ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ (Single Portal) ​ហើយ​ចាប់ពី​ថ្ងៃទី​ ១ ខែកញ្ញា​តទៅ​ដោយបាន​បញ្ចូល​ក្រសួង​ស្ថាប័ន​ចំនួន ៤ បន្ថែមទៀត ដើម្បី​ពង្រីក​វិសាលភាព​ផ្តល់​អាជ្ញាបណ្ណ​ដល់​វិស័យ​អាទិភាព​សម្រាប់​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុងអំឡុងពេល​វិបត្តិ​កូវីដ​ ១៩​។

ក្នុង​កម្មវិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដំណាក់កាល​ទី ២ ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ថ្ងៃ​ពុធ​នេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា ក្រសួង​-​ស្ថាប័ន​ទាំង ៤ រួមមាន ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​និយ័តករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវាកម្ម​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។

លោក​បាន​ថ្លែង​ទៀតថា ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ Single Portal ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​កែប្រែ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ក្នុងទិសដៅ​លើកកម្ពស់​ភាពប្រកួតប្រជែង​របស់​កម្ពុជា ជាពិសេស​ចូលរួមចំណែក​រក្សា​និរន្តរភាព​សេដ្ឋកិច្ច​ក្នុង​បរិការណ៍​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ការធ្វើ​ឌីជីថល​រូបនីយកម្ម​លើ​សេវាសាធារណៈ​។

លោក​បាន​លើកឡើងថា​៖ «​ការដាក់ឱ្យ​ដំណើរការ Single Portal ដំណាក់កាល​ទី​ ២ ​នេះ​បាន​បង្ហាញ​យ៉ាងច្បាស់​ថា ការកែទម្រង់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​បរិយាកាស​ធុរកិច្ច​ និង​វិនិយោគ​នៅ​កម្ពុជា​បានសម្រេច​នូវ​លទ្ធផល​ដូច​ការគ្រោងទុក​»​។

ក្នុងដំណាក់កាល​ទី​ ១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ Single Portal កាលពី​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដែលមាន ក្រសួង និង​ស្ថាប័ន​ចំនួន ៦ រួមមាន ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៕