ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​អះអាង​ថា អាជ្ញាធរ​កម្ពុជា​កំពុង​ធ្វើការ​ស៊ើបអង្កត​ទៅលើ​ការប្រើប្រាស់​អក្សរ ឬ​រូបសញ្ញា​តំណាង​កម្ពុជា​លើ​ផលិតផល​ដែល​មិនមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​កម្ពុជា ដែល​ទង្វើ​នេះ​ធ្វើឱ្យប៉ះពាល់​កិត្តិនាម និង​គុណភាព​ស្តង់ដា​ផលិតផល​ដែល​មាន​ការទទួលស្គាល់​ត្រឹមត្រូវ​។

ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​កាលពី​ទី​ ២៦ ខែសីហា​នេះ​បាន​សរសេរ​លិខិត​មួយ​ថា ថ្មីៗ​នេះ​ស្ថានទូត​បាន​រកឃើញ​ការចែកចាយ​នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក​នូវ​ផលិតផល​គុយទាវ​ក្រៀម​កញ្ចប់​ដែល​មិនមែន​ជា​ផលិតផល​របស់​កម្ពុជា ប៉ុន្តែ​នៅលើ​សម្បក​វេច​ខ្ចប់​មាន​ការប្រើប្រាស់​ស្លាក​សញ្ញា​ «​ផលិតផល​គុយទាវ​ភ្នំពេញ​» និង​ «​រូបសញ្ញា​ប្រាសាទអង្គរវត្ត​» ​ដែល​កំពុង​ត្រូវបាន​ដាក់លក់​នៅតាម​បណ្តា​ផ្សារ​អាស៊ី​ក្នុង​តំបន់ឆ្នេរ​ភាគ​ខាងកើត​សហរដ្ឋអាមេរិក (East Coast)​។

ការប្រើប្រាស់​ពាក្យ និង​ម៉ាក​ «​ផលិតផល​គុយទាវ​ភ្នំពេញ និង​រូប​សញ្ញា​ប្រាសាទអង្គរវត្ត​» ដោយ​មិន​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា គឺ​បាន​រំលោភបំពាន​លើ​បទប្បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​អន្តរជាតិ ពិសេស​ការប្រើប្រាស់​ម៉ាក​គុយទាវ​ភ្នំពេញ​បាន​ធ្វើឱ្យ​អ្នកប្រើប្រាស់​ទូទៅ​មាន​ការភាន់ច្រឡំ​អំពី​ប្រភពដើម​នៃ​ផលិតផល​គុយទាវ​កញ្ចប់​។

លិខិត​បន្តថា ស្ថានទូត​បាន​ស្រាវជ្រាវ​កំណត់​មុខ​សញ្ញាណ និង​ចាត់​អនុព័ន្ធពាណិជ្ជកម្ម​អម​ស្ថានទូត​ចុះ​ជួប​ណែនាំ​ដល់​ក្រុមហ៊ុន​នាំចូល​ផលិតផល​ទាំងនោះ​ដល់​ទីតាំង​ក្រុមហ៊ុន ព្រមទាំង​បានចេញ​លិខិត​ជូនដំណឹង​ជា​ផ្លូវការ ទៅ​ក្រុមហ៊ុន​ទាំងនោះ​ឱ្យ​បញ្ឈប់​ធ្វើការ​នាំចូល ឬ​ដាក់លក់​នូវ​ផលិតផល​បែបនេះ​បន្តទៀត​។ ស្ថានទូត​ក៏​នឹងដាក់​ចេញ​នូវ​វិធានការ​បន្ត​ក្នុង​ករណី​ក្រុមហ៊ុន​មិន​ព្រម​អនុវត្តតាម​សេចក្តីជូនដំណឹង​។

«​គុយទាវ​ភ្នំពេញ​» ត្រូវ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ផ្តល់នូវ​ «​ម៉ាក​សមូហភាព​» ​កាលពី​ឆ្នាំ​ ២០១៩​។ «​គុយទាវ​ភ្នំពេញ​» គឺជា​យីហោ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន អាល់មិនគ្រុប​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បានទេ​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​កាលពី​ថ្ងៃទី​ ២៧ លោក​ប្រាប់​គេហទំព័រ Freshnewsasia ថា ក្រសួង​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ប្រភពដើម​របស់​ផលិតផល​គុយទាវ​ក្រៀម​នេះ ដើម្បី​មាន​ចំណាត់ការ ខណៈ​តាម​ការសន្និដ្ឋាន វា​អាចមាន​ប្រភព​ផលិត​នៅ​ប្រទេស​វៀតណាម​។ នៅពេល​ដឹង​ប្រភព​ច្បាស់លាស់ ក្រសួង​នឹង​ចាត់​វិធានការ​ឱ្យ​ក្រុមហ៊ុន​នេះ​បញ្ឈប់​ជាបន្ទាន់​។

