ភ្នំពេញៈ DBD Engineering ជា​ក្រុមហ៊ុន​សហគ្រាស​ធុន​តូច និង​មធ្យម​លើកដំបូង​របស់​កម្ពុជា​ដែល​ចុះបញ្ជី​លើ​ទីផ្សារ​កំណើន​នៃ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (CSX) ទទួលបាន​ការជាវ​ភាគហ៊ុន​ទាំងអស់​នៃ​ដំណើរការ​បរិវិសកម្ម​របស់ខ្លួន ចាប់ពី​ថ្ងៃទី​ ២៦ ខែកក្កដា ដល់​ថ្ងៃទី​ ១៨ ខែសីហា ឆ្នាំ​ ២០២១ ដោយ​លក់​ភាគហ៊ុន​ទាំង​ក្នុង​តម្លៃ ២ ៣៨០ ​រៀល​ក្នុង ១ ​ភាគហ៊ុន ប្រមូល​មូលនិធិ​បាន​ជាង ៣,៨៤ ​លាន​ដុល្លារ ខណៈ​ក្រុមហ៊ុន​រំពឹងថា នឹង​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ខែក្រោយ​។

យោងតាម SBI Royal Securities ជា​ភ្នាក់ងារ​ធានា​ទិញ​មូលបត្រ​របស់ DBD បាន​លក់​ភាគហ៊ុន​ទាំងអស់​ចំនួន ៦ ៤៦១ ៥៣៨ ក្នុងនោះ​ភាគហ៊ុន​ប្រហែល ៣,៤ ​លាន ​ត្រូវបាន​លក់​ឱ្យ​ក្រុម​វិនិយោគិន​យុទ្ធសាស្ដ្រ និង​ភាគហ៊ុន​នៅសល់​បាន​លក់​ឱ្យ​ក្រុម​វិនិយោគិន​បុគ្គល​។

ក្រុមហ៊ុន DBD Engineering PlC និង​ក្រុមហ៊ុន SBI Royal Securities (SBIR) បានឱ្យដឹង​ក្នុង​ឯកសារ​ផ្ញើ​ទៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៧ ខែសីហា​ថា ខ្លួន​បាន​ជូនដំណឹង​ដល់​ក្រុម​វិនិយោគិន ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​បរិវិសកម្ម​របស់​ក្រុមហ៊ុន DBD IPO ចាប់ពី​ថ្ងៃទី​ ២៦ ខែ កក្កដា ដល់​ថ្ងៃទី​ ១៨ សីហា ឆ្នាំ​ ២០២១ ថា ការធ្វើ​បរិវិសកម្ម​ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​ដោយ​ភាគហ៊ុន​ទាំង ៦ ៤៦១ ៥៣៨ ត្រូវបាន​ជាវ​ទាំងអស់​។

ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា ការសង​ប្រាក់​ដល់​វិនិយោគិន​ទាំងអស់​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ២៧ ខែ សីហា ឆ្នាំ​ ២០២១​។ លទ្ធផល​ការធ្វើ​បរិវិសកម្ម និង​បញ្ជី​សង​ប្រាក់​ត្រូវបាន​អនុម័ត​រួចហើយ​ដោយ​និយតករ​មូលបត្រ​កម្ពុជា (SERC) កាលពី​ថ្ងៃទី​ ២៥ ខែ សីហា ឆ្នាំ​ ២០២១​។

លោក សេង ចាន់ធឿន នាយក​គ្រប់គ្រង​ក្រុមហ៊ុន SBI Royal Securities បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ថ្ងៃទី​ ២៩ ខែសីហា​ថា ក្រុមហ៊ុន DBD មិន​មាន​ការស្ទាបស្ទង់​តម្លៃ​មូលបត្រ​ជា​សាធារណៈ​សម្រាប់ IPO នេះ​ទេ ហើយ​តម្លៃ​ត្រូវបាន​កំណត់ដោយ​ពឹង​ផ្អែកលើ​របាយការណ៍​វាយតម្លៃ​ភាគហ៊ុន​ដោយ SBIR ក្រុមហ៊ុន និង​ក្រុម​វិនិយោគិន​សំខាន់ៗ​។

