ភ្នំពេញ៖ ក្រុម​ប្រឹក្សា​ស្តង់ដា​ជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និង​នវានុវត្តន៍ បាន​អនុម័ត​ស្តង់ដា​អន្តរជាតិ​មក​ជា​ស្តង់ដា​ជាតិ​បាន​ចំនួន ២០ ស្តង់ដា​ថែម​ទៀត មក​អនុវត្ត​ជា​ស្តង់ដា​ជាតិ។

ការ​អនុម័ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​លើក​ទី៤ នៃ​ក្រុម​ប្រឹក្សា​ស្តង់ដា​ជាតិ​ កាល​ពី​ថ្ងៃទី ២៦ ខែ​ សីហា ឆ្នាំ ២០២១ តាម​ប្រព័ន្ធ​ហ្សូម ក្រោម​អធិបតីភាព​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និង​នវានុវត្តន៍។

អង្គ​ប្រជុំ​បាន​សម្រេច​យក​ស្តង់ដា ISO,IEC និង​ស្តង់ដារ UNECE Regulation ចំនួន ២០ បន្ថែម​ទៀត មក​អនុវត្ត​ជា​ស្តង់ដា​ជាតិ។

ស្តង់ដា​ទាំង​នោះ រួម​មាន ផ្នែក​ស្តង់ដា​សំណង់ និង​សម្ភារ​សំណង់ ផ្នែក​ស្តង់ដា​ប្រព័ន្ធ​គ្រប់គ្រង ផ្នែក​ស្តង់ដា​សារធាតុ និង​ផលិតផល​គីមី និង​ផ្នែក​ស្តង់ដា​ផលិតផល​អគ្គិសនី និង​អេឡិចត្រូនិក ព្រមទាំង ផ្នែក​ផលិតផល​ស្តង់ដា​កៅស៊ូ ផ្នែក​ស្តង់ដា​យានយន្ត ផ្នែក​ផលិតផល​គ្រឿង​សម្អាង និង​ផ្នែក​ស្តង់ដា​ឌីជីថល។

ក្នុង​កិច្ច​ប្រជុំ​នេះ លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​កោត​សរសើរ​ចំពោះ​គណៈកម្មការ​បច្ចេកទេស​ទាំង​អស់​ដែល​បាន​ខិតខំ​ស្រាវជ្រាវ​បក​ប្រែ​ស្តង់ដា​អន្តរជាតិ​យក​មក​ធ្វើ​ជា​ស្តង់ដា​ជាតិ​បាន​ជាច្រើន ដែល​នាំ​ឱ្យ​កម្ពុជា​មាន​ស្តង់ដា​ជាតិ​កើន​ដល់​ចំនួន ៩៨៨ គិត​មក​ដល់​ពេល​នេះ។

លោក​ថ្លែង​ថា៖ «ការ​សម្រេច​យក​ស្តង់ដា​អន្តរជាតិ​មក​ធ្វើ​ជា​ស្តង់ដា​ជាតិ គឺ​មិនមែន​យើង​ចេះ​តែ​អនុម័ត​ហើយ​ទុក​ចោល​ទេ តែ​វា​ជា​តម្រូវ​ការ​ពិត​ប្រាកដ ក្នុង​ការ​អនុវត្ត ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច ការ​ធ្វើ​ពាណិជ្ជកម្ម កិច្ច​ការពារ​សុវត្ថិភាព និង​ការ​ទាក់​ទាញ​ការ​វិនិយោគ​ដ៏​សំខាន់​សម្រាប់​ពេល​បច្ចុប្បន្ន និង​អនាគត។ ជាក់​ស្តែង ដូចជា ស្តង់ដា​យានយន្ត​ប្រើ​ថាមពល​អគ្គិសនី និង​ស្តង់ដា​ឌីជីថល គឺ​ជា​តម្រូវការ​ចាំបាច់​ចាប់​ពី​ពេល​នេះ រហូត​ទៅ​អនាគត។

លោក​បន្ថែម​ថា បើ​ទោះ​ជា កម្ពុជា​មាន​ច្រក​ទីផ្សារ​នាំចេញ​ក្នុង​គោលដៅ​ច្រើន​ប្រទេស​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​ផលិតផល​របស់​កម្ពុជា​គ្មាន​ស្តង់ដា​ទេ នោះ​ទំនិញ​របស់​កម្ពុជា​ក៏​មិន​អាច​លក់ដូរ​ ឬ​នាំចេញ​ក្នុង​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់​បាន​ដែរ។

លោក​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​សូម​ស្នើ​ឱ្យ​គណៈកម្មការ​បច្ចេកទេស​ទាំង​អស់​បន្ត​ខិតខំ​ច្បិច​យក​ស្តង់ដា​អន្តរជាតិ​សំខាន់ៗ និង​ចាំបាច់​ចំពោះ​មុខ និង​អនាគត​មក​ធ្វើ​ជា​ស្តង់ដា​ជាតិ​ឱ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ជា​មូលដ្ឋាន​បម្រើ​ឱ្យ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល»៕