ទីក្រុងស្តុកខុមៈ ក្រុមហ៊ុន​អាកាសចរណ៍​ «SAS » របស់​ប្រទេស​ស៊ុយអ៊ែត​ និង​ដាណឺម៉ាក បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ខ្លួន​មើលឃើញ​សញ្ញា​រើប​ឡើងវិញ​ប្រកប​ដោយ​លើកទឹកចិត្ត​នៃ​ការធ្វើដំណើរ​កើនឡើង​ដែល​ក្រុមហ៊ុន​នេះ​នៅតែ​ប្រឈមមុខ​នឹង​ការបោក​បក់​ពី​ជំងឺ​រាតត្បាត​សកល ខណៈ​ដែល​ខ្លួន​បាន​រាយការណ៍​ពី​ការខាតបង់​សុទ្ធ​ដែល​តូច​ជាង​មុន​។

ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវអាកាស​នេះ​បាន​រាយការណ៍​ពី​ការខាតបង់​សុទ្ធ​ចំនួន​ ១,៣៦ ​ពាន់​លាន​ក្រូន័រ​ស៊ុយអ៊ែត (១៥៧ ​លាន​ដុល្លារ​ ឬ​ក៏​ ១៣៣ ​លាន​អឺរ៉ូ​)​ រយៈពេល​បី​ខែ (​គឺ​ខែឧសភា មិថុនា​និង​កក្កដា​) ដែល​ធ្លាក់ចុះ​ការខាតបង់​សុទ្ធ​ចំនួន​ ២,៣៧ ​ពាន់​លាន​ក្រូន័រ​ក្នុង​រយៈពេល​ដូចគ្នា​នៃ​មួយ​ឆ្នាំមុន​។

លោក Anko van der Werff នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នេះ ដែល​ចូលកាន់​តួនាទី​ក្នុង​ខែកក្កដា​បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖ «​យើង​កត់សម្គាល់ឃើញ​សញ្ញា​ប្រកប​ដោយ​ការលើកទឹកចិត្ត​អំឡុងពេល​រដូវក្តៅ ជាមួយ​តម្រូវ​ការកើនឡើង​យឺតៗ​»​។

លោក van der Werff បន្ថែមថា​៖ «​អត្រា​ចាក់​វ៉ាក់សាំង​ក៏កំពុង​កើនឡើង ប៉ុន្តែ​ភាពប្រឈម​សំខាន់ៗ​នៅតែមាន​នៅខាងមុខ ពេល​ដែល​ករណី​ឆ្លង​ថ្មីៗ​នៃ​វីរុស​បំប្លែង​ថ្មី Delta កំពុង​កើន​ខ្ពស់ និង​រារាំង​ផ្លូវ​រីកចម្រើន​» ដោយ​លោក​កត់សម្គាល់ថា​៖ «​ការរឹតត្បិត​ការធ្វើដំណើរ​ដែល​បាន​ដាក់ចេញ​នៅតែ​មាន​ជា​ធរមាន​នៅឡើយ​»​។

ប្រាក់ចំណូល​កើនឡើង​ ៣,៩៨ ​ពាន់​លាន​ក្រូន័រ​ពី​ ២,៥ ​ពាន់​លាន​កាលពី​ឆ្នាំមុន​ដែល​កើនឡើង​ដោយ​តម្រូវ​ការកើនឡើង ប៉ុន្តែ​ក្រុមហ៊ុន​បាន​កត់សម្គាល់ថា តួលេខ​នេះ​នៅតែ​ស្ថិតក្រោម​ ៧០ ​ភាគរយ​ធៀប​ត្រីមាស​ដូចគ្នា​កាល​ឆ្នាំ​ ២០១៩ ដែល​មិនទាន់មាន​ផលប៉ះពាល់​ដោយសារ​កូវីដ​ ១៩​។

បន្ទាប់ពី​កាត់ចោល​ការងារ​ ៥០០០​ កន្លែង​កាលពី​ឆ្នាំមុន ដែល​តំណាង​ ៤០ ​ភាគរយ​នៃ​កម្លាំង​ការងារ​សរុប ក្រុមហ៊ុន​អាកាសចរណ៍ SAS បានប្រកាស​ក្នុង​ខែឧសភា​ឆ្នាំនេះ​អំពី​ការផ្តល់​ឥណទាន​បន្ថែម​ចំនួន​ ៣ ​ពាន់​លាន​ក្រូន័រ​ពី​រដ្ឋាភិបាល​ដានើម៉ាក និង​ស៊ុយអ៊ែត ដែលជា​ភាគហ៊ុនិក​ធំ​របស់ខ្លួន​ ដើម្បី​ហែល​ឆ្លង​វិបត្តិ​។

ដោយ​សម្លឹងមើល​ទៅមុខ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​និយាយថា «​ការរីករាលដាល​កូវីដ​កំពុង​បន្ត ជាមួយ​ដំណើរ​មិន​ច្បាស់លាស់​របស់ខ្លួន ធ្វើឲ្យ​ក្រុមហ៊ុន​ពិបាក​ ដើម្បី​ផ្តល់នូវ​ការណែនាំ​លើ​សកម្មភាព​ហិរញ្ញវត្ថុ​សម្រាប់​ពេលវេលា​នៅ​សេសសល់​សម្រាប់​ឆ្នាំនេះ​»៕ RR