ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងពាណិជ្ជកម្ម បាន​ប្តេជ្ញា​នឹង​ជំរុញ​ការលក់​ផលិតផល​ខ្មែរ​ដែលមាន​សក្តានុពល​នៅក្នុង និង​ក្រៅប្រទេស​ឱ្យបាន​ច្រើន ពិសេស​ក្នុង​បរិបទ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១ នៃ​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ជំរុញ​ការលក់​ផលិតផល​ខ្មែរ​នៅក្នុង​ប្រទេស និង​នាំចេញ​ក្រៅប្រទេស កាលពី​ថ្ងៃទី​ ៣០ ខែសីហា បានលើកឡើង​ពី​ការខិតខំ​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុង​កិច្ចការ​ជំរុញ​ចរាចរណ៍​ផលិត​សក្តានុពល​របស់​កម្ពុជា​ទាំង​លើ​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​ក្រៅប្រទេស នាពេល​កន្លងមក តាមរយៈ​ការដាក់ចេញ និង​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជាច្រើន​។

លោក​បាន​ឱ្យដឹងទៀតថា ក្រសួង​បាននិង​កំពុង​បន្ត​លើកកម្ពស់​ភាពប្រកួតប្រជែង​តាមរយៈ​ការកសាង​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ដែល​ក្នុងនោះ​មានច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេទ្បិចត្រូនិក ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​ជាដើម ហើយក៏​បានធ្វើ​កំណែទម្រង់​ស្ថាប័ន​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ និង​ការបង្កើត​ក្រុមការងារ​ជា​សសរស្តម្ភ​ស្ថិតក្រោម​ក្រសួងពាណិជ្ជកម្ម​។

លោក​បន្ថែមថា ជាមួយ​គ្នា​នេះ​ក្រសួង​ក៏បាន​ដាក់​ដំណើរការ​គម្រោង​ឌីជីថល Go4Cam និង CambodiaTrade.com ដើម្បី​តភ្ជាប់​ទៅ​សហគ្រាស​មីក្រូ តូច និង​មធ្យម​។ ពិសេស​ការចរចា​បង្កើត​ទីផ្សារ​បន្ថែម​តាមរយៈ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​តំបន់​ដូចជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​គ្រប់ជ្រុងជ្រោយ​តំបន់ (RCEP) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន (CCFTA) កម្ពុជា-កូរ៉េ​ (CKFTA) និង​អាច​ឈានដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​មួយចំនួនទៀត​។ លើសពីនេះ ក្រសួង​ក៏បាន​បន្ត​អនុវត្ត​យុទ្ធនាការ​លើកស្ទួយ​ផលិតផល​ជាតិ​តាមរយៈ​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ (​តាម​អនឡាញ​) ដើម្បី​ជំរុញ​ផលិតផល​ជាតិ​ក្នុង​អំទ្បុង​ពេល​បិទខ្ទប់​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការបន្ត​អនុវត្ត​យន្តការ​ខាងលើ ក្រសួង​ពាណិជ្ជកម្ម​បាន​បង្កើត​ក្រុមការងារ​នេះ​ឡើង ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យ​កាន់តែ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ជំរុញ​ការលក់​ផលិតផល​ខ្មែរ​ទាំង​លើ​ទីផ្សារ​ក្នុងស្រុក និង​ការនាំ​ចេញទៅ​ក្រៅប្រទេស​ឱ្យបាន​កាន់តែ​ទូលំទូលាយ​»​។

ក្រុមការងារ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ជំរុញ​ការលក់​ផលិតផល​ខ្មែរ​នៅក្នុង​ប្រទេស និង​នាំចេញ បង្កើតឡើង​ក្នុង​គោលបំណង​ចម្បង​ជួយ​ប្រជាកសិករ​ក្នុងការ​ដាក់លក់​ផលិតផល​នៅលើ​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​ទៅ​ក្រៅប្រទេស និង​ជួយ​ដល់​អ្នកប្រើប្រាស់​សំដៅ​ធ្វើយ៉ាងណា​ឱ្យទទួល​បាន​ទំនិញ​ប្រកបដោយ​គុណភាព និង​ក្នុងតម្លៃ​កាន់តែ​ប្រសើរ ព្រមទាំង​ជួយ​ដល់​ក្រុមហ៊ុន​ធុរកិច្ច និង​អាជីវកម្ម​នានា ដើម្បី​អាចធ្វើ​ពាណិជ្ជកម្ម​បាន​យ៉ាង​រលូន និង​មាន​ភាពប្រកួតប្រជែង អនុលោម​តាមច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​កត់សម្គាល់ថា រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាននិង​កំពុង​អនុវត្ត​ការគាំទ្រ និង​ជំរុញ​ការនាំចេញ​ផលិតផល​ក្នុង​ស្រុក​ទៅ​ទីផ្សារ​អន្តរជាតិ ពិសេស​ផលិតផល​កសិកម្ម​។

លោក​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​ខ្មែរ​នេះ វិស័យ​ឯកជន​ត្រូវការ​ចាំបាច់​ក្នុង​ការសហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជួយ​សម្រួល​បែបបទ បច្ចេកទេស​វេចខ្ចប់​ធ្វើយ៉ាងណា​ឱ្យ​កាន់តែ​ល្អប្រសើរ​អាច​ប្រកួតប្រជែង​បាន និង​កុំឱ្យ​មានការ​រាំងស្ទះ​ដល់​វិស័យ​ឯកជន ដែល​នេះ​ជា​កិច្ចការ​មួយចំនួន​ដែល​រដ្ឋាភិបាល​តែង​ជួយ​កន្លងមក​»​។

លោក​បន្ថែមថា សភាពាណិជ្ជកម្ម​ដែល​តំណាងឱ្យ​វិស័យ​ឯកជន​ក៏បាន​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការជួយ​លើកស្ទួយ​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅ​ក្រៅប្រទេស​ផងដែរ​។

លោក​ប្រាប់ថា​៖ «​យើង​បាន​ចូលរួម​ផ្តល់​ធាតុ​ចូល​ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ក្នុង​វេទិកា​រវាង​វិស័យ​ឯកជន-រដ្ឋ​ដែល​បាន​សម្រួល​ដល់​ការធ្វើ​បែបបទ និង​លិខិត​សាធារណៈ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការនាំចេញ-នាំចូល​ទំនិញ ពិសេស​ផ្នែក​ពន្ធដារ និង​ផ្នែក​ពន្ធគយ ហើយ​យើង​នៅតែ​បន្ត​ជំរុញ​ការទាក់ទាញ​វិនិយោគិន​បន្ថែមទៀត​មក​វិនិយោគ​នៅ​កម្ពុជា​»​។

លោក​រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បាន​អះអាងថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​លើ​កិច្ចការ​នេះ លោក​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​រៀបចំ​កំណត់​ទិសដៅ​សម្រាប់​ការអនុវត្ត ដែល​រួមមាន ក្រុមការងារ​តាម​វិស័យ​នីមួយៗ​ត្រូវ​បន្ត​សហការ និង​គាំទ្រ​គ្នា​ដើម្បី​អាចឱ្យ​ការងារ​កាន់តែ​មាន​ភាពប្រទាក់ក្រឡា និង​បំពេញបន្ថែម​គ្នា​ទៅវិញទៅមក​៕ LA