The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ពាណិជ្ជកម្ម​នឹង​ដាក់​ដំណើរការ​ផ្សារ​អេឡិចត្រូនិក​ បន្ទាប់ពី​សហការ អនុញ្ញាត​ទូទាត់​តាម​ វីង

ក្រសួង​ពាណិជ្ជកម្ម​នឹង​ដាក់​ដំណើរការ​ផ្សារ​អេឡិចត្រូនិក​ បន្ទាប់ពី​សហការ អនុញ្ញាត​ទូទាត់​តាម​ វីង

Content image - Phnom Penh Post
ពិធី​ចុះហត្ថលេខា​សហការគ្នារ​វាង​ក្រសួងពាណិជ្ជកម្ម​ និង​ធនាគារ​ វីង ​កាលពី​ថ្ងៃទី​ ៣០ ​ខែសីហា​។ ហេង ជីវ័ន

ក្រសួង​ពាណិជ្ជកម្ម​នឹង​ដាក់​ដំណើរការ​ផ្សារ​អេឡិចត្រូនិក​ បន្ទាប់ពី​សហការ អនុញ្ញាត​ទូទាត់​តាម​ វីង

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និង ធនាគារ​ វីង ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​​របស់​រ៉ូយ៉ាល់គ្រុប បាន​សម្រេច​នូវ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ជា​ផ្លូវការ​ ដើម្បី​ដាក់បញ្ចូល​ប្រព័ន្ធ​ទូទាត់​ទៅក្នុង​ទីផ្សារ CambodiaTrade.com ដើម្បី​ជួយ​ពង្រឹង​ការទូទាត់​បែប​ឌីជីថល​សម្រាប់​អ្នក​ប្រើប្រាស់ ជាពិសេស​គឺ​សហគ្រាស ធុនតូច និង​មធ្យម​កម្ពុជា​។

កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ៣០ ​ខែ សីហា ឆ្នាំ ២០២១ ក្រោម​អធិបតីភាព​រវាង​លោក​ ប៉ាន សូរស័កិ្ត រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម និង​លោក​ គិត ម៉េង ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម​។

ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​គេហទំព័រ Cambodia Trade.com កាលពី​ពាក់កណ្ដាល​ខែមិថុនា ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ SMEs របស់​កម្ពុជា​ក្នុង​ការដាក់លក់​ផលិតផល​របស់​ពួកគេ​ដល់​អតិថិជន​កាន់តែ​ទូលំទូលាយ​ថែមទៀត និង​ចាប់យក​ចំណែក​សេដ្ឋកិច្ច​ឌីជីថល​ពិភពលោក ដែល​រីកចម្រើន​។

លោក​ គិត ម៉េង ប្រធាន​ក្រុមហ៊ុន​​រ៉ូយ៉ាល់គ្រុប​បាន​ថ្លែង​សាទរ​ជាមួយ​​ភាពជា​ដៃគូរ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ការជួយ​សម្រួលការ​ទូទាត់​​បែប​ឌីជីថល​សម្រាប់​ថ្នាល​ផ្សារ​អេឡិចត្រូនិក​របស់​ក្រសួង​។ លោក​ថា ជាមួយ​ដំណើការ​ ១៣ ​ឆ្នាំ​រួចមកហើយ វីង បាន​ជម្នះ​នូវ​រាល់​ការលំបាក​ទាំង ទិសដៅ​ទៅ Bank និង Unbank ជូន​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​។

លោក​បាន​ថ្លែងថា​៖ «​ប្រសិន​យើង​គិត​មើល​ ១៣ ​ឆ្នាំ​ថយក្រោយ កម្ពុជា យើង ការអភិវឌ្ឍ​មិនទាន់​បាន​ធំធេង​ទេ​។ នៅពេលនេះ​ វីង ​បាន​ធ្វើឱ្យ​ប្រជាជន ជាពិសេស​សហគ្រាស​ធុន​តូច​ និង​មធ្យម និង​ប្រជាពលរដ្ឋ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​បាន​ផ្ញើ​លុយ​មក​ច្រើន តាមរយៈ​ វីង ជាពិសេស​ពី​ប្រទេស​កូរ៉េ ថៃ និង​ប្រទេស​ម៉ាឡេស៊ី​»​។

លោក​បាន​ថ្លែង​បន្តទៀតថា វីង ​បាន​ដំណើការ​មកទល់​ពេលនេះ​ក៏ដោយ​សារ​មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ជាពិសេស​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។ បច្ចុប្បន្ន​ វីង ​មាន​អតិថិជន​កំពុង​ប្រើប្រាស់​ ១២ ​លាន​នាក់​។

