ភ្នំពេញ៖ CP All Pcl ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​លក់​រាយ​របស់​ប្រទេស​ថៃ បាន​បើក​ដំណើរការ​ហាង​លក់​រាយ 7-Eleven លើក​ដំបូង​របស់​កម្ពុជា នៅ​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ ស្រប​តាម​ផែនការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ទៅ​ក្នុង​តំបន់​អាស៊ាន។

ហាង​លក់​រាយ 7-Eleven លើក​ដំបូង​ ត្រូវ​បាន​ចាប់​ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ កាល​ពី​ថ្ងៃទី ៣០ ខែ​សីហា នៅ​ក្នុង​វិស័យ​ដែល​ចង្អៀត​បំផុត និង​ផ្លូវ​ពាណិជ្ជកម្ម​នៅ​ជ្រោយចង្វារ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៦។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន «ហាង​លក់រាយ 7-Eleven លើក​ដំបូង​នៅ​កម្ពុជា ត្រូវ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ។ នេះ គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន CP ALL ក្នុង​ការ​ពង្រីក​ទៅ​ក្នុង​តំបន់​អាស៊ាន ដែល​បញ្ជាក់​ពី​ភាព​ខ្លាំង​នៃ​សេវាកម្ម​ពី​ប្រទេស​ថៃ ចំពោះ​អតិថិជន​កម្ពុជា ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ធ្វើ​អាជីវកម្ម​ស្រប​ជាមួយ​នឹង​ការ​បង្កើត​តម្លៃ​សម្រាប់​សង្គម «បង្កើត​ និង​ចែក​រំលែក​ឱកាស»។

លោក Mr.Chairoj Tiwatmunoharoen អនុប្រធាន​ជាន់​ខ្ពស់​ក្រុមហ៊ុន CP All បាន​ឱ្យ​ដឹង​ថា ALL (Cambodia) Co., Ltd ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន CP ALL បាន​ចុះ​កិច្ច​ព្រមព្រៀង​សិទ្ធិ​ធ្វើ​អាជីវកម្ម​ក្រុមហ៊ុន 7-Eleven Inc កាល​ពី​ឆ្នាំ​មុន ដើម្បី​ប្រតិបត្តិការ​ហាង​លក់រាយ 7-Eleven Stores នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក Chairoj ថ្លែង​ថា៖ «ការ​បើក​ដំណើរការ​ហាង​លក់​រាយ 7-Eleven លើក​ដំបូង​នៅ​កម្ពុជា​នៅ​ថ្ងៃ​នេះ វា​ជា​សញ្ញា​ដ៏​សំខាន់​មួយ​នៃ​មិត្តភាព និង​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ ២ ទាំង​កម្រិត​រដ្ឋាភិបាល និង​ប្រជាជន និង​គុណភាព​សេវា»។

លោក​លើក​ឡើង​ថា៖ «អ្វី​ដែល​សំខាន់​ដើម្បី​បញ្ជាក់​ គឺ​ថា​ការ​គោរព​ច្បាប់ និង​ការ​អនុវត្ត​របស់​សង្គម​ដែល​យើង គឺ​ជា​ផ្នែក​មួយ។ ជាមួយ​គ្នា​នេះ​ដែរ យើង​បាន​ទទួល​យក​ដំណោះស្រាយ​ដូច​គ្នា​នឹង​ប្រទេស​ថៃ។ ក្រៅ​ពី​គុណភាព​ផលិតផល និង​សេវា យើង​នឹង​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ផ្តល់​តម្លៃ​ដល់​ការ​ចែកចាយ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ការ​លើក​កម្ពស់​សហគ្រាស​ខា្នត​តូច និង​ការ​ធ្វើ​អាជីវកម្ម​ដោយ​គិត​គូរ​ពី​បរិស្ថាន ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​កម្ពុជា។ យើង​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ល្អ​ពី​ប្រជាជន​កម្ពុជា»។

លោក អ៊ូក សោភ័ណ បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍​ថា ការ​សម្ពោធ​សាខា​ហាង​លក់រាយ 7-Eleven បង្ហាញ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៃ​ការ​ពង្រីក​អាជីវកម្ម​របស់ CP All ​ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​របស់​ថៃ​មក​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន CP All នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ស្រប​ជាមួយ​នឹង​គំនិត​ផ្តួចផ្ដើម​ជា​យុទ្ធសាស្ដ្រ​ការទូត​សេដ្ឋកិច្ច​កម្ពុជា និង​អនុវត្ត​ដោយ​លោក​ ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​កិច្ចការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយ​មាន​ការ​គាំទ្រ​ពី​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន។

លោក​បន្ត​ថា តាមរយៈ​ផែនការ​នេះ យ៉ាង​ហោចណាស់​ស្ដុក​របស់​ហាង​លក់​រាយ 7-Eleven ៥០ ភាគរយ នឹង​មាន​ផលិតផល​មក​ពី​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ស្រុក (SME) ព្រម​ទាំង​បង្កើត​ការងារ​សម្រាប់​ប្រជាជន​មូលដ្ឋាន​ផង​ដែរ។

លោក​ថ្លែង​ថា៖ «នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់ SMEs កម្ពុជា ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន CP All ដោយសារ​តែ​ក្រុមហ៊ុន​មួយ​នេះ ជា​ក្រុមហ៊ុន​លក់​រាយ​ឈាន​មុខ​គេ​របស់​ពិភព​លោក»។

7-Eleven ជា​ប្រតិបត្តិករ​សិទ្ធិ​ធ្វើ​អាជីវកម្ម​ដែល​ចុះ​បញ្ជី​នៅ​ទីក្រុង​បាងកក ដែល​ជា​សាខា​លក់​រាយ​របស់​ក្រុមហ៊ុន Charoen Pokphand Group Co Ltd បាន​ផ្ដល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ដល់​ក្រុមហ៊ុន CP All (Cambodia) Co Ltd ក្នុង​រយៈពេល ៣០ ឆ្នាំ​ ក្នុង​ការ​បង្កើត និង​ប្រតិបត្តិការ​សាខា 7-Eleven។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រព័ន្ធ​ព័ត៌មាន​ក្នុង​ស្រុក​របស់​ប្រទេស​ថៃ។

លោក​ឯកអគ្គរាជទូត​បាន​បញ្ជាក់ ដោយ​ដក​ស្រង់​សំដី​របស់​មន្ដ្រី​នៅ​ក្រុមហ៊ុន CP All នៅ​ប្រទេស​ថៃ ដែល​លើក​ឡើង​ថា ក្រុមហ៊ុន CP All Cambodia គ្រោង​នឹង​បើក​ដំណើរការ​ហាង​លក់​រាយ​យ៉ាង​ហោច​ណាស់ ៦ ទៀត​នៅ​ឆ្នាំ​នេះ ៕LA