ភ្នំពេញៈ គម្រោង​ «​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង និង​លើកកម្ពស់​សកម្មភាព​ទេសចរណ៍​ក្នុង​សហគមន៍​ទេសចរណ៍​ក្នុង​បរិបទ​វិបត្តិ​កូវីដ​ ១៩» នឹង​ត្រូវបាន​ដាក់ឱ្យអនុវត្ត​សាកល្បង​នៅ​សហគមន៍​ទេសចរណ៍​ចំនួន​ ៥ និង​ជា​ផ្នែក​ជំរុញ​ឱ្យ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​រស់​ឡើងវិញ​ បន្ទាប់ពី​ទទួល​រងគ្រោះ​ពី​វិបត្តិ​សុខភាព​។

ក្រសួង​ទេសចរណ៍ និង​អង្គភាព​សហគ្រិន​ខ្មែរ​ដែល​ស្ថិតនៅក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជំរុញ​កិច្ចការ​នេះ​។

លោក ថោង រដ្ឋសក្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍​បាន​ចុះហត្ថលេខា​លើ MoU ជាមួយ​លោក ឈៀង វណ្ណមុនិណ្ឌ នាយក​ប្រតិបត្តិ​នៃ​សហគ្រិន​ខ្មែរ​ ដើម្បី​រួមគ្នា​ជំរុញ​សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង​ប្រទេស​។

លោក ថោង រដ្ឋសក្តិ បាន​ថ្លែងថា នៅ​ជំហាន​ដំបូង​សហគមន៍​ទេសចរណ៍​ចំនួន​ ៥ ​នឹង​ត្រូវ​បានជ្រើសរើស​ ដើម្បី​ជួយ​អភិវឌ្ឍ និង​បណ្ដុះបណ្ដាល​ទៅតាម​ស្ដង់ដា​ និង​ធនធាន​ហិរញ្ញវត្ថុ​។

សហគមន៍​ទាំង​ ៥ ​នោះ​នៅ​ខេត្ត​ចំនួន​ ៤ ​គឺ​សហគមន៍​អេកូទេសចរណ៍​ទឹក​ជប់​ខ្នារពោធិ៍ ក្នុងស្រុក​សូទ្រនិគម និង​សហគមន៍​ទេសចរណ៍​ចង្ក្រាន​រយ ក្នុង​ស្រុក​វ៉ារិន​ (​ខេត្តសៀមរាប​) សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​អូរជាំ ក្នុងស្រុក​សំឡូត​ (​ខេត្តបាត់ដំបង​) សហគមន៍​ទេសចរណ៍​រាំងខ្វាវ ក្នុងស្រុក​ភ្នំក្រវាញ​​ (​ខេត្តពោធិ៍សាត់​) និង​សហគមន៍​ទេសចរណ៍​ស្រែអំពិល​ក្នុង​ស្រុក​ទឹកផុស​ (​ខេត្តកំពង់ឆ្នាំង​)​។

លោក​ថ្លែងថា​៖ «​មូលហេតុ​ដែល​ក្រសួងទេសចរណ៍ និង​សហគ្រិន​ខ្មែរ​សម្រេច​ជ្រើសរើស​សហគមន៍​ទេសចរណ៍​ទាំង​ ៥ ​ដើម្បី​ជួយ​អភិវឌ្ឍ ព្រោះ​សហគមន៍​ទាំងនោះ​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​ពិសេសៗ ប្លែកៗ​ពីគ្នា ហើយ​ប្រជាសហគមន៍​មាន​ការខិតខំ​យ៉ាងខ្លាំង​ក្នុង​ការរៀបចំ​សហគមន៍​របស់​ពួកគេ​គ្រាន់តែ​កន្លងមក​សហគមន៍​ទាំងនោះ​មិនទាន់មាន​ការជួយជ្រោមជ្រែង​ឱ្យបាន​ខ្លាំងក្លា​ពី​ក្រសួង​ស្ថាប័ន​ផ្សេង​នៅឡើយ​។ ម្យ៉ាងវិញទៀត សហគមន៍​ទេសចរណ៍​ទាំង​ ៥ ​នេះ ក៏​ស័ក្តិសម​បំផុត​សម្រាប់​ការទទួល​ភ្ញៀវទេសចរ​ក្នុង​បរិបទ​វិបត្តិ​កូវីដ​ ១៩ ​ផងដែរ​»​។

លោក ឈៀង វណ្ណមុនិណ្ឌ ​បាន កត់សម្គាល់​ថា ក្រសួងទេសចរណ៍​មាន​ស្ដង់ដា​ច្បាស់លាស់​ក្នុង​ការអភិវឌ្ឍ​សហគមន៍ ស្ដង់ដា​បណ្ដុះបណ្ដាល​នៃ​ការទទួល​ភ្ញៀវទេសចរ​ ដូចនេះហើយ​ទើប​សហគ្រិន​ខ្មែរ​ចង់​ចូលរួម​អភិវឌ្ឍ​នៅតាម​សហគមន៍​ជាមួយ​ក្រសួង​ទេសចរណ៍ ដើម្បី​បង្កើន​ភាពទាក់ទាញ​ភ្ញៀវទេសចរ​ពី​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​ចូលទៅ​ទស្សនា​ក្នុង​សហគមន៍​ទេសចរណ៍​ទាំងនោះ សំដៅ​ជួយ​ឱ្យ​ប្រជាសហគមន៍​ទទួលបាន​ប្រាក់ចំណូល​កាន់តែ​ល្អប្រសើរ​។

លោក​អះអាង​ថា​៖ «​ក្រៅពី​ការចូលរួម​បម្រើសេវាកម្ម​ទេសចរណ៍​ប្រចាំថ្ងៃ សហគ្រិន​ខ្មែរ​ចង់ឱ្យ​ប្រជាសហគមន៍​ទាំងនោះ​ចេះ​បង្កើត​មុខរបរ​អាជីវកម្ម​ថ្មីៗ​សម្រាប់​គ្រួសារ​របស់​ពួកគាត់ និង​ពង្រីក​អាជីវកម្ម​ដែល​ពួកគេ​មាន​ស្រាប់​ឱ្យ​រីកចម្រើន​ជាង​មុន​»​។

លោក​បន្តថា សហគ្រិន​ខ្មែរ​ពិតជា​ចង់​ជួយ​ឱ្យ​សហគមន៍​ទាំង​ ៥ ​នោះ​ក្លាយជា​សហគមន៍​គំរូ​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បីឱ្យ​សហគមន៍​ទេសចរណ៍​ដទៃទៀត​យក​គំរូ​តាម​សម្រាប់​អភិវឌ្ឍ​សហគមន៍​ឱ្យ​រីកចម្រើន​៕LA