ភ្នំពេញៈ ក្រុមការងារ​របស់ Switch Garment រួមជាមួយ​វិទ្យាស្ថាន​ថាមពល និង​ធនធាន​ (TERI) ព្រមទាំង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បានចាប់ផ្តើម​សវនកម្ម​ថាមពល​រយៈពេល​វែង តាម​បណ្តា​រោងចក្រ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​ ២៤ ខែសីហា តទៅ​។

សវនកម្ម​ថាមពល​គម្រោង Switch Garment នឹង​វិភាគ​អំពី​ការប្រើប្រាស់​ថាមពល​នៅក្នុង​រោងចក្រ​កាត់ដេរ ព្រមទាំង​ស្វែងយល់​អំពី​ឱកាស​ក្នុង​ការសន្សំសំចៃ និង​ការបង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​។

តាមរយៈ Switch Garment សវនកម្ម​ថាមពល​នឹង​ជួយ​បំភ្លឺ​វិថី​ឆ្ពោះទៅកាន់​ការវិនិយោគ​ផ្នែក​ថាមពល​ស្អាត​តាម​បណ្តា​រោងចក្រ​នានា​។ ក្នុងនោះដែរ សវនកម្ម​ថាមពល​ក៏​នឹង​ជួយ​កំណត់ វគ្គ​បណ្តុះបណ្តាល​ដែល​ចាំបាច់​នានា​សម្រាប់​ជួយ​ពង្រីក​សមត្ថភាព​រោងចក្រ​ក្នុង​ការប្រើ​ថាមពល​ប្រកប​ដោយ​ចីរភាព​។

បច្ចុប្បន្ន​ដោយ​មើលឃើញ​ពី​តម្រូវការ​របស់​អ្នកប្រើប្រាស់​សម្លៀកបំពាក់​ដែល​ចង់​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ពី​ការប្រើប្រាស់​សម្លៀកបំពាក់ រោងចក្រ​ចំនួន​ ៣០ បាន​ចូលរួម​ជា​ដៃគូ​ជាមួយ​នឹង​គម្រោង Switch Garment ហើយ​គម្រោង​នេះ​នឹង​ជ្រើសរើស​ ២០ ​រោងចក្រ​ទៀត​នៅ​ចុងឆ្នាំ​នេះ​។

លោក លី តេកហេង អគ្គនាយក​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​កំពុង​ដឹកនាំ​ការចូលរួម​របស់​រោងចក្រ​នៅក្នុង​សវនកម្ម​នេះ​បាន​និយាយថា​៖ «​ឥឡូវនេះ ម៉ាក​អន្តរជាតិ​ជាច្រើន​ដែល​ទទួល​ទិញ​សម្លៀកបំពាក់​ពី​រោងចក្រ​នៅ​កម្ពុជា​បាន​ផ្តោត​ជាពិសេស​ទៅលើ​ចីរភាព​នៃ​ទំនិញ ដោយសារ​តែ​កំណើន​នៃ​ការយល់ដឹង​ពី​បរិស្ថាន​របស់​ពួកគេ​។ ដូច្នេះ​ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​វិស័យ​កាត់ដេរ​ត្រូវ​តែ​ដើរ​ឱ្យទាន់​និន្នាការ​របស់​អ្នកប្រើប្រាស់​»​។

ជា​រោងចក្រ​ដំបូង​មួយ​ដែល​ចូលរួម​ក្នុង​គម្រោង Switch Garment នាយក​គ្រប់គ្រង​នៃ PPSEC លោក Robert Hwang ប្រាប់ថា​៖ «​ថ្លៃ​អគ្គិសនី​ខ្ពស់ និង​ការកើនឡើង​នៃ​តម្រូវការ​ផ្នែក​ចីរភាព​របស់​អ្នក​ប្រើប្រាស់ គឺជា​ចំណុច​ប្រឈម​របស់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​»​។

បើ​យោងតាម​ធនាគារ​ពិភពលោក​ឧស្សាហកម្ម​កាត់ដេរ​សកល​ផលិត​ទៅដល់ ១០ ​ភាគរយ​នៃ​ទំហំ​ឧស្ម័ន​កាបូន​សកល​ប្រចាំឆ្នាំ​។ នៅ​ប្រទេស​កម្ពុជា GGGI បានធ្វើការ​ប៉ាន់ប្រមាណ​ថា ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអនុវត្ត​ថាមពល​ក្នុង​ការផលិត​សម្លៀកបំពាក់​អាច​ចូលរួម​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​បាន​រហូតដល់​ទៅ ១៧ ​ភាគរយ​៕ LA