ភ្នំពេញៈ ក្រុមហ៊ុន ណាវីតា ហ៊ែលស៊ី ហ្វូដ & បេវើរីច ឯ.ក ដែលជា​សិប្បកម្ម​កែច្នៃ​តំណាប់​ផ្លែឈើ​ក្នុងស្រុក​បានប្រកាស​ទិញ​មៀន​ប៉ៃលិន​ (​តាង៉ែន​) ​ពី​ប្រជាកសិករ​ប្រមាណ ៦០ ​តោន​ក្នុង​ ១ ​ខែ ដើម្បី​ជួយ​ស្រោចស្រង់​ទីផ្សារ​មៀន​ដែល​កំពុង​ជួប​បញ្ហា​ទីផ្សារ​។ នេះ​បើតាម​ស្ថាបនិក​របស់​ក្រុមហ៊ុន​មួយ​នេះ​។

លោក អ៊ុយ ចេងហេង ស្ថាបនិក​ក្រុមហ៊ុន ​ណាវីតា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សិប្បកម្ម​នេះ​ត្រូវ​បង្កើតឡើង​នៅ​ដើមឆ្នាំ​ ២០២០ ក្នុង​សង្កាត់​អូរម៉ាល់ ក្រុង​បាត់ដំបង​។ ចាប់ពី​ថ្ងៃទី​ ២៦ ខែសីហា​មក ក្រុមហ៊ុន​ប្រកាស​ទិញ​មៀន​ពី​កសិករ ២ ​តោន​ក្នុង​ ១ ​ថ្ងៃ​ក្នុង​តម្លៃ ២ ៥០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​។ ក្នុង​រយៈ ៣ ​ថ្ងៃ​ដំបូង​ (​ថ្ងៃទី​ ២៦-២៨) មាន​កសិករ​ខ្នាតតូច​ដឹក​មៀនមក​លក់​ឱ្យ​សិប្បកម្ម​ក្នុង​ ១ ​ថ្ងៃ​ជាង ១ តោន គឺ​មិនទាន់​គ្រប់​តាម​ចំនួន​ដែល​ក្រុមហ៊ុន​ចង់បាន​នៅឡើយ​ទេ​។

លោក​និយាយថា​៖ «​យើង​ទិញ​បាន​ចន្លោះ​ពី ១ ​ទៅ​ ១,៥ ​តោន​ក្នុង​ ១ ​ថ្ងៃ​។ យើង​ជា​សិប្បកម្ម​ខ្នាតតូច​មិនមាន​លទ្ធ​ភាពចុះ​កុងត្រា​ទិញ-លក់​ជាមួយនឹង​ម្ចាស់​ចម្ការ​ធំៗ ហើយ​ម្ចាស់​ចម្ការ​ធំៗ​ក៏​មិន​លក់​ឱ្យ​យើង​ទេ ដោយ​គាត់​ទុក​ម៉ៅ​ឱ្យគេ​ទាំង​ចម្ការ​តែម្តង​»​។

លោក​បន្តថា ក្រៅពី​តំណាប់​មៀន និង​មៀន​កំប៉ុង សិប្បកម្ម​លោក​ក៏មាន​ផលិតផល​មួយ​ចំនួន​ទៀត ដូចជា តំណាប់​ម្នាស់ ស្វាយ ស្រកានាគ និង​ប៉េងប៉ោះ ដែល​សុទ្ធសឹង​ជា​ផលិតផល​កែច្នៃ​ពី​ផលិតផល​ក្នុង​ខេត្ត​បាត់ដំបង​។ ក្នុងនោះ តំណាប់​ស្រកានាគ តំណាប់​មៀន និង​មៀន​កំប៉ុង បានទទួល​សម្ទុះ​គាំទ្រ​ខ្លាំង រហូត​ដល់​សិប្បកម្ម​ផលិត​មិនទាន់​តាម​ការបញ្ជាទិញ​។

