ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា កម្ពុជា​បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​អាជ្ញាធរ​ឥណ្ឌូនេស៊ី​រួចហើយ ដើម្បី​ស្នើសុំ​យក​កប៉ាល់​ដែល​ស្តុក​ប្រេង និង​នាវិក​ទាំងអស់​មកកាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។

ការដាក់​ពាក្យបណ្តឹង​របស់​អាជ្ញាធរ​កម្ពុជា​ធ្វើឡើង​ បន្ទាប់ពី​កងកម្លាំង​នាវិក​ជើង​ទឹក​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ កាលពី​ថ្ងៃ​ពុធ​បាន​ឱ្យ​ដឹងថា ខ្លួន​បាន​រឹបអូស​នាវា​ដឹក​ប្រេង ១ ​គ្រឿង និង​នាវិក​ដែល​ត្រូវបាន​ស្វែងរក​ដោយ​ចោទប្រកាន់​ពី​បទ​លួច​ប្រេងឆៅ​ជិត ៣០០ ០០០ ​បារ៉ែល​ពី​អណ្ដូងប្រេង​ប្រទេស​កម្ពុជា​។

នាវា​ដឹក​ប្រេង MT Strovolos ដែលមាន​ដោត​ទង់ជាតិ​ប្រទេស Bahamian ត្រូវ​ចាប់បាន​កាលពី​ថ្ងៃ​ទី​ ២៧ ខែកក្កដា នៅ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​នៃ​កោះ​ស៊ូម៉ាត្រា រយៈពេល​ជាច្រើន​ថ្ងៃ បន្ទាប់ពី​ទីក្រុង​ភ្នំពេញ​បានចេញ​និវេទន៍​ក្រហម​ទៅ​នគរបាល​អន្តរជាតិ​ឱ្យ​រឹបអូស​នាវា​មួយ​នេះ ដោយ​អះអាង​ថា នាវា​នេះ​បាន​លួច​ប្រេងឆៅ​របស់​ប្រទេស​កម្ពុជា​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ប្រេង​ប្រមាណ ៣០០ ០០០ ​បារ៉ែល​ដែល​ត្រូវបាន​ក្រុមហ៊ុន Kris-Energy ជួល​ក្រុមហ៊ុន​កប៉ាល់ MT Strovolos ស្តុក​ប្រេង​ដែល​បូម​បាន​នោះ បាន​លួច​ដឹក​ប្រេង​ចេញ​ដោយ​គ្មាន​ការអនុញ្ញាត​ណាមួយ​ឡើយ​។

លោក​ថ្លែងថា​៖ «​ប្រេង​ដែល​ដឹកចេញ​ទៅ​ដោយ​ក្រុមហ៊ុន​ជា​ម្ចាស់​កប៉ាល់​ដែល​ក្រុមហ៊ុន KrisEnergy បាន​ជួល​ឱ្យ​ស្តុក​ប្រេង​នេះ គឺ​ផលិត​បាន​ពី​ប្លុក A របស់​យើង​។ កប៉ាល់​នោះបាន​ដឹក​ប្រេង​ដែល​ស្តុក​នោះ​ចេញ​ទៅ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រុមហ៊ុន KrisEnergy និង​រដ្ឋាភិបាល​យើង​ឡើយ​»​។

លោក​បន្ថែមទៀត​ថា​៖ «​ឥឡូវ​ដឹក​ដល់​ប្រទេស​ឥណ្ឌូនេស៊ី ដែល​គេ​ចាប់បាន​នៅ​ទីនោះ​។ បច្ចុប្បន្ន​យើង​បានដាក់​បណ្តឹង​ទៅកាន់​អាជ្ញាធរ​ឥណ្ឌូនេស៊ី​រួចរាល់​អស់ហើយ និង​ស្នើ​ឱ្យគេ​ចាត់វិធានការ​បញ្ជូន​ប្រេង កប៉ាល់ រួមទាំង​នាវិក​នៅលើ​កប៉ាល់​នោះ​ត្រឡប់មក​ប្រទេស​កម្ពុជា​យើង​វិញ​។ ពេលនេះ​យើង​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​»​។

បើ​យោងតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​ពុធ កងទ័ពជើងទឹក​របស់​ប្រទេស​ឥណ្ឌូនេស៊ី កំពុងធ្វើការ​សួរចម្លើយ​ក្រុម​នាវិក​ជនជាតិ​ឥណ្ឌា ចំនួន ១៣​ នាក់ បង់ក្លាដែស ៣ ​នាក់ និង​មីយ៉ាន់ម៉ា ៣​ ​នាក់​នៅ​មូលដ្ឋាន​របស់ខ្លួន​ជិត​ប្រទេស​សិង្ហបុរី​។ ក្រុម​អាជ្ញាធរ​បានឱ្យដឹងថា នាវា​ដឹក​ប្រេង​ដែល​មាន​ប្រវែង​ ១៨៣ ​ម៉ែត្រ​ចេញដំណើរ​មកពី​ប្រទេស​ថៃ​ទៅ​កោះ Batam របស់​ប្រទេស​ឥណ្ឌូនេស៊ី និង​បាន​បិទ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​របស់ខ្លួន ហើយ​បាន​ចត​ដោយ​ខុសច្បាប់​ក្នុង​ដែនទឹក​នៃ​ប្រជុំ​កោះ​នេះ​។

លោក Arsyad Abdullah មេបញ្ជាការ​កង​នាវាចរណ៍ First Fleet បានឱ្យដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​៖ «​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ចាត់វិធានការ​ប្រឆាំងនឹង​ប្រភេទ​ណាមួយ​នៃ​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​ឥណ្ឌូនេស៊ី​ឡើយ​»​។

កម្ពុជា​បាន​ធ្វើការ​បូម​ប្រេង​ដំបូង​ពី​ប្លុក A របស់ខ្លួន​ដោយ​ក្រុមហ៊ុន KrisEnergy កាលពី​ថ្ងៃ​ទី​ ២៩ ខែ ធ្នូ ឆ្នាំ​ ២០២០​។ អណ្ដូងប្រេង​ប្លុក A របស់​កម្ពុជា គ្របដណ្ដប់​លើ​ផ្ទៃ ៤ ៧០៩ គីឡូម៉ែត្រ​ក្នុង​ឈូង​សមុទ្រ​ថៃ​នៅ​ខ្មែរ​បាសាំង និង​មាន​ចម្ងាយ​ប្រហែល ១៥០ ​គីឡូម៉ែត្រ​ពី​ច្រាំង​សមុទ្រ​កម្ពុជា​៕ LA

វីដេអូ៖