លោក​លើកឡើងថា​៖ «​ដោយសារ​នៅ​ប្រទេស​វៀតណាម​គេ​បិទខ្ទប់​ (​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩) តំណាង​ពាណិជ្ជកម្ម​នៅ​មិនទាន់​អាច​ចុះទៅ​ស្រាវជ្រាវ​បានទេ​។ បើ​ច្បាស់​ពី​ប្រភព យើង​នឹងមាន​សំណើ​ជា​ផ្លូវការ​ឱ្យ​បញ្ឈប់​ជាបន្ទាន់ ដូចដែល​បានធ្វើ​កន្លងទៅ​»​។

យោងតាម​លោក ស៊ាង ថៃ បញ្ហា​បែបនេះ​បានកើត​មាន​ជា​ហូរហែ​មកហើយ ដោយ​កន្លងមក​ក្រសួង​ធ្លាប់​សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាត់វិធានការ​តាមរយៈ​ការផ្ញើ​លិខិត​ទៅ​ស្ថានទូត​បរទេស​សុំ​ឱ្យគេ​ណែនាំ​ក្រុមហ៊ុន​ទាំងនោះ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើប្រាស់​រូប​ប្រាសាទអង្គរវត្ត ឬ​ទង់ជាតិ​កម្ពុជា លើ​ផលិតផល​ដែល​មិនមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​កម្ពុជា​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២៩ ខែសីហាថា នេះ​ជាការ​ធ្វើឱ្យ​ការប្រកួតប្រជែង​មិនមាន​តម្លាភាព ព្រោះ​ផលិតផល​នោះ​មិន​ត្រូវបាន​ការទទួលស្គាល់​ជា​ផ្លូវការ​ពី​អាជ្ញាធរ​កម្ពុជា​។ ទង្វើ​បែបនេះ​កំពុង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ផលិតផល​ពិត ដែលមាន​ការចុះបញ្ជី និង​មាន​គុណភាព​ស្តង់ដា​អនាម័យ​ច្បាស់លាស់​។

លោក​បញ្ជាក់ថា​៖ «​ទង្វើ​បែបនេះ​ (​ការយក​ឈ្មោះ ឬ​និមិត្តសញ្ញា​របស់​កម្ពុជា​ទៅ​ដាក់​លើ​ផលិតផល​គ្មាន​ការអនុញ្ញាត​) កម្ពុជា​មិនអាច​ទទួលយក​បានទេ​។ បើ​គេ​ចង់​ប្រើ​ឈ្មោះ ឬ​និមិត្តសញ្ញា​កម្ពុជា គេ​អាចមក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ឬ​សុំច្បាប់​អនុញ្ញាត​ប្រើប្រាស់​បារ៍កូដ​ពី​អាជ្ញាធរ​កម្ពុជា​តាមផ្លូវ​ច្បាប់​ជា​ការស្រេច​»​។

លោក​បន្ថែមថា ក្នុង​នាម​សភា​ពាណិជ្ជកម្ម​លោក​ពិតជា​ជំរុញ​ក៏ដូចជា​ចង់ឃើញ​ផលិតផល​ដែល​ដាក់លក់​លើ​ទីផ្សារ​អន្តរជាតិ​ទាំងអស់ ត្រូវតែមាន​បារ៍កូដ​ត្រឹមត្រូវ ដើម្បី​អាចឱ្យ​គេ​អាច​ស្កេន​ដឹង​ពី​ទីតាំង​ផលិត ឬ​កន្លែង​វេចខ្ចប់​ច្បាស់លាស់​។

លោក​លើកឡើងថា ក្រុមហ៊ុន ឬ​ផលិតផល​ល្អ គឺ​ត្រូវតែ​គោរព​ច្បាប់​។ ជាក់ស្តែង​ថ្មីៗ​នេះ​ក្រុមហ៊ុន​លក់ទំនិញ​ដ៏ធំ​របស់​អាមេរិក Amazon បាន​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ដើម្បី​នាំយក​ផលិតផល​កម្ពុជា​ដែល​មាន​លក្ខណៈ​ស្តង់ដា និង​ការចុះបញ្ជី​ត្រឹមត្រូវ​យកទៅដាក់​លក់​នៅ​លើ​គេហទំព័រ​របស់គេ​។

កាលពី​ខែឧសភា ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ក៏​ធ្លាប់បាន​ផ្ញើលិខិត​ទៅ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា​ ដើម្បី​ឱ្យ​ធ្វើការ​ស្រាវជ្រាវ និង​ណែនាំ​ក្រុមហ៊ុន Voyage India លើ​ការប្រើប្រាស់​ឈ្មោះ​អង្ករ​បរទេស​ដាក់លក់​នៅតាម​ប្រព័ន្ធ​អនឡាញ ដោយមាន​រូប​ប្រាសាទអង្គរវត្ត និង​ប្រើ​ឈ្មោះថា «Angkor Wat Thai Hom Mali Jasmine Rice»​។ ទោះបីយ៉ាងណា បន្ទាប់ពី​ការតវ៉ា​មួយរយៈ​ខ្លី ក្រុមហ៊ុន​មួយ​នេះ​ក៏បាន​បញ្ឈប់​សកម្មភាព​របស់ខ្លួន​ទៅវិញ​៕ LA