ភ្នំពេញៈ អាជីវករ និង​ធុរជន​លើ​ផលិតផល​ម្ហូប អាហារ និង​ភេសជ្ជៈ នឹងមាន​ឱកាស​ក្នុង​ការចាប់យក​ទីផ្សារ​កូរ៉េ​ខាងត្បូង​នា​អំឡុងពេល​ការតាំងពិព័រណ៍​ផលិតផល​កាហ្វេ​អន្តរជាតិ​នៅ​ទីក្រុង​សេអ៊ូល​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

ក្រសួង​ពាណិជ្ជកម្ម​បាន​អំពាវនាវ​ដល់​វិស័យ​ឯនជន​ឱ្យ​ចូលរួម​តាំងពិព័រណ៍​ផលិតផល​កាហ្វេ​អន្តរជាតិ​នៅ​ទីក្រុង​សេអ៊ូល​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ​សាធារណរដ្ឋ​កូរ៉េ​។ ​នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​។

កម្មវិធី​ពិព័រណ៍​គឺជា​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​ដ៏ធំ​នៅ​អាស៊ី ដែល​មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ​សហការ​ជាមួយ​ស្ថានទូត​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​អាស៊ាន​ឆ្នាំ​ ២០២១ (ASEAN Trade Fair 2021)​។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា​៖ «​ក្នុង​ឱកាស​នេះ មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ បាន​អញ្ជើញ​ក្រុមហ៊ុន​កម្ពុជា ដែល​កំពុង​ធ្វើ​ធុរកិច្ច​លើ​ផលិតផល​ម្ហូបអាហារ និង​ភេសជ្ជៈ រួមទាំង​ផលិតផល​កាហ្វេ តែ និង​បង្អែម​ចំនួន ៦ ​ក្រុមហ៊ុន​/​សហគ្រាស ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ខាងលើនេះ​ពី​ចម្ងាយ តាមរយៈ​ការផ្ញើ​ផលិតផល​ទៅ​ចូលរួម​ដាក់តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នេះ​»​។

ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់​ទៀតថា​៖ «​ក្នុងនាម​អ្នកសម្របសម្រួល​ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ សូម​អំពាវនាវ​ដល់​ពាណិជ្ជករ ផលិតករ និង​សាធារណជន​ទូទៅ​ដែលមាន​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ខាងលើ សូម​បំពេញបែបបទ​ចុះឈ្មោះ​ចូលរួម​ដោយ​អត់​គិតថ្លៃ​ចាប់ពី​កាលបរិច្ឆេទ​ផ្សាយដំណឹង​នេះ​រហូតដល់​ថ្ងៃទី​ ៣ ខែកញ្ញា ឆ្នាំ​ ២០២១ ជា​កំណត់​»​។

កាលពី​ថ្ងៃទី​ ៣ ខែកុម្ភៈ​ឆ្នាំនេះ កម្ពុជា និង​កូរ៉េខាងត្បូង​បានបញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ទ្វេភាគី ដែល​លោក ប៉ាន សូរស័កិ្ត រដ្ឋមន្ដ្រី​ក្រសួងពាណិជ្ជកម្ម និង​លោកស្រី Yoo Myung-hee ជា​សមភាគី​របស់លោក​គ្រោង​នឹង​ចុះហត្ថលេខា​នៅ​ចុងឆ្នាំ​នេះ ដែល​កំណត់​តម្លៃ​ពន្ធ​នាំចូល​សូន្យ​លើ​ទំនិញ​ជាច្រើន​មុខ​។

ទន្ទឹមនឹងនេះ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​កាលពី​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២១ មានតម្លៃ​ ៤៥១,៩៨ ​លាន​ដុល្លារ កើនឡើង​ ៦,៧ ​ភាគរយ​ធៀប​នឹង​ ៤២៣,៥១ ​លាន​ដុល្លារ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ ( Kita)​។

ក្នុង​អំឡុងពេល​ខែមករា​ដល់​ខែមិថុនា កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ​ ១៥៩,៤០ ​លាន​ដុល្លារ ធ្លាក់ចុះ​ ១,៦ ​ភាគរយ​ធៀប​នឹង​ ១៦២,០៦ ​លាន​ដុល្លារ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​នាំចូល​មានតម្លៃ​ ២៩២,៥៩ ​លាន​ដុល្លារ កើនឡើង​ ១១,៩ ​ភាគរយ​ធៀប​នឹង​ ២៦១,៤៥ ​លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ ឱនភាព​ពាណិជ្ជកម្ម​កើនឡើង​ ៣៤,០ ​ភាគរយ​ពី​ ៩៩,៣៩ ​លាន​ដុល្លារ ដល់​ ១៣៣,១៩ ​លាន​ដុល្លារ​។

Kita បាន​រាយការណ៍​ថា កម្ពុជា​ភាគច្រើន​នាំចេញ​ផលិតផល​ស្បែកជើង សម្លៀកបំពាក់ និង​ផលិតផល​ធ្វើដំណើរ ភេសជ្ជៈ គ្រឿង​បង្គុំ​អគ្គិសនី និង​អេឡិចត្រូនិក កៅស៊ូ ឱសថ និង​ផលិតផល​កសិកម្ម ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង និង​បាន​នាំចូល​រថយន្ត គ្រឿង​អេឡិចត្រូនិក ឧបករណ៍​ផ្ទះបាយ ភេសជ្ជៈ ឱសថ បា្លស្ទិក និង​ផលិតផល​សម្រេច​ជាច្រើន​ផ្សេងទៀត​»៕LA