ភ្នំពេញៈ ក្រសួង​ទេសចរណ៍​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា (MoU) ជាមួយ​សហគ្រិន​ខ្មែរ លើ​គម្រោង «ជំរុញ​ចលនាទេសចរណ៍​ផ្ទៃ​ក្នុង និង​លើក​កម្ពស់​សកម្មភាព​ទេសចរណ៍​ក្នុង​សហគមន៍​ទេសចរណ៍​ក្នុង​បរិបទ​វិបត្តិកូវីដ​១៩» ដើម្បី​ជួយ​ឱ្យ​ប្រជាសហគមន៍​នៅតាម​សហគមន៍​ទេសចរណ៍​នីមួយៗ​ចេះ​បង្កើត​អាជីវកម្ម​ថ្មីៗ​ដោយ​ខ្លួនឯង និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ក្រៅ​ពី​ការងារ​បម្រើ​សេវាកម្ម​ទេសចរណ៍។

កម្មវិធីនេះ លោក ថោង រដ្ឋសក្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​ទេសចរណ៍ បាន​ចុះ​ហត្ថលេខា​លើ MoU នេះ ជាមួយ​លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ​នៃ​សហគ្រិន​ខ្មែរ ក្រោម​អធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ កាល​ពី​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ ២០២១ នៅ​ទីស្តី​ការ​ក្រសួង​ទេសចរណ៍។

លោក ថោង រដ្ឋសក្តិ បានថ្លែងថា នៅ​ជំហាន​ដំបូង ក្រសួង​ទេសចរណ៍ និង​សហគ្រិន​ខ្មែរ​បាន​ឯកភាព​គ្នា​ជ្រើស​រើស​សហគមន៍​ទេសចរណ៍ចំនួន ៥ សហគមន៍ ដើម្បី​ជួយ​អភិវឌ្ឍ​និង​បណ្ដុះ​បណ្ដាល​ទៅ​តាម​ស្ដង់ដា និង​ធនធាន​ហិរញ្ញ​វត្ថុ។ សហគមន៍​ទាំង ៥ នោះ​នៅ​ខេត្ត​ចំនួន ៤ គឺ សហគមន៍​អេកូទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍ ក្នុង​ស្រុក​សូទ្រនិគម និង​សហគមន៍​ទេសចរណ៍​ចង្រ្កានរយ ក្នុង​ស្រុកវ៉ារិន (ខេត្ត​សៀមរាប ) សហគមន៍​ទេសចរណ៍​ទឹក​ធ្លាក់​អូរជាំ ក្នុង​ស្រុក​សំឡូត (ខេត្តបាត់ដំបង) សហគមន៍​ទេសចរណ៍​រាំង​ខ្វាវ ក្នុង​ស្រុក​ក្រវាញ (ខេត្តពោធិ៍សាត់) និង​សហគមន៍​ទេសចរណ៍​ស្រែ​អំពិល ក្នុង​ស្រុក​ទឹកផុស (ខេត្ត​កំពង់ឆ្នាំង)។

លោកថា៖ «មូលហេតុ​ដែល​ក្រសួង​ទេសចរណ៍ និង​សហគ្រិនខ្មែរ​សម្រេច​ជ្រើស​រើស​សហគមន៍៍​ទេសចរណ៍​ទាំង ៥ ដើម្បី​ជួយ​អភិវឌ្ឍ ពីព្រោះ សហគមន៍​ទាំង​នោះ​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​ពិសេសៗ ប្លែកៗ​ពី​គ្នា ហើយ​ប្រជាសហគមន៍​មាន​ការ​ខិត​ខំ​យ៉ាង​ខ្លាំង​ក្នុងការ​រៀបចំ​សហគមន៍​របស់​ខ្លួន​គ្រាន់​តែ​កន្លង​មក​សហគមន៍​ទាំង​នោះ​មិន​ទាន់​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ឱ្យ​បាន​ខ្លាំង​ក្លា​ពី​ក្រសួង-ស្ថាប័ន​ផ្សេង​នៅឡើយ។ ម្យ៉ាង​វិញ​ទៀត សហគមន៍​ទេសចរណ៍​ទាំង​ប្រាំ​នេះ ក៏​ស័ក្តិសម​បំផុត​សម្រាប់​ការ​ទទួល​ភ្ញៀវ​ទេសចរ​ក្នុង​បរិបទ​វិបត្តិ​កូវីដ​១៩ ផងដែរ»។

លោក រដ្ឋសក្តិ បានលើកឡើងថា MoU គឺ​ជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​សហការ​គ្នា​ជំរុញ​ឱ្យ​មាន​ចលនា​ទេសចរណ៍​ផ្ទៃ​ក្នុង មុន​ការ​បើក​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ពី​ក្រៅ​ប្រទេស នា​ពេល​ខាង​មុខ ស្រប​ពេល​យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ក៏​បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ពិសេស​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី​៣។

លោក​បន្ថែម​ថា៖ «សម្រាប់​ក្រសួង​ទេសចរណ៍​នឹង​ចូល​រួម​ជួយ​អភិវឌ្ឍ​សហគមន៍​ទាំង​នោះ ដោយ​ផ្ដោត​ទៅ​លើ​ការ​បណ្ដុះ​បណ្ដាល​អំពី​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ វិធាន​សុខាភិបាល​ក្នុង​បរិបទ​វិបត្តិ​កូវីដ១៩ និង​ក្រោយ​វិបត្តិ។ ក្រៅ​ពី​នោះ នៅ​មាន​ការ​បណ្ដុះ​បណ្ដាល​អំពី​ស្ដង់ដា​ម្ហូប​អាហារ ស្ដង់ដា​ទស្សនកិច្ច​ទេសចរណ៍ (Farm Trip) សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក និង​ភ្ញៀវ​អន្តរជាតិ និង​ការ​បណ្ដុះ​បណ្ដាល​ដោយ​ផ្ទាល់ផ្សេង​ទៀត»។

