ភ្នំពេញ៖ ក្រសួង​ទេសចរណ៍​អំពាវនាវ​ដល់​ក្រុមហ៊ុន​សេវា​ប្រឹក្សា​យោបល់​ដាក់ពាក្យ​ដេញថ្លៃ​ ដើម្បី​ផ្តល់​សេវាកម្ម​ក្នុង​ការរៀបចំ និង​រចនា​នូវ​មគ្គុទេ្ទសក៍​ឌីជីថល​ពហុវេទិកា​លើ​ឧបករណ៍ Android and IOS ទេសចរណ៍​វៃឆ្លាត​គំរូ​សម្រាប់​តំបន់​បេតិកភណ្ឌ និង​តំបន់​ទេសចរណ៍​ដែលមាន​សក្តានុពល​។

ក្រសួង​បន្តថា​ក្រុមហ៊ុន​អាច​ចូលរួម​រៀបចំ​ដាក់សំណើ​ដេញថ្លៃ​លើ​សកម្មភាព​ «​បង្កើត​គំរូ​មគ្គុទ្ទេសក៍​ទេសចរណ៍​វៃឆ្លាត​សម្រាប់​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​»​។

គម្រោង​នេះ​ស្ថិត​ក្រោម​ក្របខ័ណ្ឌ​កម្មវិធី​ពង្រឹងសមត្ថភាព​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ទេសចរណ៍ (TCBP) ​ដែល​ទទួលបាន​ជំនួយ​ហិរញ្ញប្បទាន​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) ​នូវ​ទឹកប្រាក់ ១,៥ លាន​អឺរ៉ូ (១,៧ លាន​ដុល្លារ​) ដើម្បី​ជួយ​ស្តារ​វិស័យ​ទេសចរណ៍​ក្រោយ​កូវីដ ១៩ ដែល​ជំនួយ​នេះ​ស្ថិតក្រោម​គម្រោង​កសាង​សមត្ថភាព​ទេសចរណ៍​ឆ្នាំ ២០២០-២០២៣​។ នេះ​បើតាម​ក្រសួង​ទេសចរណ៍​។

គម្រោង TCBP ត្រូវ​បែងចែក​ជា ១៨ វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ចំនួន ៧ ដែល​រួមមាន ជំនាញ​ទំនាក់ទំនង និង​កន្លែង​ការងារ​, ទីផ្សារ និង​ទេសចរណ៍​, ការគ្រប់គ្រង​គម្រោង​, ស្ថិតិ និង​ការស្រាវជ្រាវ​, សុវត្ថិភាព​ចំណីអាហារ ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ ICT៕