ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា ២០៣០ ក្នុង​គោលបំណង ដើម្បី​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី​លើ​វិស័យនេះ និង​មាន​គោលដៅ​ទាក់ទាញ​ការវិនិយោគ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ទាក់ទិន​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​កម្ពុជា​។

រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ជ្រួតជ្រាប​យ៉ាងច្បាស់​ថា​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គឺជា​មូលដ្ឋានគ្រឹះ​ដ៏សំខាន់​សម្រាប់​បង្កលក្ខណៈ​ឱ្យ​ប្រទេស​កម្ពុជា​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ប្រកបដោយ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការប្រែក្លាយ​ទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ថ្លែងថា វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គឺជា​ឆ្អឹងខ្នង ដែល​នាំឱ្យ​មាន​ជោគជ័យ​នៅក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​។ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់យក​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​គឺជា​ការសម្រេចចិត្ត​ដ៏សំខាន់​មួយ​ដែល​នឹង​អនុញ្ញាតឱ្យ​ប្រទេស​កម្ពុជា​ឈាន​ជើង​ចូលទៅក្នុង​សករាជ​ថ្មី​នៃ​អារ្យធម៌​ដ៏រស់រវើក​។

លោក​បានឱ្យដឹងថា​៖ «​ខ្ញុំ​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការលើក​កម្ពស់​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​សម្រាប់​ជាតិ​មាតុភូមិ​កម្ពុជា​»​។

ផែនទី​បង្ហាញផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា ២០៣០ ត្រូវបាន​តាក់តែង​ឡើង​ដោយមាន​សសរស្តម្ភ​ចំនួន​ ៥ រួមមាន សសរស្តម្ភ​ទី​១ មាន​គោលដៅ​ពង្រឹង​អភិបាលកិច្ច​នៃ​ប្រព័ន្ធ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ដែល​ក្រសួង​នេះ​គឺជា​ស្ថាប័ន​ដឹកនាំ​ការសម្របសម្រួល​លើ​ការអនុវត្ត​គោលនយោបាយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។

សសរស្តម្ភ​ទី​២ មាន​គោលដៅ​កសាង​ធនធានមនុស្ស​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ តាមរយៈ​ការបង្កើន​ចំនួន​និស្សិត​ដែល​សិក្សា​ផ្នែក​ស្ទែម (STEM) ​នៅតាម​សាកលវិទ្យាល័យ​ឱ្យបាន​យ៉ាងតិច​ចំនួន ៥០ ភាគរយ​។ សសរស្តម្ភ​ទី​៣ មាន​គោលដៅ​លើកកម្ពស់​ការស្រាវជ្រាវ​តាមបែប​វិទ្យាសាស្ត្រ តាមរយៈ​ការវិនិយោគ​ចំនួន​ ១ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុបទៅ​លើ​សកម្មភាព​ស្រាវជ្រាវ​។

សសរស្តម្ភ​ទី៤ មាន​គោលដៅ​ពង្រឹង​កិច្ចសហការ និង កសាង​បណ្តាញ​ទំនាក់ទំនង​ក្នុង​ចំណោម​តួអង្គ​ពាក់ព័ន្ធ​ទាំងឡាយ និង​សសរស្តម្ភ​ទី​៥ មាន​គោលដៅ ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​បង្ក​បរិយាកាស​ដល់​នវានុវត្តន៍ ការលើកកម្ពស់​សមត្ថភាព​ស្រូប​ទាញ​ក្រុមហ៊ុន ការទាក់ទាញ​ការវិនិយោគ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ទាក់ទិន​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ការលើកកម្ពស់​ការផ្ទេរ​បច្ចេកវិទ្យា​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​នៅក្នុង​ផែនទី​បង្ហាញផ្លូវ​នេះ​ថា ការពង្រឹង​សមត្ថភាព​ខាង​ផ្នែក​បច្ចេកវិទ្យា និង​ការលើកកម្ពស់​សមិទ្ធកម្ម​នវានុវត្តន៍ គឺជា​កត្តា​គន្លឹះ​កំណត់ ការសម្រេច​ឱ្យបាន​នូវ​ទស្សនវិស័យ​ប្រកប​ដោយ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។

លោក​ថ្លែង​ទៀតថា​៖ «​ផែនទី​បង្ហាញផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា ២០៣០ គឺជា​សម្បត្តិ​ដ៏មាន​សារៈសំខាន់ និង​ទាន់​សភាពការណ៍​ក្នុង​ការតម្រង់ទិស មិន​ត្រឹមតែ​ទៅរក​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ប៉ុណ្ណោះ​ទេ ថែមទាំង​ការធ្វើ​បរិវត្តកម្ម​រចនាសម្ព័ន្ធ ការធ្វើ​ពិពិធកម្ម សេដ្ឋកិច្ច និង​ការបង្កើន​ផលិតភាព​ទៀតផង​។ ក្នុងន័យនេះ ផែនទី​បង្ហាញផ្លូវ​នឹង​ជា​កាតាលីករ​ក្នុង​ការធ្វើ​បរិវិត្តកម្ម សេដ្ឋកិច្ច ពី​សេដ្ឋកិច្ច​អតិពលកម្ម ទៅជា​សេដ្ឋកិច្ច​ផ្អែកលើ​ជំនាញ ហើយ​ប្រែក្លាយ​ជា​ប្រជាជាតិ​មួយ​ដែល​យក​នវានុវត្តន៍​ជា​មូលដ្ឋាន​ក្នុង​ការអភិវឌ្ឍ​»​។

លោក ប៉ាត់ ចំណាន ស្ថាបនិកក្រុមហ៊ុន ស៊ូភើអេប តិចណូឡូជី ភីអិលស៊ី (Supper App Technology Plc) ប្រាប់​ ​ភ្នំពេញ ប៉ុស្តិ៍​ថា វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការអភិវឌ្ឍ​នៅ​​ក្រុមហ៊ុន​លោក ដើម្បី​ដំណើរការ​ចង្វាក់​ផលិតកម្ម និង​ការផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​៕