ភ្នំពេញៈ រដ្ឋាភិបាល​តាមរយៈ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អគរ​) នឹងដាក់​ដំណើរការ​នូវ​មុខងារ​គ្រប់គ្រង​ទូរស័ព្ទ​ចល័ត និង​ឧបករណ៍​ប្រើប្រាស់​ស៊ីមកាត​ផ្សេងទៀត​ក្នុង​គោលបំណង​ ដើម្បី​ពង្រឹង​ការប្រមូល​ចំណូល​ពន្ធអាករ​លើ​មុខទំនិញ​ប្រភេទ​ទូរស័ព្ទ​ចល័ត​នាំចូល​គ្រប់​ប្រភេទ ស្របពេល​ការប្រើប្រាស់​ឧបករណ៍​ទាំងនេះ​កំពុងមាន​ការកើនឡើង​ជា​គំហុក​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់ អគរ ស្តីពី​ការដាក់ឱ្យ​អនុវត្ត​មុខងារ​គ្រប់គ្រង​ទូរស័ព្ទ​ចល័ត និង​ឧបករណ៍​ប្រើប្រាស់​ស៊ីមកាត​ផ្សេងទៀត អគរ នឹង​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​ ១ ខែកញ្ញា ឆ្នាំ​ ២០២១ នេះ​តទៅ​។

សេចក្តី​ជូនដំណឹង​ឱ្យដឹងថា​៖ «​អគរ សូម​ជម្រាបជូន​សាធារណជន​ឱ្យ​បាន​ជ្រាបថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការប្រមូល​ចំណូល​ពន្ធអាករ លើ​ទំនិញ​ប្រភេទ​ទូរស័ព្ទ​ចល័ត​នាំចូល​គ្រប់​ប្រភេទ អគរ បាន​រៀបចំ​រួចរាល់​នូវ​មុខងារ​គ្រប់គ្រង​ទូរស័ព្ទ​ចល័ត និង​ឧបករណ៍ប្រើប្រាស់​ស៊ីមកាត​ផ្សេងទៀត​នៃ​ប្រព័ន្ធ​អេឡិចត្រូនិក​គយ ដែលមាន​មុខងារ​សំខាន់​ក្នុង​ការកត់ត្រា និង​គ្រប់គ្រង​លេខ​អត្តសញ្ញាណ​ឧបករណ៍​អន្តរជាតិ​ (IMEI) ​នៃ​ទូរស័ព្ទ​ចល័ត និង​ឧបករណ៍​ប្រើប្រាស់​ស៊ីមកាត​ផ្សេងទៀត ដែល​បាន​នាំចូល​ដោយ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​តាម​បទប្បញ្ញត្តិ​ជា​ធរមាន​»​។

បើតាម អគរ នីតិវិធី​លម្អិត​នៃ​ការអនុវត្ត​មុខងារ​នេះ​មាន​នៅក្នុង​ «​សៀវភៅ​មគ្គុទេ្ទស​ក៍មុខងារ​គ្រប់គ្រង​ទូរស័ព្ទ​ចល័ត និង​ឧបករណ៍ប្រើប្រាស់​ស៊ីមកាត​ផ្សេងៗ​ទៀត​» ​ដែល​អាច​រកបាន​លើ​គេហទំព័រ​ផ្លូវការ អគរ​។

លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួង​ទូរគមនាគមន៍ និង​ប្រៃសណីយ៍ កាលពី​ថ្ងៃទី​ ១៦ ខែមីនា បានឱ្យដឹងថា ចំនួន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​បាន​កើនឡើង​ដល់ ១៥,៥ ​លាន​នាក់​ដែល​រួមទាំង​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ចល័ត​ផងដែរ​។

ស្ថិតិ​ចុង​ក្រោយពី​និយតករ​ទូរគមនាគមន៍​កម្ពុជា​បង្ហាញថា ចំនួន​ការជាវ​ទូរស័ព្ទ​ចល័ត​ក្នុង​ប្រតិបត្តិករ​ទាំង ៦ នៅ​កម្ពុជា​មាន ២០ ៤៨១ ០៥១ ​គិត​ត្រឹម​ចុងខែ​ឧសភា ឆ្នាំ​ ២០២០ ធ្លាក់​ ០,០៨ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩​។

ជាមួយ​គ្នា​នេះដែរ ចំនួន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ខ្សែ និង​លើ​តុ​មាន​ចំនួន​ ៥២ ៤៨០ ប៉ុណ្ណោះ គិត​ត្រឹម​ចុងខែ​ឧសភា ធ្លាក់ចុះ​ ២១,៦២ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ចំនួន​អ្នក​ប្រើ​អ៊ីនធឺណិត​ចល័ត​នៅក្នុង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាំង ៧ ​របស់​កម្ពុជា​បាន​កត់ត្រា​ការធ្លាក់ចុះ ២,៣៦ ​ភាគរយ​មក​នៅត្រឹម ១៤ ៨៦៣ ៤៣៥​។ ចំណែក​អ្នក​ប្រើ​អ៊ីនធឺណិត​លើ​តុ​នៅក្នុង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាំង ៣៧ មាន ៣៣,០៧ ​ភាគរយ​កើន​ ២៤៩ ១៣២៕ LA

វីដេអូ៖