លោក​និយាយថា​៖ «​សិប្បកម្ម​យើង​ផលិត​ប្រភេទ​អាហារ​សុខភាព​កែច្នៃ​ពី​ផ្លែឈើ​ស្រស់​ទៅជា​ផែ្ល​ឈើ​សម្ងួត​បែប​ធម្មជាតិ​ដោយ​មិន​ថែម​ស្ករ ក្លិន និង​ពណ៌ លើកលែង​តែ​មៀន​កំប៉ុង​ដែលមាន​កំហាប់​ស្ករ​ ១៥%»​។

លោក​បន្ថែមថា មៀន​កំប៉ុង​បានចាប់ផ្តើម​ផលិត​នៅ​ដើមខែ​សីហា​នេះ បន្ទាប់ពី​ផលិតផល​គំរូ​ទទួលបាន​លទ្ធផល​វិជ្ជមាន​ទាំង​រសជាតិ និង​គុណភាព​។ លោក​បន្តថា​៖ «​មុនដំបូង​យើង​ផលិត​មៀន​កំប៉ុង​ក្នុង​បរិមាណ​តិចតួច​ ដើម្បី​ធ្វើតេស្ត​ទីផ្សារ ប៉ុន្តែ​ផលិតផល​នេះ​ទទួល​បាន​ការគាំទ្រ​យ៉ាងខ្លាំង​»​។

លោក​លើកឡើង​ទៀតថា ក្រៅពី​ទីផ្សារ​ក្នុងស្រុក ក្រុមហ៊ុន​ក៏​បាននិង​កំពុង​ស្វែងរក​ការនាំចេញ​ផលិតផល​តំណាប់​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

លោក​មានជំនឿថា ផលិតផល​របស់លោក​នឹង​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល ព្រោះ​ការផលិត​ផ្តោតលើ​សុខភាព​អ្នក​ទទួលទាន​។ សព្វថ្ងៃ​ផលិតផល​លោក​កំពុង​ចែកចាយ​នៅ​ភ្នំពេញ និង​មាន​ផែនការ​ដាក់​លក់​ក្នុង​ផ្សារ​ទំនើប​ធំ​ឱ្យបាន​នៅ​ចុង​ឆ្នាំនេះ​។

លោក​ថ្លែងថា​៖ «​ចក្ខុវិស័យ​យើង​ចង់​កា្លយ​ជា​សហគ្រាស​ ១ ​ដែល​ស្ថិតក្នុង​ផ្នត់គំនិត​អ្នកទទួលទាន ដោយ​នៅពេល​ពួកគាត់​គិតដល់​អាហារ​សុខភាព គឺ​គិត​ឃើញ​ពី ណាវីតា​»​។

តំណាប់​ស្រកានាគ និង​ម្នាស់ ១ ​កញ្ចប់​ថ្លៃ ៩ ០០០ ​រៀល រីឯ តំណាប់​ស្វាយ និង​ប៉េងបោះ​តម្លៃ ៧ ៥០០ ​រៀល និង​មៀន ១២ ០០០ ​រៀល​ក្នុង​ ១ ​កែវ​។ នេះ​បើតាម​លោក ចេងហេង​។

លោក គឹម ហួត ប្រធាន​មន្ទីរ ពាណិជ្ជកម្ម​ខេត្តបាត់ដំបង​បាន​ស្វាគមន៍​ចំពោះ​សិប្បកម្ម​នេះ​ដែល​ជួយ​ទិញ​តាង៉ែន​ពី​កសិករ​ក្នុងស្ថានភាព​ដ៏លំបាក​នេះ ស្របពេល​រាជរដ្ឋាភិបាល​ដាក់ចេញ​យុទ្ធនា​ការទិញ​មៀន​ប៉ៃលិន​ពី​ប្រជាកសិករ​ផ្ទាល់​៕

វីដេអូ៖