ភ្នំពេញ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​មាន​ការ​ចែក​ចាយ​នៅ​លើ​ទីផ្សារ​សហរដ្ឋ​អាមេរិក​នូវ​ផលិតផល​គុយទាវ​ក្រៀមកញ្ចប់​ដែល​មិន​មែន​ជា​ផលិតផល​របស់​កម្ពុជា ដែល​នៅ​លើ​សម្បក​វេច​ខ្ចប់​មាន​ការ​ប្រើ​ប្រាស់​ស្លាក​សញ្ញា «ផលិតផល​គុយទាវ​ភ្នំពេញ» និង «រូប​សញ្ញា​ប្រាសាទ​អង្គរវត្ត» កំពុង​ត្រូវ​បាន​ដាក់​លក់​នៅ​តាម​បណ្តា​ផ្សារ​អាស៊ី​ក្នុង​តំបន់​ឆ្នេរ​ខាង​កើត​សហរដ្ឋ​អាមេរិក (East Coast)។នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ការ​ប្រើ​ប្រាស់​ពាក្យ​និង​ម៉ាក «ផលិតផល​គុយទាវ​ភ្នំពេញ និង​រូប​សញ្ញា​ប្រាសាទ​អង្គរ​វត្ត» ដោយ​មិន​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា​ដែល​បាន​រំលោភ បំពាន​លើ​បទប្បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា កិច្ច​ព្រម​ព្រៀង និង​សន្ធិ​សញ្ញា​អន្តរជាតិ ពិសេស​ការ​ប្រើ​ប្រាស់​ម៉ាក គុយ​ទាវ​ភ្នំពេញ បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទូទៅ​មាន​ការ​ភាន់​ច្រឡំ​អំពី​ប្រភព​ដើម​នៃ​ផលិតផល​គុយ​ទាវ​កញ្ចប់។

ស្ថានទូត​បាន​ស្រាវ​ជ្រាវ​កំណត់​មុខ​សញ្ញាណ និង​ចាត់​អនុព័ន្ធ​ពាណិជ្ជកម្ម​អម​ស្ថាន​ទូត​ចុះ​ជួប​ណែនាំ​ដល់​ក្រុមហ៊ុន​ដែល​នាំ​ចូល​ផលិត​ផល​ទាំងនោះ​ដល់​ទីតាំង​ក្រុមហ៊ុន ព្រម​ទាំង​បាន​ចេញ​លិខិត​ជូន​ដំណឹង​ជា​ផ្លូវការ ​ទៅ​ក្រុមហ៊ុន​ទាំង​នោះ​ឱ្យ​បញ្ឈប់​ធ្វើ​ការ​នាំ​ចូល ឬ​ដាក់​លក់​នូវ​ផលិតបែប​នេះ​បន្ត​ទៀត។ ស្ថានទូត​ក៏​នឹង​ដាក់​ចេញ​នូវ​វិធានការ​បន្ត​ក្នុង​ករណី​ក្រុមហ៊ុន​មិន​ព្រម​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង។

ទន្ទឹមនឹងនេះ ស្ថានទូតសូមអំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក មេត្តា​ឈប់​ជាវ​យកមក​ប្រើ​ប្រាស់​នូវ​ផលិតផល​ក្លែង​បន្លំ​នេះ និង​ធ្វើ​ការ​ជូន​ដំណឹង មក​ស្ថាន​ទូត​តាម​រយៈ​គេហទំព័រ Facebook ស្ថានទូត​ក្នុង​ករណី​បាន​ឃើញ ឬ​ជួប​ប្រទះ​នូវ​ផលិតផល​ណា​ដែល​មាន​ប្រើ​ប្រាស់​រូប​សញ្ញា​ដែល​ជា​អត្តសញ្ញាណ​ជាតិ​នៃ​កម្ពុជា​នៅ​តាម​បណ្តា​ទីផ្សារ​នានា​ក្នុង​សហរដ្ឋ​អាមេរិក​ដើម្បី ស្ថាន​ទូត​អាច​រៀប​ចំ​នីតិវិធី​តវ៉ា​តាម​ផ្លូវ​ច្បាប់ សំដៅ​បញ្ឈប់​ការ​ដាក់​លក់​ផលិតផល​ក្លែង​បន្លំ​នេះ​បាន​ទាន់​ពេល​វេលា៕