លោក​ថា​៖ «​ខ្ញុំ​ពិតជា​មាន​ការកោតសរសើរ​ក្រសួង​ក្នុង​ការបង្កើត Cambodia Trade នេះ​គឺជា​ដំណើការ​​ស្របតាម​ទីផ្សារ​យុគសម័យ​ថ្មី​ ដើម្បី​​ឱ្យ​ដើរ​ទាន់​សភាពការណ៍​ចំពោះ​ប្រទេស​អាស៊ាន​ផង​ និង​សកលលោក​ផង​។ ប្រសិនបើ​យើង​មិន​ផ្លាស់ប្តូរ​ទេ ការងារ ទីផ្សារ និង​ចែកចាយ​មិនបាន​ទាន់សភាពការណ៍​ដូច​ប្រទេស​នានា​»​។

លោក ប៉ាន សូរស័ក្ត បាន​ថ្លែងថា ក្រុមហ៊ុន Royal Group តាមរយៈ ធនាគារ​ វីង ​តែងតែ​មាន​កិច្ចសហការ​ល្អ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ជាថ្មី​ម្តងទៀត​តាមរយៈ​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​ប្រាក់​របស់​ធនាគារ​ វីង ​ជាមួយ​និង​ផ្សារ​អេឡិចត្រូនិក​របស់​ក្រសួង​ពាណិជ្ជកម្ម​មាន​ឈ្មោះថា «Cambodia Trade.com» ដើម្បី​ជួយ​សម្រួល​​ដល់​ការទូទាត់​ប្រាក់​តាមបែប​ឌីជីថល​ដែល​នឹង​ផ្តល់​ភាពងាយស្រួល​ជូន អាជីវករ​សហគ្រាស ធុន​តូច​ និង​មធ្យម និង​អតិថិជន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

បើ​យោងតាម​លោក ក្រសួង​ពាណិជ្ជកម្ម​បានដាក់​ដំណើរការ​សាកល្បង​​ផ្សារ​អេឡិចត្រូនិក​ខេមបូឌាត្រេដ​សម្រាប់​ការចុះឈ្មោះ​បឋម ដោយ សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ​ ២០២១ ដើម្បី​ជួយ​គាំទ្រ​ដល់​សហគ្រាស​ធុន-តូច​ និង​មធ្យម​នៅ​កម្ពុជា​អាច​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​រួមមួយ (​មាន ទាំង​ប្រព័ន្ធ​ទូទាត់​ប្រាក់ និង​ប្រព័ន្ធ​ដឹកជញ្ជូន​ផងដែរ​) ​ក្នុង​ការនាំចេញ​ផលិតផល​កម្ពុជា និង​ពង្រើក​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ជាង​មុន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង ក្រៅប្រទេស​។ ​ពិធី​សម្ពោធ​ជា​ផ្លូវការ ផ្សារ​អេឡិចត្រូនិក​ខេមបូឌាត្រេដ នឹងត្រូវ​រៀបចំ​ក្នុង​ពេល​ដ៏ខ្លី​ខាងមុខនេះ​។

លោក​ថ្លែងថា​៖ «​ការបង្កើត Cambodia Trade គឺ​ស្រប​នឹង​បរិបទ​​ប្រទេស​កម្ពុជា​ជាមួយ​ការវិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​។ យើងទាំងអស់​គ្នា​កម្ពុជា​ពឹង​ផ្អែកលើ​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​​ក្រៅប្រទេស​ តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម ហើយ​ការនាំចេញ​ទាំងអស់​នោះ​មានតម្លៃ​ប្រមាណ​ ៥៥ ​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​របស់​កម្ពុជា​»​។

លោក​បាន​ថ្លែង​បន្តទៀតថា​៖ «​ជាមួយ​នោះដែរ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ថ្មីៗ ក្រុមហ៊ុន​ជាច្រើន​បាន​ផ្លាស់ប្តូរ​អាជីវកម្ម​របស់​ពួកគេ​មក​ធ្វើតាម​​ប្រព័ន្ធ​អេឡិចត្រូនិក​តាមរយៈ​ការលក់​ទៅលើ​ថ្នាល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ អេឡិចត្រូនិក​ និង​តាម​បណ្តាញ​សង្គម​នានា​។ ​សកម្មភាព​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា​មាន​ការរីកចម្រើន​ខ្លាំង​ផងដែរ​ ជាពិសេស​ក្នុងអំឡុងពេល​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ ដោយ​មើលឃើញ​ពី​ការវិវឌ្ឍ​ខាងលើ​ក្រសួងពាណិជ្ជកម្ម​បាន​បង្កើត​ផ្សារ​​អេឡិចត្រូនិក Cambodia Trade ប្រែក្លាយ​កាលានុវត្តភាព​ ដើម្បី​ជាប្រយោជន៍​សម្រាប់​សហគ្រាស​ធុន-តូច និង​មធ្យម​»៕LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