​ទូរទស្សន៍​តាម​ប្រព័ន្ធ​អាណាឡូក​ជា​ស្ថាពរ​។

«​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ​» ដែលជា​ក្រុមហ៊ុនចម្រុះ​រវាង​រដ្ឋ និង​ឯកជន​ថ្មី​នេះ​នឹង​ផ្ដល់ជូន​សេវា​ថ្នាល​ទូរទស្សន៍​ឌីជីថល​ផ្សាយ​តាម​ប្រព័ន្ធ DVB-T2 ដែលមាន​ប៉ុស្ដិ៍​ច្រើន​ប្រភេទ​សម្បូរបែប សំដៅ​លើកស្ទួយ​វិស័យ​ព័ត៌មាន អប់រំ ចំណេះដឹង សិល្បៈ​កម្សាន្ត កីឡា និង​ទស្សនីយភាព​ល្អៗ​ត្រជាក់​ភ្នែក ដែល​នាំមក​នូវ​ភាពសុខដុមរមនា​ដល់​ក្រុមគ្រួសារ​កម្ពុជា​។

លោកស្រី ហ៊ុន ម៉ាណា ប្រធាន​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប បាន​ឱ្យ​ដឹងថា ការបង្កើត​នេះ​នឹង​រួមចំណែក​ក្នុង​ការលើកកម្ពស់​បទប្បញ្ញតិ្ត និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដល់​ទស្សនិកជន​កាន់តែ​ទូលំទូលាយ​។

លោកស្រី​និយាយ​៖ «​ខ្ញុំ​ពិតជា​មាន​ក្ដី​សោមនស្ស​រីករាយ​ក្នុង​ការសហការ​គ្នា​បង្កើត​ថ្នាល​ទូរទស្សន៍​ឌីជីថល​នេះ ហើយ​ក៏​ជា​ផ្នែក​មួយ​ផងដែរ ក្នុង​ការគាំទ្រ​ការផ្សព្វផ្សាយ​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បច្ចុប្បន្ន​កម្ពុជា​កំពុងមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទាំងអស់ ក្រោម​ម្លប់​សន្ដិភាព និង​ស្ថិរភាព​នយោបាយ​»​។

លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ក៏​បាន​អះអាងថា សម្ព័ន្ធទូរទស្សន៍​កម្ពុជា​នឹងមិន​គ្រាន់តែ​ឆ្លើយតប​ចំពោះ​ផែនការ​ជា​យុទ្ធសាស្ដ្រ​របស់​រដ្ឋាភិបាល ដែល​បានកំណត់​យក​ឆ្នាំ​ ២០២៣ ជា​កាលបរិច្ឆេទ​ចាប់ផ្ដើម​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ការរីកចម្រើន​នៃ​ការអភិវឌ្ឍ​បចេ្ចកវិទ្យា​ឌីជីថល​នៅ​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើងខ្ញុំ​មាន​សេចក្ដីសោមនស្ស​រីករាយ ដែល​បាន​ចាប់​ដៃគូ​សហការគ្នា បង្កើត​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា និង​មាន​មោទនភាព​ដែល​បាន​ចូលរួមចំណែក​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​សោតទស្សន៍ និង​ផ្សព្វផ្សាយ​ឱ្យទៅជា​ប្រព័ន្ធ​ឌីជីថល​ពេញលេញ​»​។

ដោយឡែក លោក អ៊ឹង ឆៃងួន ប្រធាន​ក្រុមហ៊ុន​ទូរទស្សន៍​ហង្សមាស​គ្រុប បាន​បញ្ជាក់ថា ថ្នាល​ទូរទស្សន៍​ឌីជីថល​នេះ​នឹង​នាំមក​នូវ​ទស្សនីយភាព និង​ស្ដង់ដា​ថ្មី​សន្លាង​មួយទៀត ដែលមាន​កម្រិត​ផ្សាយ គុណភាព​ខ្ពស់ ច្បាស់​ត្រជាក់​ភ្នែក កម្រិត UHD 4K​។ វា​នឹង​ជា​ថ្នាល​ប្រមូលផ្ដុំ​នៃ​កម្មវិធី​សិល្បៈ កម្មវិធី​កម្សាន្ត កម្មវិធី​ព័ត៌មាន ភាពយន្ត តន្ដ្រី និង​ទស្សនីយភាព​ដ៏​សម្បូរបែប​ជាច្រើន​ទៀត ដែល​ធានា​នូវ​ការផ្ដល់ជូន​ចំណី​ចក្ខុ​ដ៏រីករាយ​ជូន​ទស្សនិកជន​ទូទាំងប្រទេស​ក្នុង​កន្លែង​តែមួយ ដែល​ហៅថា «One-Stop-media services»៕LA