ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម អំពាវនាវ​ដល់​វិស័យ​ឯកជន​ឱ្យ​ចូលរួម​តាំង​ពិព័រណ៍​ផលិតផល​កាហ្វេ​អន្តរជាតិ ​នៅ​ទីក្រុង សេអ៊ូល ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១០-១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២១ នៅ​សាធារណរដ្ឋកូរ៉េ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម។

កម្មវិធី​ពិព័រណ៍ គឺជា​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​ដ៏​ធំ​នៅ​អាស៊ី ដែល​មជ្ឈមណ្ឌល អាស៊ាន-កូរ៉េ សហការ​ជាមួយ​ស្ថានទូត​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ប្រចាំ​នៅ​ប្រទេស កូរ៉េខាត្បូង នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​អាស៊ាន​ឆ្នាំ ២០២១ (ASEAN Trade Fair 2021)។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា ក្នុង​ឱកាស​នេះ មជ្ឈមណ្ឌល អាស៊ាន-កូរ៉េ បាន​អញ្ជើញ​ក្រុមហ៊ុន​កម្ពុជា ដែល​កំពុង​ធ្វើ​ធុរកិច្ច​លើ​ផលិតផល​ម្ហូប អាហារ និង ភេសជ្ជៈ រួម​ទាំង​ផលិតផល​កាហ្វេ តែ និង​បង្អែម​ចំនួន ៦ ក្រុមហ៊ុន/សហគ្រាស ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ខាង​លើ​នេះ​ពី​ចម្ងាយ តាម​រយៈការ​ផ្ញើ​ផលិតផល​ទៅ​ចូលរួម​ដាក់​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នេះ។

ក្រសួងពាណិជ្ជកម្ម ក្នុង​នាម​អ្នក​សម្របសម្រួល​ជាមួយ​មជ្ឈមណ្ឌល អាស៊ាន-កូរ៉េ សូម​អំពាវនាវ​ដល់​ពាណិជ្ជករ ផលិតករ និង​សាធារណជន​ទូទៅ​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ខា​ងលើ សូម​បំពេញ​បែប​បទ​ចុះ​ឈ្មោះ​ចូលរួម​ដោយ​អត់​គិត​ថ្លៃ​ចាប់​ពី​កាល​បរិច្ឆេទ​ផ្សាយ​ដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ ២០២១ ជា​កំណត់៕