ភ្នំពេញៈ សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​ (LOBA) និង​សមាគម​ខ្សែចង្វាក់​ផ្គត់ផ្គង់​អាស៊ី (SCA) ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​សិង្ហបុរី​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ឧស្សាហកម្ម​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ការដឹកជញ្ជូន​ទំនិញ ដែល​វិស័យនេះ​ត្រូវ​រំពឹងថា​នឹង​មាន​សម្ទុះ​ឡើងវិញ​ បន្ទាប់ពី​ពិភពលោក​អាច​គ្រប់គ្រង​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ប្រកបដោយ​ជោគជ័យ​។

ពិធី​ចុះហត្ថលេខា​លើ MoU នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៦ ខែសីហា តាម​ប្រព័ន្ធ​អនឡាញ​រវាង​លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​ជាមួយ​នឹង​លោក Paul Lim ប្រធាន​សមាគម​ផ្គត់ផ្គង់​ខ្សែចង្វាក់​អាស៊ី​។

យោងតាម​ខ្លឹមសារ​នៃ MoU ភាគី​ទាំង ២ សន្យា​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ទាក់ទង​នឹង​ការផ្គត់ផ្គង់​ទំនិញ និង​ដឹកជញ្ជូន និង​ការជួយ​សម្របសម្រួល​គ្នា​លើ​បណ្តាញ​អាជីវកម្ម​ដោយផ្ទាល់ ឬ​ប្រព័ន្ធ​អនឡាញ ព្រមទាំង​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​រួមគ្នា​ទាក់ទង​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ការដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ លោក ជា ចាន់ដារ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​ពិតជា​រីករាយ​ចំពោះ​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ SCA ដែលជា​សមាគម​ធំ​នៅ​សិង្ហបុរី និង​មាន​បណ្តាញ​ទំនាក់ទំនង​ផ្នែក​ផ្គត់ផ្គង់ និង​ដឹកជញ្ជូន​ទំនិញ ជាច្រើន​លើ​ពិភពលោក​។

លោក​ថ្លែងថា​៖ «MoU នេះ​នឹង​ជួយ​ដល់​សមាជិក LOBA និង SCA ក្នុង​ការអភិវឌ្ឍ​អាជីវកម្ម ការកសាង​សមត្ថភាព កម្មវិធី​ផ្លាស់ប្តូរ និង​/​ឬ​បណ្តាញ​អាជីវកម្ម​លើ​វិស័យ​ឡូជីស្ទិក​កាន់តែ​ប្រសើរ​»​។

លោក ចាន់ដារ៉ា លើកឡើង​ទៀតថា ទោះបី​ស្ថានភាព​ជំងឺ​កូវីត​ ១៩ នៅតែ​បន្ត​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ពិភពលោក​ក៏​កម្ពុជា​ដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅតែ​មាន​តម្រូវការ​ច្រើន​ទាំង​ការនាំចេញ និង​នាំចូល​ទំនិញ មានដូចជា ការនាំចូល​វត្ថុធាតុដើម​ប្រើប្រាស់​ក្នុង​វិស័យ​វាយនភណ្ឌ គ្រឿងសំណង់ និង​គ្រឿងឧបភោគ​បរិភោគ ចំណែក​ការនាំចេញ​រួមមាន​ផលិតផល​វាយនភណ្ឌ ផលិតផល​កសិកម្ម និង​គ្រឿងបង្គុំ​ជាច្រើន​ទៀត​។

លោក​អះអាង​ថា​៖ « MoU ជាមួយ SCA ពិតជា​មាន​ភាពចាំបាច់ ព្រោះ​សិង្ហបុរី ជា​ប្រទេស​មាន​វិស័យ​បច្ចេកវិទ្យា​ជឿនលឿន និង​ជា​ប្រទេស​មាន​កំពង់ផែ​សក្តានុពល​ក្នុង​តំបន់​អាស៊ី​»​។

លោក Paul Lim អគ្គនាយក SCA បាន​និយាយ​ក្នុង​ពិធី​ចុះ MoU ថា SCA សន្យា​ជួយ​ចែករំលែក​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា និង​បទពិសោធ​ពី​ការធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​របស់ខ្លួន​ដល់ LOBA ហើយ​នៅពេល​ការរីករាលដាល​ជំងឺ​កូវីដ ១៩ មាន​ភាពធូរស្រាល លោក​នឹង​មក​ប្រទេស​កម្ពុជា ដើម្បី​ទទួលបាន​បទពិសោធ​ថ្មីៗ ក៏ដូចជា​សិក្សា​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។

លោក​ប្រាប់ថា​៖ «​នៅពេល​កូវីដ​ ១៩ ធូរស្រាល ខ្ញុំ រួមទាំង​សមាជិក​ SCA នឹងធ្វើ​ដំណើរ​ទៅ​កម្ពុជា​ ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​ពិនិត្យ​មើល​សក្តានុពល​វិនិយោគ​នៅ​ទីនោះ​ផងដែរ​»៕ LA