ភ្នំពេញៈ កម្ពុជា-ឥណ្ឌា​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​កសិកម្ម​ជាមួយ​រដ្ឋបាលខេត្ត​កែប​ដែលជា​តំបន់​សក្តានុពល​ទេសចរណ៍​ឆ្នេរសមុទ្រ​។

ការប្តេជ្ញាចិត្ត​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​លោកស្រី Devyani Khobragade ឯកអគ្គ​រដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា កាលពី​សប្តាហ៍​មុន​នៅ​សាលាខេត្ត​កែប​។

ក្នុងជំនួប​នេះ លោកស្រី Khobragade លើកឡើងថា នេះ​គឺជា​ជំនួប​ដើម្បី​បង្កើន​ចំណង​មិត្តភាព​ជាមួយ​ខេត្ត​ជាប់មាត់​សមុទ្រ​។ លោកស្រី​បន្តថា អភិបាលខេត្ត​កែប​បាន​ឯកភាព​ធ្វើការ​រួមគ្នា​ ដើម្បី​បង្កើន​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ កសិកម្ម និង​ការកសាង​សមត្ថភាព​ និង​បង្កើន​ឱកាស​សេដ្ឋកិច្ច​អតិបរមា​។

លោកស្រី​បន្ថែមថា​៖ «​ភាគី​ទាំង​ ២ ក៏បាន​ពិភាក្សា​គ្នា​ ដើម្បី​បង្កើត​ចំណងមិត្តភាព​ខេត្ត​ជា​បងប្អូន​ស្រី​ផងដែរ​»​។

លោក សោម ពិសិដ្ឋ បានលើកឡើង​ដែរ​ថា ឥណ្ឌា​បានមក​ស្វែងយល់​ពី​សក្តានុពល​របស់​ខេត្ត និង​សិក្សា​អំពី​គម្រោង​អភិវឌ្ឍន៍​របស់​ខេត្ត​ទៅលើ​វិស័យ​ទេសចរណ៍ កសិកម្ម និង​អប់រំ ជាដើម​។

ទន្ទឹមនឹងនេះ លោក​អភិបាលខេត្ត​ក៏បាន​លើកឡើង​ពី​សក្តានុពល​សំខាន់ៗ និង​បង្ហាញ​ចក្ខុវិស័យ​ដែល​ខេត្ត​បានដាក់​ចេញ​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ក្នុង​ខេត្ត​នាពេលខាងមុខ​។ ​លោក​ថា ភាគី​ឥណ្ឌា​សន្យាថា​នឹង​ទទួលយក​គម្រោង​ណាមួយ​ប្រសិនបើ​ខេត្ត​ស្នើសុំ​ឱ្យមាន​ការគាំទ្រ​ពី​ឥណ្ឌា​។

លោក​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា​លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​នឹង​ពិនិត្យ​រាល់​គម្រោង​ដែល​ខេត្ត​បានដាក់​ចេញ ដើម្បី​ពិនិត្យ​ និង​ជួយ​គាំទ្រ ពិសេស​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ទាំង ៣ ខាងលើ​»​។

កាលពី​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បានសម្រេច​អនុវត្ត​គម្រោង​កែលម្អ​ឆ្នេរ​ភក់​ទៅជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​ប្រវែង ២ ៧០០ ម៉ែត្រ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​កាន់តែច្រើន​នៅ​ខេត្ត​កែប​ដោយ​រំពឹងថា​នឹង​អនុវត្ត​ឆាប់ៗ​នេះ​។

គម្រោង​នេះ​នឹង​អនុវត្ត​ចាប់ពី​ផ្សារ​ក្តាម​ទៅដល់​ព្រៃកោងកាង​ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​ធ្លាប់បាន​ឱ្យដឹងថា ការអភិវឌ្ឍ​កែលម្អ​តំបន់ឆ្នេរ​ថ្មី​របស់​រាជរដ្ឋាភិបាល​នេះ​ក្នុង​គោលបំណង ដើម្បី​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​នៅក្នុង​ខេត្ត​កែប បង្កើត​មុខរបរ​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា ការអភិវឌ្ឍ​តំបន់ឆ្នេរ​នេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​ខេត្ត​កែប​កាន់តែច្រើន​»​។

បច្ចុប្បន្ន​ខេត្ត​កែប មាន​ឆ្នេរសមុទ្រ​តែ ១ គត់ ដោយមាន​ប្រវែង​សរុប ៣៥០ ម៉ែត្រ ហើយ​ខេត្ត​កែប​មាន​កោះ​ចំនួន ១២ និង​ថ្ម​ប៉ប្រះ​ទឹក ១ ដែលជា​តំបន់​សក្តានុពល​ទេសចរណ៍​ឆ្នេរសមុទ្រ​។ នេះ​បើតាម​លោក សោម ចិន្តា​។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ឥណ្ឌា ឆ្នាំ ២០២០ មានតម្លៃ ១៩០,១៣ លាន​ដុល្លារ ធ្លាក់ចុះ ២៥,៨១ ភាគរយ​ធៀប​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ ៦១,៣៦ ​លាន​ដុល្លារ​ធ្លាក់ចុះ ៥,១២ ភាគរយ និង​នាំចូល​មាន​ ១២៨,៧៧ ​លាន​ដុល្លារ ធ្លាក់ចុះ​ ៣២,៧៩ ​ភាគរយ​៕