លោក​លើកឡើង​ថា​៖ «​ខណៈ​ដែល​ដំណើរការ​ទីផ្សារ​ជាធម្មតា និង​មុនពេល​យើង​បើក​ដំណើរការ​បរិវិសកម្ម យើង​ចាំបាច់​ត្រូវ​ស្វែងរក​ក្រុម​វិនិយោគិន​យុទ្ធសាស្ដ្រ​។ ទោះយ៉ាងណា​ផ្អែកលើ​ស្ថានភាព​តម្រូវការ​បច្ចុប្បន្ន ខ្ញុំ​ជឿថា មានតែ​ក្រុម​វិនិយោគិន​លក់រាយ​ប៉ុណ្ណោះ​អាច​ទទួលយក IPO ទាំងមូល​ដោយ​មិន​ត្រូវការ​ការគាំទ្រ​ជាមុន​ពី​ក្រុម​វិនិយោគិន​យុទ្ធសាស្ដ្រ​»​។

ប៉ុន្តែ​លោក​បានឱ្យដឹងថា តម្រូវការ​ពី​ក្រុម​វិនិយោគិន​លក់រាយ​នៅពេលនេះ​រឹងមាំ​ខ្លាំងណាស់​។ លោក​បន្តថា​៖ «​នោះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​និយាយថា មានតែ​ក្រុម​វិនិយោគិន​លក់រាយ​តែប៉ុណ្ណោះ គឺ​គ្រប់គ្រាន់​ក្នុងការ​គាំទ្រ​ដល់​ការធ្វើ IPO ទាំងមូល​»​។

យោងតាម​លោក ចាន់ធឿន ការចុះបញ្ជី​នេះ​ត្រូវបាន​រំពឹងថា នឹងធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ ឬ​ដើម​សប្ដាហ៍​បន្ទាប់​។ អ្វីៗ​ទាំងអស់​វា​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់ CSX​។

ថ្លែង​ក្នុង​ពេលធ្វើ​ទីផ្សារ IPO តាម​អនឡាញ​កាលពី​ថ្ងៃទី​ ១៩ ខែកក្កដា លោក នាង វិធី នាយក​គ្រប់គ្រង​ក្រុមហ៊ុន DBD បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​ត្រូវ​បង្កើតឡើង​កាលពី​ឆ្នាំ​ ១៩៩៥ ដើម្បី​ផ្ដល់​សេវា​ផ្គត់ផ្គង់​ទឹក​មាន​គុណភាព អគ្គិសនី និង​ម៉ាស៊ីនត្រជាក់​ដល់​មន្ទីរពេទ្យ និង​លំនៅឋាន​។

លោក​ឱ្យដឹងថា DBD បានទទួល​ការអនុម័ត​ស្ថាពរ​សម្រាប់ IPO ពី​ SERC កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា​។ លោក​បន្តថា ក្រុមហ៊ុន​នេះ​ទទួលបាន​ការបញ្ជាក់​លើក​ដំបូង​នៃ​ «​កម្មវិធី​ឧត្តមភាព​» ដែល​រៀបចំឡើង​ដោយ SERC កាលពី​ឆ្នាំ​ ២០១៨​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សង្ឃឹមថា ក្រុមហ៊ុន DBD នឹង​ទទួល​បាន​ការគាំទ្រ​ពី​ក្រុម​វិនិយោគិន ដែល​នឹង​អាចឱ្យ​ក្រុមហ៊ុន DBD ទទួលបាន​ជំហាន​ប្រកបដោយ​ជោគជ័យ​នៅលើ​ផ្សារមូលបត្រ​កម្ពុជា និង​ពង្រីក​សក្ដានុពល​អាជីវកម្ម​របស់ខ្លួន​»៕ LA