ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​នឹងដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន (Single Portal) ​ដំណាក់កាល​ទី​ ២ ជា​ផ្លូវការ នៅ​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ​ ២០២១ នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា កម្មវិធី​នេះ​នឹងធ្វើ​ក្រោម​អធិបតីភាព​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មាន​ការចូលរួម​ពី​ក្រសួងស្ថាប័ន សមាគម អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ ស្ថានទូត និង​គ្រឹះស្ថានសិក្សា​មួយចំនួនទៀត​។

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ក្នុងដំណាក់កាល​ទី​ ២ នេះ ប្រព័ន្ធ​នឹង​ពង្រីក​វិសាលភាព​ដល់​ការស្នើសុំ​អាជ្ញាប័ណ្ណ ឬ​លិខិត​អនុញ្ញាត​ផ្សេងៗ​តាម​អនឡាញ​ទៅតាម​សកម្មភាព​អាជីវកម្ម​ពី​ក្រសួង-ស្ថាប័ន​ជំនាញ​ដែលមាន​តួនាទី​ត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស​តាម​វិស័យ​។ ក្រសួង-ស្ថាប័ន ទាំង ៤ រួមមាន ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រសួង​ទេសចរណ៍ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​និយតករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវាកម្ម​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ដែល​ទើប​បង្កើត​កាលពីពេល​ថ្មីៗ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា​៖ «​នេះ​គឺជា​ការកែទម្រង់​មុត​ស្រួច ជា​កញ្ចប់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បានដាក់​ចេញ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន លើក​ទី​ ១៨ កាលពី​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ​ ២០១៩ កន្លងទៅ​»​។

លោក ឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការដាក់ឱ្យ​ដំណើរការ​ជំហាន​ទី​ ២ ​នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ និង​ផែនការ​ជាតិ​របស់​រាជរដ្ឋាភិបាល​(E-Government) ក៏ដូចជា​ឆ្លើយតប​នឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​អាស៊ាន ផងដែរ​។

លោក​បាន​បន្តថា ក្នុង​ជំហាន​ទី​ ២ នេះ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក៏បាន​ចូលរួម​ក្នុង​ប្រព័ន្ធ Single Portal នេះ​ដោយ​លោក​រំពឹងថា នឹងមាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

លោក​ប្រាប់ថា​៖ «​យើង​រំពឹងថា កម្មវិធី​មួយ​នេះ​នឹង​ជួយ​សម្របសម្រួល​ច្រើន​ដល់​បណ្តា​ធុរកិច្ច​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការចុះបញ្ជី​អាជីវកម្ម ដែល​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា ហើយ​យើង​ជឿថា ក្នុងដំណាក់កាល​ទី​ ២ ​នេះ​ក៏​នឹង​ទទួលបាន​ជោគជ័យ​ផងដែរ​»​។

រដ្ឋាភិបាល​កម្ពុជា​បានដាក់​ឱ្យ​ដំណើរការ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២០​។ ក្រសួង និង​ស្ថាប័នរដ្ឋ​ចំនួន​ ៦ បាន​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​នេះ​រួមមាន​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែមិថុនា ឆ្នាំ​ ២០២១ ដែលមាន​រយៈពេល​ ១ ​ឆ្នាំ បន្ទាប់ពី​ការចាប់ផ្តើម​ពាក្យស្នើសុំ​ចំនួន ៦ ១៦៤ ​ត្រូវបាន​អនុម័ត​ជាមួយនឹង​ទំហំ​ដើមទុន​សរុប​ចំនួន ២ ៦៣១ លាន​ដុល្លារ​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕ LA