ភ្នំពេញៈ គម្រោងវិនិយោគជប៉ុនចំនួន ២១១ ដែលមានប្រាក់ប្រមាណ ៣,១៤ ពាន់លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យវិនិយោគនៅកម្ពុជាគិតត្រឹមខែកក្កដា ឆ្នាំ ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន CDC។
សេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ ២០២១ CDC បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤៥ គម្រោង ស្មើនឹងទុនវិនិយោគ ២,៨ ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មាន ៦៦ គម្រោង ស្មើនឹងទឹកប្រាក់ប្រមាណ ៣៤០ លានដុល្លារ។
កិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី ៣០ ខែសីហា មានការចូលរួមពីលោក សុក ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាប្រមាណ ១៣០ រូប។
កិច្ចប្រជុំនៃ «គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន» គឺជាផ្នែកមួយនៃយន្តការថែទាំការវិនិយោគដែលត្រូវបានរៀបចំឡើងតាំងពីឆ្នាំ ២០០៩ ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលបានចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កាលពីខែមិថុនា ឆ្នាំ ២០០៧។
លោក សុក ចិន្តាសោភា បានលើកឡើងក្នុងកិច្ចប្រជុំថា វិនិយោគិនជប៉ុន ជានិច្ចកាលតែងផ្តល់ទំនុកចិត្តខ្ពស់មកលើរដ្ឋាភិបាលកម្ពុជា ដែលនេះជាកត្តាលើកទឹកចិត្តពួកគេឱ្យចូលមកវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ និងមានគ្រប់វិស័យ។ លោកអះអាងថា ការវិនិយោគរបស់ជប៉ុន គឺជាចំណុចរបត់សំខាន់មួយសម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើពិពិធកម្មលើផលិតផលនាំចេញរបស់ខ្លួនទៅទីផ្សារអន្តរជាតិទាំងពេលបច្ចុប្បន្ន និងអនាគត។
លោកថ្លែងថា៖ «សកម្មភាពនៃការវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សស្របតាមការចង្អុលបង្ហាញនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ ដែលជាចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញឱ្យបានត្រឹមឆ្នាំ ២០២៥»។
ជាមួយគ្នានេះ លោក ចិន្តាសោភា ក៏បានបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA នឹងចាប់ផ្តើមការហោះហើរផ្ទាល់រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញនាពេលឆាប់ៗ។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Masahiro MIKAMI បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អលើគ្រប់ផ្នែករវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង ២។ ជាមួយគ្នានេះលោកក៏ថ្លែងអំណរគុណ CDC និងក្រសួងស្ថាប័នពាក់ព័ន្ធដែលតែងតែខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការសម្របសម្រួល និងផ្តល់ការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះបញ្ហាប្រឈម និងសំណូមពររបស់វិនិយោគិនជប៉ុន។
ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំលើកទី២២ មានដូចជា ប្រាក់ឈ្នួលគោលអប្បបរមា និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ, កាតព្វកិច្ចពន្ធដារ, ឡូជីស្ទិក, ការផ្គត់ផ្គង់ និងតម្លៃអគ្គិសនី, ការនាំចូលរថយន្ត, គម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស និងការរៀបចំសិក្ខាសាលាស្វែងយល់ពីរបៀបប្រើប្រាស់ប្រព័ន្ធទិន្នន័យស្តីពីសន្ធានកម្មខ្សែចង្វាក់ផ្គត់ផ្គង់។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៣១ ខែសីហា ថា បើទោះបីវិបត្តិការឆ្លងរាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យចំនួនទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយប្រទេសមួយចំនួនធ្លាក់ចុះ ប៉ុន្តែសម្រាប់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន នៅតែមានភាពល្អប្រសើរ។ លោកថ្លែងថា៖ «ជប៉ុនជាទីផ្សារសក្តានុពលសម្រាប់ផលិតផលពីប្រទេសកម្ពុជា»។
ទិន្នន័យពី Jetro បង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២១ ទំនិញដែលកម្ពុជានាំទៅជប៉ុនមានតម្លៃ ៨១៤,៥៣ លានដុល្លារ កើន ២,៧ ភាគរយបើធៀបនឹងឆមាសទី១ ឆ្នាំ ២០២០ និងទំនិញជប៉ុននាំមកកម្ពុជាមានតម្លៃ ២៩៥,២៣ លានដុល្លារ កើនឡើង ៣៥ ភាគរយ៕ LA