ទីក្រុងស៊ីដនីៈ ទិន្នន័យ​បង្ហាញ​នៅ​ថ្ងៃ​ពុធ​នេះ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​អូស្ត្រាលី​រីក​លូតលាស់​ច្រើនជាង​ការព្យាករ​ក្នុង​ត្រីមាស​ទី​ ២ ដែល​បន្ធូរ​ក្តី​ព្រួយបារម្ភ​ថា ប្រទេស​នេះ​អាច​រងគ្រោះ​ការធ្លាក់ចុះ​ទ្វេដង ពេលដែល​អូស្ត្រាលី​ប្រយុទ្ធ​នឹង​រលក​ថ្មី​នៃ​ការឆ្លង​កូវីដ​ ១៩ ដោយសារ​មាន​សន្ទុះ​ឡើងវិញ​ចំពោះ​តម្រូវការ​ក្នុងស្រុក​។

ទោះបី​ជាង​យ៉ាងណា មាន​ក្តីបារម្ភ​ខ្លះៗ​ដែរ​ដែលថា​ប្រទេស​នេះ​នឹងរង​គ្រោះ​ធ្លាក់ចុះ​ក្នុងពេល​ថ្មីៗ​នេះ​ ដោយ​ទីក្រុង​សំខាន់​ពីរ​ជាប់គាំង​ក្នុង​ការបិទខ្ទប់​ដោយ​អាច​អាជ្ញាធរ​ប្រឹងប្រែង​ទប់ស្កាត់​ការផ្ទុះ​ជំងឺ​ចុងក្រោយ​។

ការិយាល័យ​ស្ថិតិ​អូស្ត្រាលី បាន​រាយការណ៍​កំណើន​សេដ្ឋកិច្ច​ចំនួន​ ០,៧ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ ២ (​មេសា-មិថុនា​) ពេលដែល​ការចំណាយ​តាម​គ្រួសារ​ និង​ការចំណាយ​របស់​រដ្ឋាភិបាល​ហក់​ឡើង​។

ប្រៀបធៀប​ជាមួយ​ពេលវេលា​ដូចគ្នា​កាលពី​ឆ្នាំមុន សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កើនឡើង​ ៩,៦ ​ភាគរយ​ដោយសារ​មូលដ្ឋាន​ប្រៀបធៀប​ទាប​ខ្លាំង​។

លោក Michael Smedes ប្រធាន​គណនេយ្យ​នៃ​ការិយាល័យ​ស្ថិតិ និយាយថា​៖ «​តម្រូវការ​ក្នុង​ស្រុក​បាន​ជំរុញ​កំណើន​ ០,៧ ​ភាគរយ​នៅ​ត្រីមាស​នោះ ដែល​មើលឃើញ​កំណើន​បន្ត​ជំរុញ​ការចំណាយ​តាម​គ្រួសារ ការវិនិយោគ​ឯកជន និង​ការចំណាយ​ពី​ផ្នែក​សាធារណៈ​»​។

ប៉ុន្តែ​តួលេខ​នេះ​មិនបាន​រាប់បញ្ចូល​ផលប៉ះពាល់​ពេញលេញ​នៃ​ការបិទខ្ទប់​ដែល​អូសបន្លាយ​ក្នុង​ទីក្រុង​ស៊ីដនី និង​ទីក្រុង​មែលប៊ន ព្រមទាំង​ផ្នែក​ដទៃទៀត​នៃ​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាង​ ២៥ ​លាន​នាក់​រស់នៅ​ក្រោម​ការបទបញ្ជា​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​។

ប្រទេស​អូស្ត្រាលី​បានទទួល​រងគ្រោះ​ពី​ការធ្លាក់ចុះ​លើកដំបូង​របស់ខ្លួន​ក្នុង​រយៈពេល​ជិត​ ៣ ​ទសវត្សរ៍ ប៉ុន្តែ​បាន​ងើប​ឡើងវិញ​ខ្លាំង​នៅ​ចុងក្រោយ ពេលដែល​ការផ្ទុះ​ឡើង​ស្ថិតនៅក្រោម​ការគ្រប់គ្រង ហើយ​បម្រាម​ទប់ស្កាត់​ដោយសារ​វីរុស​ត្រូវបាន​លើក​ចេញ​។

អាជ្ញាធរ​ពេលនេះ​យល់ស្រប​លើ​ផែនទី​បង្ហាញផ្លូវ​ឲ្យ​បើក​ប្រទេស​ឡើងវិញ ពេលដែល​ខ្លួន​បានសម្រេច​គោលដៅ​ចាក់​វ៉ាក់សាំង​ពី​ ៧០ ​ទៅ​ ៨០ ​ភាគរយ គឺ​នៅ​ប្រហែល​ចុងឆ្នាំ​នេះ ដែល​នឹង​ជំរុញ​សេដ្ឋកិច្ច​ជាថ្មីទៀត​។

ប៉ុន្តែ​ការមិនចុះសម្រុង​គ្នា​រវាង​អ្នកដឹកនាំ​នយោបាយ​ចំពោះ​វិធីសាស្ត្រ​អាច​រំខាន​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនោះ ជាមួយ​ក្តីបារម្ភ​ខ្លះ​អាច​រាំង​ស្ទុះ​ដល់​ការដកចេញ​ការរិតត្បិត​នៅ​ទូទាំងប្រទេស​៕ RR