តាមរយៈ MoUនេះ សហគ្រិន​ខ្មែរ​នឹង​គាំទ្រ​លើ​ធនធាន​ហិរញ្ញ​វត្ថុ​សម្រាប់​ជួយ​ដោយ​ផ្ទាល់​ទៅ​ដល់​សហគមន៍ និង​មាន​ជា​ការ​បណ្ដុះ​បណ្ដាលបច្ចេក​ទេស​បង្កើត​អាជីវកម្ម ពង្រីក​អាជីវកម្ម និង​មុខ​របរ​នានា​ដល់​ប្រជាសហគមន៍​ទៀត​ផង ពិសេស​សហគ្រិន​ខ្មែរ​មាន​ដៃ​គូអ​ភិវឌ្ឍន៍​ផ្សេងទៀត​ជាច្រើន​សម្រាប់​ជួយ​សហការ​លើ​កិច្ច​ការ​នេះ។ ធនធាន​ហិរញ្ញ​វត្ថុ​ដែល​សហគ្រិន​ខ្មែរ​មាន​សម្រាប់​ប្រើ​ប្រាស់​នោះ​គឺ​ជា​កម្ចី​ឥណទាន ១០០​ភាគរយ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក ឈៀង វណ្ណមុនិណ្ឌ កត់​សម្គាល់​ថា ក្រសួង​ទេសចរណ៍​មាន​ស្ដង់ដា​ច្បាស់​លាស់​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍ ស្ដង់ដា​បណ្ដុះ​បណ្ដល​នៃការ​ទទួល​ភ្ញៀវ​ទេសចរ ដូចនេះ​ហើយ​ទើប​សហគ្រិន​ខ្មែរ​ចង់​ចូល​រួម​អភិវឌ្ឍ​នៅ​តាម​សហគមន៍​ជាមួយ​ក្រសួង​ទេសចរណ៍ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ចូល​ទៅ​ទស្សនា​នៅ​ក្នុង​សហគមន៍​ទេសចរណ៍​ទាំង​នោះ សំដៅ​ជួយ​ឱ្យ​ប្រជាសហគមន៍​ទទួល​បាន​ប្រាក់ចំណូល​កាន់​តែ​ល្អ​ប្រសើរ។

លោកថា៖ «ក្រៅ​ពី​ការ​ចូលរួម​បម្រើ​សេវា​កម្ម​ទេសចរណ៍​ប្រចាំ​ថ្ងៃ សហគ្រិន​ខ្មែរ​ចង់​ឱ្យ​ប្រជាសហគមន៍​ទាំង​នោះ​ចេះ​បង្កើត​មុខ​របរ​អាជីវកម្មថ្មីៗ​សម្រាប់​គ្រួសារ​របស់​ពួកគាត់ និង​ពង្រីក​អាជីវកម្ម​ដែល​ពួកគេ​មាន​ស្រាប់​ឱ្យ​រីក​ចម្រើន​ជាង​មុខ ដោយ​ហេតុ​ថា​នៅ​តាម​សហគមន៍ទេសចរណ៍​ទាំង​នោះ នឹង​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ច្រើន ហើយ​ប្រជាសហគមន៍​នឹង​មាន​ឱកាស​អាច​លក់​ដូរ​របស់​របរ ទំនិញ ឬសេវាកម្ម​នានា​របស់​ខ្លួន​ទៅ​ឱ្យ​ភ្ញៀវ​ទេសចរ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ»។

លោក​ថា សហគ្រិន​ខ្មែរ​ពិត​ជា​ចង់​ជួយ​ឱ្យ​សហគមន៍​ទាំង ៥ នោះ ក្លាយ​ជា​សហគមន៍​គំរូ​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​សហគមន៍​ទេសចរណ៍ដទៃ​ទៀត​យក​គំរូ​តាម​ដើម្បី​ជួយ​សហគមន៍​ឱ្យ​រីក​ចម្រើន​ត​ទៅ​មុខ​ទៀត។

លោក​និយាយ​ថា៖ «សហគមន៍​មិន​មែន​ត្រឹម​តែ​ទទួល​ភ្ញៀវ​ទេ ប៉ុន្តែ​ប្រជាសហគមន៍​អាច​ពង្រីក​អាជីវកម្ម ហើយ​មាន​សមត្ថភាព​អាច​ទទួលភ្ញៀវ​ទេសចរ​កម្រិត​ខ្ពស់​បាន និង​អាច​ឈាន​ទៅ​ដល់​ការ​ទាក់​ទាញ​ការ​វិនិយោគ​ថែម​ទៀត​ផង។ ប្រសិន​បើ​មាន​ប្រព័ន្ធ​គ្រប់គ្រង​បញ្ជី​ចំណូលចំណាយ មាន​គណនេយ្យ​ភាព​ច្បាស់លាស់ មាន​គំរូ​អាជីវកម្ម​បាន​ល្អ សហគ្រិន​ខ្មែរ​នឹង​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បន្ត​ជួយ​រៀប​ចំ​គំរូ​អាជីវកម្ម​ពួកគាត់​បន្ថែម​ទៀត»៕